កីឡាករ​-កីឡាការិនី​ប្រដាល់​សាកល​កម្ពុជា​3​រូប ​កំពុង​ហ្វឹកហាត់​នៅ​ជប៉ុន​​


ប្រទេស​ជប៉ុន ៖ កីឡាករ​កីឡាការិនី​ប្រដាល់សាកល​កម្ពុជា​ចំនួន​៣​រូប ដែល​ទៅ​ធ្វើការ​ហ្វឹក ហាត់​នៅ​ប្រទេស​ជប៉ុន មានការ​រីក​ចម្រើន​ខ្លាំង ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ែន សុផល គ្រូបង្វឹក
ជម្រើស​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ។

គួរ​រំឭក​ថា កីឡាករ​កីឡាការិនី​កម្ពុជា​ចំនួន​៣ រូប និង​គ្រូបង្វឹក​១​រូប ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ហ្វឹក ហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល​ជិត​១​ខែ​មក​ហើយ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ចុងឆ្នាំ​នេះ ហើយ​និង​បន្ត​ហ្វឹកហាត់​សម្រាប់​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ កីឡាករកីឡាការិនី​ប្រដាល់​សាកល​កម្ពុជា​ទាំង​៣​រូប​នោះ​មាន កីឡាករ ណាត សៀ​ក​ងិ​ន ដែល​គេ​ស្គាល់​ថា ពេជ្រ ម្ទេសខ្មាំង កីឡាករ​រិ​នី វី ស្រី​ខួច និង​កីឡាការិនី នៅ ស្រី​ពៅ ។

លោក វ៉ែន សុផល ឱ្យ​ដឹង​ទៀត​ថា អ្នក​ទាំង​៣​រូប​នោះ​កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ជា​ពិសេស​ហ្វឹកហាត់​ផ្នែក​កម្លាំង ។ ម្យ៉ាង វិញទៀត អំឡុង​ពេល​កំពុង​ហ្វឹកហាត់​នេះ ពួក​គេ​ថែម​ទាំង​មានឱកាស​ធ្វើការ​ប្រកួត​សាកល្បង​ដោយ​ផ្ទាល់​ជាមួយ​កីឡាករ​ជប៉ុន​នៅ​តាម​ក្លិប​នានា​ក្នុង​ទីក្រុង​អូ​សា​កា​ទៀត​ផង ។

តាម​រយៈ​ការ​ប្រកួត​នេះ​ទៀត​សោត លោក​សង្កេត​ឃើញ​ថា​ពួក​គេ​ពិតជា​មានការ​រីក​ចម្រើន​ខ្លាំង​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ទាំង​កម្លាំង ទាំង​បច្ចេកទេស ជា​ពិសេស​បច្ចេកទេស និង​ល្បិច​វាយលុក​ទៅ​លើ​គូប្រកួត គឺ​បាន​ល្អ​និង​លឿន​ជាង​មុន​ឆ្ងាយ ហើយ​ថែម​ទាំង​ចេះ​ការពារ​ខ្លួន​បាន​ល្អ​ទៀត​ផង ។

កីឡាករ​កីឡាការិនី​ប្រដាល់​សាកល​កម្ពុជា​ទាំង​៣​រូប​នេះ ហ្វឹកហាត់​រហូត​ដល់​ថ្ងៃ​ចេញ​ទៅ ប្រកួត ហើយ​ចេញដំណើរ​ពី​ប្រទេស​ជប៉ុន​ទៅ កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន​តែ​ម្ដង ។ ទោះជា​យ៉ាង ណា លោក​មានការ​ជឿជាក់​យ៉ាង​ខ្លាំង​ថា ពួក​គេ​ទាំង​៣​នាក់​នឹង​មានឱកាស​ដណ្ដើម​យក​មេដាយ​មក​ជូន​ជាតិ​ឱ្យ​ទាល់តែ​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ