ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​លក្ខណៈ​ហាត់ប្រាណ​រីក​ដុះដាល​ខណៈ​យុវជន​សម័យ​ទំនើប​ចំណាយ​ប្រាក់​មួយ​ផ្នែក​ដើម្បី​ចូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ហាត់ប្រាណ​របស់​ក្រុម​យុវជន​សម័យ​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​ផ្លាស់​ប្តូរ​ពី​ការ​លេង​បាល់ទះ​បាល់ទាត់ មក​ជា​ការ​ហាប់​ប្រាណ​ក្នុង​ក្លឹ​ប ដែល​ភាសា​អង់គ្លេស​គេ​ហៅ​ថា GYM ។ បើ​និយាយ​ពាក្យ​ថា GYM…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ហាត់ប្រាណ​របស់​ក្រុម​យុវជន​សម័យ​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​ផ្លាស់​ប្តូរ​ពី​ការ​លេង​បាល់ទះ​បាល់ទាត់ មក​ជា​ការ​ហាប់​ប្រាណ​ក្នុង​ក្លឹ​ប ដែល​ភាសា​អង់គ្លេស​គេ​ហៅ​ថា GYM ។ បើ​និយាយ​ពាក្យ​ថា GYM គឺ​គេ​សំដៅ​ទៅ​លើ​ការ​លើក​ដុំ​ដែក​ដើម្បី​យក​សាច់ដុំ​ធំ​ៗ និង​រាង​ស្អាត ហើយ​កាលពីមុន​គឺ​មាន​តែ​បុរស​ទេ ដែល​ចូល​ចិត្ត​លើក​ដុំ​ដែក​នេះ ឬ​ចូល​ទៅ​កន្លែង GYM តែ​បច្ចុប្បន្ន​មាន​ទាំង​នារី និង​បុរី កន្លែង​ខ្លះ​មាន​ទាំង​មនុស្ស​វ័យ​ចំណាស់​ក៏​ចូល​ទៅ​កន្លែង​នោះ​ដែរ ។

យោង​តាម​ការ​សម្ភាសន៍​ក្រុម​យុវជន​ដែល​ចូល​ទៅ​កន្លែង​ហាត់ប្រាណ​នោះ​បានអោយ​ដឹង​ថា ជា​មធ្យម​ពួក​គេ ត្រូវ​ចំណាយ​ប្រមាណ​២០​ម៉ឺន​រៀល ទៅ​លើ​សេវា​ហាត់ប្រាណ​នេះ​សម្រាប់​កន្លែង​មធ្យម ក៏​ប៉ុន្តែ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ គេ​ចូល​កន្លែង​ដែល​ថ្លៃ​ជាង​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ តម្លៃ ៥​ដុល្លារ ក៏​ប៉ុន្តែ​គេ​មាន​សេវា​ច្រើន​សម្រាប់​ផ្ដល់​ជូន ដូច​ជា​អាង​ហែល​ទឹក កន្លែង​ស្ទី​ម សោ​ណា និង​លើក​ដុំ​ដែក​ជាដើម ។

បើ​តាម​យុវជន​ម្នាក់​ឈ្មោះ​ថា សាន ពិសី អ្នក​អាជីវករ​ម្នាក់ ហើយ​តែងតែ​ចូល​ហាត់ប្រាន ក្នុង​ក្លឹ​ប​ហាត់ប្រាណ​ពេល​ល្ងាច​បាន​និយាយ​ថា លោក​តែង​ចំណាយពេល​ពេល​ល្ងាច​ក្នុង​មួ​យស​ប្ដា​ហ៍​៤​ទៅ​៥​ដង ដើម្បី​ហាត់ប្រាណ​ដោយ​មាន​គោលបំណង​៣ រួម​មាន​ទី​១ ដើម្បី​សុខភាព ព្រោះ​ពេល​ហាត់ប្រាណ​រួច​ហើយ មាន​អារម្មណ៍​ថា​ស្រស់ស្រាយ ដោយ​បាន​បែកញើស និង​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​បាន​ខ្លះ​ៗ ទី​២ ដើម្បី​បង្កើន​មិត្តភាព​ជាមួយ​អ្នក​ដែល​មក​ហាត់ប្រាណ​ក្នុង​ក្លឹ​ប​ជាមួយ​គ្នា និង​មួយទៀត គឺ​ដើម្បី​បាន​រាង​ស្អាត ព្រោះ​នៅ​ពេល​ដែល​បាន​រាង​ស្អាត ទោះ​ស្លៀកពាក់​អ្វី​ក៏​សម ខុស​ពី​អ្នក​ដែល​មាន​ក្បាល​ពោះធំ​ៗ ។​លោក​ថា​៖« នៅ​ពេល​ដែល​យើង​មាន​រាង​ស្អាត មាន​សាច់ដុំ​ធំ​ៗ ក៏​ជា​ការ​ទាក់ទាញ​មួយ​ផង​ដែរ សម្រាប់​អ្នក​ដទៃ មិន​ថា​ប្រុស​ឬ​ក៏​ស្រី » ។

លោក​បន្ត​ថា ជា​មធ្យម​លោក​ត្រូវ​ចំណាយ​ទៅ​លើ​កន្លែង​ហាត់ប្រាណ​ប្រមាណ​៥០០០​រៀល​ទៅ​៨០០០​រៀល ព្រោះ​ថ្លៃ​ហាត់ប្រាណ​មាន​ប្រមាណ​៥០០០​រៀល​ទៅ​ហើយ ហើយ​នៅ​ថ្លៃ​ភេសជ្ជៈ​ផ្សេង​ទៀត ដូច​ជា​ទឹក​សុទ្ធ​ឬ​ភេសជ្ជៈ​បំបាត់​ការ​ស្រេកទឹក​ផ្សេង​ទៀត ដែល​ត្រូវ​ញ៉ាំ​ក្នុង​ពេល​ហាត់ប្រាណ ឬ​ក៏​ក្រោយ​ហាត់ប្រាណ ។ តម្លៃ​នេះ មិន​ថ្លៃ​ណាស់ណា​ទេ ហើយ​អាច​ទទួលយក​បាន សម្រាប់​អ្នកមាន​ចំណូល​មធ្យម ឬ​ក៏​ក្រោម​មធ្យម តែ​សម្រាប់​អ្នកមាន គេ​អាច​ទៅ​រក​សេវា​ណា​ដែល​ថ្លៃ​ជាង​នេះ និង​មាន​គ្រូ​ណែនាំ ក្នុង​ពេល​ហាត់​ផង​ដែរ ។

លោក​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​លោក​ចូល​ហាត់ប្រាណ ( GYM ) មាន​ពាក្យ​ជា​ច្រើន​គេ​ថា​លោក​ចាប់ផ្ដើម​ស្រលាញ់​ភេទ​ដូច​គ្នា ក៏​ប៉ុន្តែ​រយៈពេល​២​ឆ្នាំ​ហើយ លោក​មិន​មាន​អារម្មណ៍​ប្រែប្រួល​ទៅ​លើ​ភេទ​ដូច​គ្នា​នោះ​ទេ ។ លោក​នៅ​តែ​មាន​អារម្មណ៍ និង​មនោសញ្ចេតនា​ជាមួយ​មនុស្ស​ស្រី ពោល​គឺ​នៅ​តែ​ស្រលាញ់​មនុស្ស​ស្រី ព្រោះ​មនុស្ស​ប្រុស​មួយ​ចំនួន ហាត់ប្រាណ​ដើម្បី​បាន​រាង​ស្អាត សាច់ដុំ​ធំ ក៏​ដើម្បី​ភាព​ទាក់ទាញ​មនុស្ស​ស្រី​ដែរ ។

បើតាម យាន ពិសិដ្ឋ ដែលបានហាត់ប្រាណ៣ឆ្នាំមកហើយ បានអោយដឹងថា រាល់ថ្ងៃលោកក្លាយជាមនុស្សញៀនទៅហើយ ជាមួយនឹងការហាត់ប្រាណ ( GYM ) ព្រោះនៅកន្លែងហាត់ប្រាណ មានមិត្តភក្ដិថ្មីៗជាច្រើន ដែលចូលចិត្តហាត់ប្រាណដូចគ្នា និងអាចជជែកបណ្ដើរហាត់ប្រាណបណ្ដើរ បំបាត់នូវបញ្ហាស្ត្រេសមួយចំនួន ។ ពេលខ្លះនៅកន្លែងហាត់ប្រាណ ក៏បង្កើតនូវមិត្តភាពដូចនៅកន្លែងការងារដែរ ហើយនៅពេលដែលមានរវល់ណាមួយ ដូចជាអាពាហ៍ពិពាហ៍ រឺពិធីផ្សេង គេតែងតែអញ្ជើញគ្នាចូលរួម និងបង្កើតនូវមិត្តភាពកាន់តែសប្បាយ ។ លោកថា៖‍«អ្នកខ្លះស្ដាយប្រាក់ត្រឹមបួនប្រាំពាន់រៀល មិនហ៊ានចូលហាត់ប្រាណដើម្បីសុខភាព នោះទេ ក៏ប៉ុន្តែពួកគេទុកប្រាក់នោះសម្រាប់ជួបជុំមិត្តភក្ដិនិងអាចញ៉ាំស្រាទៅវិញ » ។ លោក​បាន​បន្ត​ថា ចាប់តាំងពី​លោក​ចាប់ផ្ដើម​ហាត់ប្រាណ លោក​មិន​ដែល​មាន​ជំងឺ​អ្វី​ដែល​ធ្ងន់ធ្ងរ​ចូល​ដេកពេទ្យ​នោះ​ទេ តែ​សម្រាប់​ផ្ដាសាយ​ធម្មតា ដោយសារ​ចាញ់​អាកាសធាតុ​វា​ជៀស​មិន​ផុត​ទេ តែ​យ៉ាងណា​ក៏​ដោយ​ក៏​អាច​គ្រប់គ្រង​វា​បាន​ដែរ ។

ចំណែក​ម្ចាស់​ក្លឹ​ប​ហាត់ប្រាណ​មួយ​កន្លែង​នៅ​ម្ដុំ​ជម្ពូ​វ័​ន្ត លោក​ហាក់​លី បានអោយ​ដឹងផង​ដែរ​ថា អ្នក​មក​ហាត់ប្រាណ​ភាគច្រើន​មក​ពេល​ល្ងាច ចំណែក​ពេល​ព្រឹក​មិនសូវ​មាន​អ្នក​មក​ហាត់​ទេ ដោយសារ​តែ​ពួក​គេ​ជាប់​បំពេញការងារ ដូច្នេះ​នៅ​ពេលទំនេរ​ល្ងាច គេ​មក​ច្រើន ។ លោក​ថា​៖«​ក្នុង​មួយ​ថ្ងៃ ជា​មធ្យម​មាន​អ្នក​មក​ហាត់ប្រាណ​ប្រមាណ ១០០​នាក់​ដែរ ក្នុង​នោះ​ភាគច្រើន​ជា​យុវវ័យ​និង​ជា​បុរស ដោយ​មាន​ស្ត្រី​តែ​ប្រមាណ ១០​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ »​។ លោក​បាន​បន្ត​ថា បើ​ទូទាត់​ចំណូល​និង​ចំណាយ ក្នុង​មួយ​ខែ​ៗ មិនសូវ​ចំណេញ​ប៉ុន្មាន​ទេ ហើយ​បើសិនជា​កន្លែង​នោះ ជា​កន្លែង​ដែល​ជួល​គេ​ទៀត​នោះ វា​ពិបាក​ក្នុង​ការ​ទប់ទល់​ណាស់ តែ​សម្រា់ប​ក្លឹ​បលោក ជាទី​តាំង​ផ្ទាល់ខ្លួន អ​ញ្ចឹ​ង​លោក​អាច​សល់​បាន​ចំណូល​ខ្លះ​ៗ​ដែរ ក្នុង​មួយ​ខែ​ៗ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ