ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ប៉ូលិស​ស័ក្តិ​៤​​វាយ​ប្រពន្ធ​រហូត​រលូត​កូន មិន​ទាន់​បញ្ជូន​ទៅ​តុលាការ​ទេ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ថ្លែងប្រាប់​អោយ​ដឹង​ថា…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ថ្លែងប្រាប់​អោយ​ដឹង​ថា សំណុំរឿង​លោក​ស័ក្តិ​៣ ជិន ជឿន ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ជាប់​ពាក់ព័ន្ធ​ករណី​វាយ​ប្រពន្ធ​មិន​ទាន់​រៀប​ការ​រហូត​រលូត​កូន​អាយុ​៤​ខែ មិន​ទាន់​ឃើញ​បញ្ជូន​មក​កាន់​តុលាការ​នៅឡើយ​ទេ តែ​លោក ទិន សុចិ​ត្រា ក៏​បាន​អះអាង​ថា សមត្ថកិច្ច​កំពុង​ចាត់ការ​សំណុំរឿង​នេះ​ហើយ ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​រួចរាល់​ហើយ រហូត​មក​ទល់​ពេល​នេះ លោក​ស័ក្តិ​៣ ជិន ជឿន​ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កំពុង​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ។ ចំណែក​មហាជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ខេត្តកណ្តាល តើ​អាច​ចាត់ការ​តាម​ផ្លូវច្បាប់ ដោយ​ឈរ​លើ​ភាព​យុត្តិធម៌​ចំពោះ​ករណី​មន្ត្រី​ប៉ូលិស​ម្នាក់​នេះ​ដែល​ប្រព្រឹត្ត​ខុស​ដែរ​ឬទេ?

ទោះបី​យ៉ាងណា ក៏​ពុំ​ទាន់​សុំ​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក​រស់ សា​វិ​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ កន្លង​មក​លោក​ប៉ូលិស​ស័ក្តិ​៣ ជិន ជឿន ធ្លាប់​ចេញ​វី​ដេ​អូ​ឃ្លី​ប​បដិសេធ​ថា មិន​បាន​វាយ​ស្ត្រី​រង​គ្រោះ​រហូត​រលូត​កូន​នោះ​ទេ ពោល​គឺ ស្ត្រី​រង​គ្រោះ​ដួល​ដោយ​ខ្លួនឯង ។

សូម​បញ្ជាក់​ថា រឿងរ៉ាវ​របស់​លោក ជិន ជឿន ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល ផ្នែក​បុគ្គលិក កំពុង​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍ ព្រោះតែ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​មិន​ទាន់​រៀប​ការ​រហូត​រលូត​កូន​អាយុ​៤​ខែ ដែល​នាំ​អោយ​មហាជន​ខឹងសម្បារ​ជំនួស​យ៉ាង​ខ្លាំង ។ រឿងរ៉ាវ​បាន​ទម្លាយ​បន្ថែម​ទៀត​គឺ លោក ជិន ជឿន ធ្លាប់​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​មាន​បណ្តឹង​ចូល​ស្នងការ​នគរបាល​ខេត្តកណ្តាល​ថែម​ទៀត​ផង ។

យោង​តាម​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ គឺ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ អាយុ​២៧​ឆ្នាំ ធ្លាប់​បាន​ប្តឹង​លោក ជិន ជឿន ពី​បទ​ប្រើ​អំពើ​ហិង្សា​ផង​ដែរ ។ ដោយឡែក ថ្មី​ៗ​នេះ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ថ្មី​មួយទៀត​ទៅ​កាន់​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ដើម្បី​សុំ​អោយ​ជួយ​រក​យុត្តិធម៌​លើ​ករណី​ប្តី​មិន​ទាន់​រៀប​ការ​ជា​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ។

យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីល​នៅ​បច្ចុប្បន្ន​ភូមិ​សុ​កុំ​ផ្ញើ​ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្តឹង​ឈ្មោះ ជិន ជឿន ភេទ​ប្រុស ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល ផ្នែក​បុគ្គលិក មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ ។

តាម​ប្រភព​ពី​នារី​រង​គ្រោះ​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ឈ្មោះ ជិន ជឿន ដែល​ជា​ប្ដី​រស់នៅ​ដំបូលផ្ទះ​តែ​មួយ ដោយ​មិន​ទាន់​រៀប​ការ បាន​ប៉ុនប៉ង​ធ្វើ​ឃាត និង​ប្រើ​អំពើ​ហិង្សា​មក​លើ​នាង បណ្តាល​ឲ្យ​រលូត​កូន​នៅ​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ​៤​ខែ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ នារី​រង​គ្រោះ​ស្នើ​សុំ​លោកស្នងការ​នគរបាល​ខេត្តកណ្តាល​មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕ (​កែ​(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ