ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗ​ដែល​អ្នកជំនួញ​ជោគជ័យ​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​ធនាគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​ធនាគារ ដើម្បី​យក​ទៅ​ប្រកប​អាជីវកម្ម​ឱ្យ​រីក​ចម្រើន គឺជា​បំណងប្រាថ្នា​ធំ​បំផុត​របស់​អតិថិជន​គ្រប់​រូប​សម្រាប់​រក​ប្រាក់​ចំណូល​នៅ​ក្នុង​អាជីវកម្ម​នីមួយ​ៗ ជា​ពិសេស​សម្រាប់​ពង្រីក​ជំនួញ​របស់​ខ្លួន ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ដើម្បី​ឱ្យ​មុខ​ជំនួញ​របស់​ខ្លួន​រីក​ចម្រើន​ទៅ​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​ធនាគារ​នោះ គឺ​អ្នក​ខ្ចី​ត្រូវ​តែ​មាន​គោលដៅ​យ៉ាង​ច្បាស់លាស់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​ធនាគារ ដើម្បី​យក​ទៅ​ប្រកប​អាជីវកម្ម​ឱ្យ​រីក​ចម្រើន គឺជា​បំណងប្រាថ្នា​ធំ​បំផុត​របស់​អតិថិជន​គ្រប់​រូប​សម្រាប់​រក​ប្រាក់​ចំណូល​នៅ​ក្នុង​អាជីវកម្ម​នីមួយ​ៗ ជា​ពិសេស​សម្រាប់​ពង្រីក​ជំនួញ​របស់​ខ្លួន ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ដើម្បី​ឱ្យ​មុខ​ជំនួញ​របស់​ខ្លួន​រីក​ចម្រើន​ទៅ​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​ធនាគារ​នោះ គឺ​អ្នក​ខ្ចី​ត្រូវ​តែ​មាន​គោលដៅ​យ៉ាង​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់​ប្រាក់​កម្ចី​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ជាមួយ​គ្នា​នេះ លោក ឡឹ​ង រិ​ទិ្ធ​យ៉ា នាយក​សាខា​ផ្សារ​ដើម​ថ្កូវ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចែករំលែក​នូវ​គន្លឹះ​សំខាន់​ៗ​ដែល​អ្នកជំនួញ​ជោគជ័យ​ប្រើប្រាស់​ប្រាក់​កម្ចី ដើម្បី​មុខ​ជំនួញ​រីក​ចម្រើន ។ លោក​បានឱ្យ​ដឹង​ថា តាម​បទ​ពិសោធន៍​ដែល​បាន​ធ្វើ​ជាមួយ​អតិថិជន​កន្លង​មក មាន​គន្លឹះ​សំខាន់​ៗ​ជា​ច្រើន ហើយ​គន្លឹះ​ដែល​យើង​ផ្តោត​ចំបង​ជាងគេ​ពាក់ព័ន្ធ​ទៅ​នឹង​អតិថិជន ព្រោះ​នៅ​ពេល​ដែល​លោក​សម្រេចចិត្ត​ក្នុង​ការ​ខ្ចីប្រាក់​យក​ទៅ​ពង្រីក​អាជីវកម្ម គឺ ៖

ទី​១- លោក​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់ មិនមែន​ប្រើប្រាស់​ប្រាក់​កម្ចី​ដើម្បី​តែ​ភាព​ហឺ​ហា ឬ​ទិញ​តែ​របស់របរ​ណា​ដែល​មិន​សំខាន់​ក្នុង​ការ​បង្កើន​មុខរបរ​អាជីវកម្ម​នោះ​ទេ ដូច្នេះ​ជា​ទៅ​ទៅ​អតិថិជន​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី ។

ទី​២- ត្រូវ​ប្រាកដ​ថា​ការ​ដែល​ប្រើប្រាស់​ប្រាក់​កម្ចី​គឺ​ដើម្បី​បាន​ប្រាក់​ចំណូល បាន​ន័យ​ថា​យក​ប្រាក់​កម្ចី​ទៅ​បង្កើត​លុយ ព្រោះតែ​កាលណា​ប្រើប្រាស់​ខុស បំណុល​មាន​២ គឺ​បំណុល​អាក្រក់ និង​បំណុល​ល្អ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ទី​៣- អតិថិជន​ត្រូវ​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់លាស់​ពី​ផែនការ អាជីវកម្ម​របស់​ខ្លួន ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី និង​ទី​៤- គឺ​មាន​ភាព​ច្បាស់លាស់​រវាង​អ្នក​ខ្ចី ហើយនឹង​អ្នក​ឱ្យ​ខ្ចី ដូច្នេះ​ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សិក្សា​អំពី​ចំនួន​ទឹកប្រាក់ លំហូរ​សាច់ប្រាក់ ឬ​មួយ​ក៏​លទ្ធភាព​សង​របស់​អិ​តិ​ថិ​ជន​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ផ្តល់​នៅ​ទំហំ​ទឹកប្រាក់​ណាមួយ រយៈពេល​ណាមួយ ។ ធ្វើ​ដូច្នេះ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​នឹង​មាន​ប្រសិទ្ធភាព និង​ជោ​គេ​ជ័យ​សម្រាប់​អិ​តិ​ថិ​ជន ។

លោក ឡឹ​ង រិ​ទិ្ធ​យ៉ា ក៏​បាន​បញ្ជាក់​បន្ថែម​លម្អិត​អំពី​គន្លឹះ​អ្វីខ្លះ​ដែល​អ្នកជំនួញ​ជោគជ័យ​ប្រើប្រាស់​ប្រាក់​កម្ចី ដើម្បី​មុខ​ជំនួញ​រីក​ចម្រើន គឺ​មាន​ពីរ​ភាគី​រួម​គ្នា ដែល​ភាគី​ទី​១- គឺជា​ភាគី​អ្នក​ខ្ចី ដែល​ជា​ម្ចាស់​អាជីវកម្ម ហើយ​ភាគី​ទី​២- គឺជា​ភាគី​របស់​អ្នក​ឱ្យ​ខ្ចី​ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ ។ ដូច្នេះ​ជា​ធម្មតា​កត្តា​ចំបង​មុនគេ គឺ​ផ្តោត​ទៅ​លើ​ភាគី​អ្នក​ខ្ចី​ដែល​ជា​ម្ចាស់​អាជីវកម្ម ដូច្នេះ​មុន​នឹង​សម្រេចចិត្ត​ក្នុង​ការ​ខ្ចី ជា​ទូទៅ​គាត់​តែងតែបាន​គិត​យ៉ាង​ល្អិតល្អន់ តាំងពី​ថា​តើ​គាត់​យក​លុយ​ទៅ​ធ្វើ​អ្វី នឹង​ត្រូវ​សិក្សា​អំពី​ប្រភព​ចំណូល​ចំណាយ​ជាដើម ។

គាត់​ត្រូវ​គូសវាស​ថា តើ​ប្រភេទ​អាជីវកម្ម​របស់​គាត់​ត្រូវការ​ប្រាក់​កម្ចី​ដែរ ឬ​អត់? ដូច្នេះ​ជំហាន​ដំបូង​គឺ​អ្នក​ខ្ចី​តែ​ម្តង ហើយ​បន្ទាប់​ពី​សិក្សា​អំពី​តម្រូវការ​ប្រើប្រាស់​ប្រាក់​កម្ចី ជា​ទូទៅ​តែងតែ​មក​ប្រឹក្សា​យោបល់​បន្ថែម​ទៀត​ពី​ស្ថាប័នហិរញ្ញវត្ថុ ជា​ពិសេស​គឺ​បុគ្គលិក​ជំនាញ​របស់​ធនាគារ អេ​ស៊ី​លី​ដា ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ជូន​ដល់​អតិថិជន​តែ​ម្តង ។

លោក​បន្ត​ថា សម្រាប់​ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី ដើរតួ​នាទី​ពីរ ដែល​ទី​១ យើង​ផ្តល់​ប្រាក់​កម្ចី និង​ទី​២ ផ្តល់​ប្រឹក្សា​ផ្តល់​យោបល់​បន្ថែម​ទៅ​លើ​អ្វី​ដែល​អតិថិជន​គិតគូ​រួច​ហើយ​ទៅ​លើ​៤​ចំណុច​ធំ​ៗ ដែល​៖

ទី​១- ពាក់ព័ន្ធ​ទៅ​នឹង​បំណង​នៃ​ការ​ខ្ចី​របស់​អតិថិជន ថា​តើ​លោក​មាន​បំណង​ខ្ចី​យក​ទៅ​ធ្វើ​អ្វី ទៅ​បង្កើត​មុខរបរ​ថ្មី ឬ​មួយ​យក​ទៅ​ពង្រីក​មុខរបរ ឬ​មួយ​យក​ទៅ​ទិញ​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ​ក៏​បង្វិល​ក្នុង​រយៈពេល​ខ្លី​ណាមួយ ។ ដូច្នេះ​យើង​តែង​ពិភាក្សា​គ្នា​ឱ្យ​ដឹង​ពី​គោលបំណង​របស់​អ្នក​ខ្ចី​ដើម្បី​ធ្វើ​យ៉ាងណា​រក​ចំណុច​ល្អ​មួយ​ទាំងអស់​គ្នា ហើយ​ជា​ពិសេស​ស្ថាប័នហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ។ ដូច្នេះ​បើ​អតិថិជន​ជោគជ័យ អ្នក​ផ្តល់​ប្រាក់​កម្ចី​ក៏​ជោគជ័យ​ដូច​គ្នា​ដែរ អ៊ីចឹង​ហើយ​យើង​តែងតែ​ចង់ឱ្យ​អតិថិជន​ដែល​ខ្ចី​លុយ​ហ្នឹង​ជោគជ័យ​លើ​អាជីវកម្ម​ដូច​គ្នា ។

ទី​២- ពិភាក្សា​គ្នា​សិក្សា​អំពី​បរិមាណ​ទំហំ​នៃ​ប្រាក់​កម្ចី ដែល​យើង​អាច​ដឹង​ពី​រយៈពេល ដោយ​ផ្អែក​ទៅ​លើ​លទ្ធភាព​សង លើ​អាជីវកម្ម និង​មុខរបរ​របស់​អតិថិជន ។

ទី​៣- គឺ​យើង​ពិភាក្សា​គ្នា​សិក្សា​ទៅ​លើ​ពេលវេលា​នៃ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ដើម្បី​ឱ្យ​អតិថិជន​យក​ទៅ​ប្រើប្រាស់​បាន​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម ។

ទី​៤- គឺ​យើង​គិតគូ​អំពី​ហានិភ័យ ដែល​អតិថិជន​ប្រើប្រាស់​ប្រាក់​កម្ចី ហើយ​យើង​តែងតែរ​សួ​ថា បើ​ខ្ចី​ទៅ​មាន​ជួប​បញ្ហា តើ​ត្រូវ​ដោះស្រាយ​បែប​ម៉េច? ដែល​នេះ​ជា​ការ​ប្រឹក្សា​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក ។ និយាយ​ជា​រួម​ភាគី​ទាំង​ពីរ​រួម​គ្នា​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ច្បាស់លាស់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ ។

ចុងបញ្ចប់​លោក​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា សម្រាប់​ធានា​គារ អេ​ស៊ី​លី​ដា សាខា​ផ្សារ​ដើម​ថ្កូវ គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ សមតុល្យ​ឥណទាន មាន​ចំនួន ៤៣ លាន​ដុល្លារ​អា​មេ​រិ​ក គុណភាព​ឥណទាន ០,៦២% សមតុល្យ​បញ្ញើ​-​សន្សំ មាន​ចំនួន ៥០ លាន​ដុល្លារ និង​សេវា​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ទៀត​ដែល​រួមចំណែក​នៅ​ក្នុង​ប្រាក់​ចំណេញ​របស់​ធនាគារ អេ​ស៊ី​លី​ដា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ