ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៖ បើ​ឲ្យ​ដី​នេះ​ទៅ​គាត់​ចុះ​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង​យក​ទៅ​ដាក់​កន្លែង​ណា ? (វីដេអូ)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តី​រា​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ តុលា ម្សិលមិញ​នេះ​លោក វ៉ា ធី​ម អភិបាលរង​ស្រុក​ពាមរ​ក៌​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ស្រុក​ចុះ​ទៅ​ហាមឃាត់​សកម្មភាព​របស់​លោក ស្រី…

ខេត្តព្រៃវែង ៖ សេចក្តី​រា​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ តុលា ម្សិលមិញ​នេះ​លោក វ៉ា ធី​ម អភិបាលរង​ស្រុក​ពាមរ​ក៌​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ស្រុក​ចុះ​ទៅ​ហាមឃាត់​សកម្មភាព​របស់​លោក ស្រី យន្ត សុខា ដែល​ជា​អាជីវករ​ម្នាក់​រកស៊ី​លក់​បាយ​នៅ​ក្នុង​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង ដែល​លោកស្រី និង​ក្រុម​គ្រួ​សារបាន​ធ្វើ​សកម្មភាព​ដំឡើង​គ្រឿង​ដែក​ធ្វើ​រោង​លក់ដូរ​រំលោភ​មក​លើ​ដី​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រុក​ក្នុង​ទីប្រជុំជន​អ្នក​លឿង​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​អាជ្ញាធរ ដែល​គ្មាន​ចំណាត់ការ ។

លោកស្រី យន្ត សុខា ដែល​កំពុង​ធ្វើ​សកម្មភាព​សាងសង់​រោង​លក់ដូរ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដី​ទីតាំង​នេះ គឺ​រូប​គាត់ និង​ក្រុម​គ្រួ​សារបាន​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៨៤​មក​ម្លេះ ដែល​កាល​ណោះ​ដី​នេះ គឺជា​ដី​ជ័យ​ភ័​ណ្ឌ គឺ​ពុំ​ទាន់​មាន​បេន​ចំណត​ផ្សារ​អ្នក​លឿង​ទេ ហើយ​គាត់​បាន​រស់នៅ និង​លក់ដូរ​លើ​ដី​នេះ​រហូត​ដល់​សព្វថ្ងៃ គឺ​ជិត​៣០​ឆ្នាំ​ហើយ ដូច្នេះ​ដី​នេះ គឺជា​ដី​របស់​គាត់ ។

ចំណែក​លោក វ៉ា ធី​ម អភិបាលរង​ស្រុក​ពាមរ​ក៌ ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ហាមឃាត់​នោះ បាន​ឲ្យ​ដឹង​ថា ទីតាំង​ដី​នេះ គឺជា​ដី​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង ហើយ​អាជ្ញាធរ​បាន​ធ្វើការ​ហាមឃាត់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​លោកស្រី យន្ត សុខា មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ ហើយ​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៦ មិថុនា ២០១៨ អាជ្ញាធរ​ស្រុក​រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឈឿ​ន សុ​ផុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រៃវែង​បាន​ចុះ​មក​ធ្វើការ​ហាមឃាត់ និង​បាន​បោះបង្គោល​ព​ទ្ធ័​សំណាញ់​កំណត់​ព្រំ​ដី​បេន​ចំណតរថយន្ត​ត្រឹម​ជញ្ជាំង​រោង​លក់​បាយ​របស់​អ្នកស្រី យន្ត សុខា និង​ហាម​មិន​ឲ្យ​អ្នកស្រី​រំកិល​ព្រំ ឬ​រំលោភ​ចូល​ដី​បេន​ចំណតរថយន្ត​ទៀត​ទេ ។ ប៉ុន្តែ​ក្រោយ​ពី​នោះ​ប៉ុន្មាន​ថ្ងៃ​លោកស្រី និង​ក្រុម​គ្រួសារ​ក៏​នាំ​គ្នា​ធ្វើ​សកម្មភាព​វាយ​កម្ទេច​របង និង​រើ​សំណាញ់​លួស​ចេញ​ដោយ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​ចុង​ក្រោយ​ថ្មី​ៗ​នេះ​បាន​ហៅ​ជាង​មក​ផ្សារ​ដែក​ក្នុង​បំណង​ធ្វើ​រោង​រំលោភ​មក​លើ​ដី​បេន​ចំណតរថយន្ត​ទៀត​ទើប​អាជ្ញាធរ​ស្រុក​ដឹកនាំ​កម្លាំង​ចុះ​មក​ហាមឃាត់​តែ​ម្តង ។

ដោយឡែក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង​នេះ​បាន​អះអាង​បញ្ជាក់​ថា ទីតាំង​ដី​ទំនាស់​ខាងលើ​នេះ គឺជា​ដី​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង គឺ​បេន​សម្រាប់​រថយន្ត​ទៅ​ស្រុក​មេ​សាង ចំណែក​លោកស្រី យន្ត សុខា បាន​មក​សុំ​អាជ្ញាធរ​ធ្វើ​តូប​លក់​បាយ​នៅ​ក្នុង​ដី​បេន​នេះ​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ តែ​មក​ដល់​ឆ្នាំ​២០១៨​នេះ ស្រាប់តែ​បែកគំនិត​វាទ​យក​ដី​បេន​ចំណត​នេះ​តែ​ម្តង ដោយ​អះអាង​ថា ដី​នេះ​ជា​ដី​ជ័យ​ភ័​ណ្ឌ ហើយ​គាត់​មក​រស់នៅ​កាន់កាប់​មុនគេ​រហូត​ដល់​សព្វថ្ងៃ ដូច្នេះ​ដី​នេះ គឺជា​ដី​របស់​គាត់ ប៉ុន្តែ​ហេតុផល​នេះ​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លឿង​ទាំងមូល គឺ​មិន​អាច​ទទួលយក​បាន​នោះ​ទេ បើ​ឲ្យ​ដី​នេះ​ទៅ​គាត់​ចុះ​បេន​ចំណតរថយន្ត​យក​ទៅ​ដាក់​កន្លែង​ណា ?

ដូច្នេះ​ពួក​គាត់​បាន​អះអាង​ថា ពួក​គាត់​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​រំលោភ​យក​ដី​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បែប​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​មាន​អាជ្ញាធរ​មក​ហាមឃាត់​យ៉ាងណា​ង​ក្តី​ក៏​លោកស្រី យន្ត សុខា និង​ក្រុម​គ្រួសារ​មិន​បាន​ស្តាប់​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ឡើយ ហើយ​ថែម​ទាំង​បាន​យក​កាំបិត​មក​គំរាម​កាប់​ទៅ​លើ​អាជ្ញាធរ​ឃុំ​ដែល​ចុះ​មក​ហាមឃាត់​ថែម​ទៀត​ផង​ធ្វើ​ឲ្យ​អាជ្ញាធរ​ព្រមទាំង​សមត្ថកិច្ច​មិន​អាច​ធ្វើ​អ្វី​បាន គឺ​បាន​ត្រឹមតែ​ឈរ​មើល និង​ព្យាយាម​ហាមឃាត់​មិន​ឲ្យ​លោកស្រី យន្ត សុខា និង​ក្រុម​គ្រួសារ​បន្ត​ធ្វើ​សកម្មភាព​តទៅ​ទៀត​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ