ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត ៖ សម្រេច​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​​ឆ្លងកាត់​ស្ពាន​ព្រែក​គៀន​ជ្រៃ​នោះ​​ទេ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ស្ពាន​បេតុង​​ព្រែក​គៀន​ជ្រៃ នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម មាន​សភាព​ទ្រុឌ​ទ្រម​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​នោះ ពេល​នេះ​ត្រូវ​បាន​អ​ជ្ញា​ធរ​សម្រេច​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ នា​ព្រឹក​ថ្ងៃ​ទី​31 ខែតុលា…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ស្ពាន​បេតុង​​ព្រែក​គៀន​ជ្រៃ នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម មាន​សភាព​ទ្រុឌ​ទ្រម​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​នោះ ពេល​នេះ​ត្រូវ​បាន​អ​ជ្ញា​ធរ​សម្រេច​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ នា​ព្រឹក​ថ្ងៃ​ទី​31 ខែតុលា ឆ្នាំ​2019​នេះ ព្រោះតែ​ខ្លាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​អាយុជីវិត​មនុស្ស​។

បើ​តាម​លោក​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ដោយ​យោង​តាម​ក្រុមបច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ចុះ​មក​ពិនិត្យ​ស្ពាន​ព្រែក​គៀន​ជ្រៃ​ដោយ​ផ្ទាល់​នា​ម្សិលមិញ​ថ្ងៃ​ទី​30 តុលា​នោះ ឃើញ​ថា តុង​ផ្នែក​ខាងលើ​នៃ​តួ​ស្ពាន​ត្រូវ​គម្លាត​ពី​គ្នា​6​សង់ទីម៉ែត្រ ហើយ​គ្រឹះ​សសរស្ពាន​ផ្នែក​ខាងក្រោម ត្រូវ​ទឹក​ហូរ​ច្រោះ​ស្ទើរតែ​ដាច់ ។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ រូប​លោក រួម​ជាមួយ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក៏​ប្រញាប់​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​31 តុលា និង​បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​សម្រេច​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​បន្ត​ទៀត​ទេ​។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​បញ្ចៀស​នូវ​ការ​កកស្ទះ រូប​លោក​សូម​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​កង់ ម៉ូតូ និង​ថ្មើរជើង ត្រូវ​ឆ្លង​ស្ពានឈើ​នៅ​ក្នុង​បរិវេណ​វត្ត​កៀន​ជ្រៃ​ក្នុង​វិញ សូម​ឱ្យ​មានការ​យោគយល់ និង​អត់ធ្មត់​។ ជាមួយ​នោះ ក្រុមបច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​ចុះ​មក​សិក្សា​ដើម្បី​រៀបចំ​សាងសង់​ស្ពានបេតុង​ថ្មី​ជំនួស​វិញ ដែល​មាន​ទទឹង​ទំហំ 10 ម៉ែត្រ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​។

លោក​បាន​ទៀត​ថា គ្រោះ​ធម្មជាតិ​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំ​2019​នេះ បាន​ឡើង​រហ័ស ហើយ​ស្រក​ក៏​រហ័ស​ជាមួយ​នោះ ស្រុក​ដែល​នៅ​ជាប់​ដង​ទន្លេមេគង្គ​ដែល​រង​គ្រោះ​ជាងគេ គឺ​ស្រុក​កំពង់សៀម​នេះឯង​។ សម្រាប់​មធ្យោបាយ​រថយន្ត​តូច​-​ធំ​មិន​អាច​បើក​កាត់​ស្ពាន​គៀន​ជ្រៃ​នេះ​បន្ត​ទៀត​បាន​ទេ ត្រូវធ្វើ​ដំណើរ​ដោយ​ជិះ​វាង​ទៅ​តាម​ផ្លូវ​ស្រក ហើយ​ឡើង​មក​តាម​ជើងភ្នំ​ហាន់ជ័យ ដើម្បី​ឆ្ពោះទៅ​កាន់​ស្រុក​ស្ទឹង​ត្រង់​។

បើ​តាម​អ្នកស្រី អ៊ា ចាន់​ថុ​ល មេឃុំ​គៀន​ជ្រៃ​វិញ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្ដាប់​ប្រសាសន៍​ណែនាំ​របស់​លោក​អភិបាលខេត្ត ក៏​ដូច​ជា​លោក​អភិបាលស្រុក​កំពង់សៀម និង​រៀបចំ​ដោយ​ប្រើ​ដែក​ស័ង្កសី​ផ្សារ​បិទ​នៅ​ក្បាលស្ពាន​ទាំង​សងខាង​មិន​ឱ្យ​អ្នកដំណើរ​ថ្មើរជើង ម៉ូតូ និង​រថយន្ត​តូច​-​ធំ​ឆ្លងកាត់​បន្ត​ទៀត​នោះ​ទេ​។

អ្នកស្រី​ក៏​លើក​ឡើង​ទៀត​ថា យោង​តាម​ក្រុមបច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​វាយ​តម្លៃ​ថា ស្ពានបេតុង​គៀន​ជ្រៃ​នេះ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​គ្រឹះ​សសរ​ផ្នែក​ខាងក្រោម​ជា​ខ្លាំង​មាន​ន័យ​ថា សសរស្ពាន ទ្រ​តួ​ស្ពាន​ស្ទើរ​មិនកើត​នោះ​ទេ ហើយ​វា​អាច​នឹង​បាក់ ឬ​ស្រុត​នៅ​ពេល​ណា​មួយ ដោយ​មិន​ប្រាប់​ឲ្យ​យើង​ដឹង​មុន​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​អ្នក​ភូមិ​គៀន​ជ្រៃ និង​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត គ្រោះថ្នាក់ ដូច្នេះ​ត្រូវ​តែ​បិទ​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​ស្ពាន​នេះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ