ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក.ងល្បី​​រន្ទឺ​ឈ្មោះ«​ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ»ចុះលេងទឹកហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «ទូក.ង ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ» ត្រូវ​បាន​ធ្វើ​ពិធីសូត្រមន្ត ក្រុង​ពាលី មុន​ឈាន​ដល់​ការ​បញ្ចុះ​ទៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់ ​នា​​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា…

ខេត្តកំពង់ឆ្នាំង ៖ «ទូក.ង ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ» ត្រូវ​បាន​ធ្វើ​ពិធីសូត្រមន្ត ក្រុង​ពាលី មុន​ឈាន​ដល់​ការ​បញ្ចុះ​ទៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់ ​នា​​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នេះ​។​ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ឃុំ​ផ្សារ ស្រុក​បរិបូណ៌​បាន​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមកីឡាករ​ទូកង​ ដែល​មានឈ្មោះ​ល្បី​រន្ទឺ​មួយ​នេះ​ផង​ដែរ ។

លោក អ៊ុំ ចាន់​ថន ក្រុមប្រឹក្សា ឃុំ​ផ្សារ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា ​ទូកង​​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​ដោយ សារ​តែ​ការ​ប្រណាំង​មិន​ដែល​ចាញ់ បាន​ធ្វើ​ពិធីសូត្រមន្ត ក្រុង​ពាលី ចុះ​ទឹក​ហើយ​នៅ​ព្រឹក​នេះ ដោយ​បាន​ដង្ហែ​ចេញពី​វត្ត​វិហារ​ហ្លួង ហៅ​វត្ត​ផ្សារ ស្ថិត​ក្នុងភូមិ​ផ្សារ​ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ហើយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ សំដៅ​ទៅ​ផ្សារ​ពន្លៃ មុខ​សាលាស្រុក​បរិបូរ​ណ៌ រួច​បន្ទាប់​មក​បន្តដំណើរ ដង្ហែ​ចុះ​ទៅ​ក្នុង​មាត់​កំពង់ទឹក​ឆ្នុកទ្រូ ដើម្បី​ដាក់​ចូល​ទៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​ក្រុម​កីឡាករ​បាន​ហ្វឹកហាត់ មុន​នឹង​ឈាន​ចូល​ទៅ​ដល់​ការ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ក្នុង​ពិធី​អំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ក្នុង​ពេល​ខាង​មុខ​នេះ ។

លោក​បាន​បញ្ជាក់​ថា​ អ្វី​ដែល​ចោទ​ជា​សំខាន់​នោះ បច្ចុប្បន្ន​ក្រុមកីឡា​ទូក​មួយ​នេះ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ហ្វឹកហាត់ និង​ថវិកាសម្រាប់​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​នោះ​ទេ​។ ហេតុនេះ​ហើយ​ក្នុង​នាម​លោក​ជា​ក្រុមប្រឹក្សា ឃុំ​ផ្សារ ជំនួស​មុខ​ឲ្យ​ក្រុម​កីឡាករ សូម​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ទូកង​ឈ្មោះ​ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ​នេះ​ផង ។

គួរ​រំលឹក​ដែរ​ថា​ ទូក.ង​ឈ្មោះ «​ព្រះ​ទីនាំង​សារាយអណ្តែត ចង្ហាន់​ហុយ​» គឺជា​ទូកង​​មួយ​ក្នុង​ចំណោម​ទូក​ជា​ច្រើន​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ធ្លាប់​ទទួល​ជ័យ​ជំនះ​លេខ​១ ​ទាំង​ល្បឿន​ និង​សោ​ភ័​ណ្ឌ​ភាព មិន​ដែល​ចាញ់​ម្ដងណា​ឡើយ ។ ទូក​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​វិហារ​ហ្លួង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ មាន​ប្រវែង ២៩,៣០​ម៉ែត្រ មាន​ចំណុះ​ជើងចែវ​៤៨​នាក់ បូក​រួម​អ្នក​រាំ​ក្បាលទូក និង​អ្នក​បាចទឹក​ផង មាន​សរុប​ចំនួន​៥០​នាក់ ។

សូម​បញ្ជាក់​ដែរ​ថា​ តាម​រយៈ​លោក​យុ​ទ្ឋ វុ​ទ្ធី​ ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​ក៏​បាន​អំពាវនាវ​ដល់​ពលករ​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ប្រាក់​ចំនួន​៥២​ម៉ឺន​វ៉ុ​ន ស្មើនឹង​ជាង៤០០ដុល្លារ ក៏​បាន​ប្រគល់​ជូន​គណៈកម្មការ​ទូកង​ឈ្មោះ​ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ក្រុង​ពាលី​បញ្ចុះ​ទូក​នោះ​ចូល​ក្នុង​ទន្លេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ