ជំងឺ​ធ្វើ​ទុក្ខ អាជីព​អ្នក​រត់​កង់​បី​មិន​សូវ​កាក​​កប… ចាន់​រិ​ទ្ធ មេធា​នី អំពាវ​នាវ​រក​ជំនួយ


រាជធានី​ភ្នំពេញ ៖ ​អ​តី​តារា​សម្តែង​លោក ចាន់​រិ​ទ្ធ មេធា​នី បាន​អំពាវនាវ​រក​ជំនួយ ក្នុង​ពេល​ដែល​ជំងឺ​កំពុង​តែ​រួមរឹត ចំ​ពេល​ជីវភាព​លោក​ខ្វះខាត​ខ្លាំង ។ លោក​ធានី​ធ្លាប់​អះអាង​ថា ក្នុង​នាម​ជា​អតីត​តារា​សម្តែង​ជើង​ចាស់​មួយ​រូប លោក​នឹង​មិន​លើកដៃ​សុំ​ជំនួយ​ណាមួយ​ឡើយ ដោយ​ខិតខំ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង ខណៈ​ពេល​ដែល​លោក​ក៏​មិន​ចង់​ឲ្យ​មានការ​មើលងាយ​មក​លើ​អ្នកសិល្បៈ​ខ្មែរ​នោះ​ឡើយ ។

យ៉ាងណា​ក្ដី នា​ពេល​នេះ​លោក​ដាច់​ចិត្ត​អំពាវនាវ​ស្វែងរក​ជំនួយ ដោយសារ​តែ​ជំងឺ​របស់​លោក​បាន​ធ្វើទុក្ខ ក្នុង​ពេល​ដែល​អាជីព​ជា​អ្នក​រត់​កង់​បី​របស់​លោក​មិនសូវ​កាក់កប​ដូច​ជា​ពេល​មុន​នោះ​ឡើយ ។

តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ពាក់ព័ន្ធ​ស្ថាន​ភាព​របស់​លោក​ចាន់​រិ​ទ្ធ មេធា​នី ថា «​តារា​សម្ដែង​រូប​នេះ​ជំងឺ​ទឹកនោមផ្អែម​កំពុង​វាយលុក​។ គាត់​បា​ន​ផ្ញើ​សារ​សំឡេង​មក​ខ្ញុំ​ប្រាប់​ឲ្យ​ខ្ញុំ​ជួយ​ប្រាប់​ទៅ​មិត្ត​សិល្បករ​ដទៃ​ទៀត ​ដែល​មាន​ជីវភាព​រស់​នៅ​ប្រសើរ​ជាង​គាត់​ឲ្យ​ជួយ​គាត់​ផង ​ព្រោះ​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត ជា​ពិសេស​គឺ​លោក​​ខៃ ប្រ​សិ​ដ្ឋ មេត្តា​ជួយ​គាត់​ផង ។ ខ្ញុំ​ធ្លាប់​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ជួយ​គាត់​ច្រើន​ដង​មក​ហើយ​កាលពី លើក​មុន​ៗ ។ បើ​មាន​បងប្អូន​សប្បុរសជន​ណា​ចង់​ជួយ​គាត់ នេះ​ជា​លេខ​គាត់​៖ 012 567 533» ។

ដោយឡែក​បន្ថែម​ពីលើ​សារ​ដែល​បាន​សរសេរ​នេះ​លោក​សា​វិ​ន ហ្វី​លី​ព បាន​អះអាង​ប្រាប់​សារ​ព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា លោក​ចាន់​រិ​ទ្ធ មេធា​នី បាន​ផ្ញើ​សារ​មក​រូប​លោក ដើម្បី​សុំ​ឲ្យ​លោក និង​មិត្តភក្ដិ ចាស់​ៗ​មួយ​ចំនួន​របស់​លោក​ឲ្យ​ជួយ​គាត់​ផង ព្រោះ​ពេល​នេះ​លោក​មាន​ជំងឺ និង​រក​អ្វី​មិន​បាន​ឡើយ ។

លោក​សា​វិ​ន ហ្វី​លី​ព បញ្ជាក់​ថា លោក​ចាន់​រិ​ទ្ធ មេធា​នី ពេល​នេះ​រក​អ្វី​មិន​បាន​ឡើយ ដោយសារ​កង់​បី​ឥណ្ឌា​ដែល​លោក​បាន​ជួល​ពី​គេ​នោះ រត់​មិនសូវ​បាន​លុយ​ដូច​ជា​ពេល​មុន​ទៀត​ឡើយ ដោយ​​សារ​តែ​យាន​នេះ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ឡើង​។ បច្ចុប្បន្ន​លោក​ចាន់​រិ​ទ្ធ មេធា​នី កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ម្តុំ​ចាក់​អង្រែ ជាមួយ​ភរិយា​ក្រោយ ហើយ​មិន​មានកូន​ឡើយ ។ ជា រឿយ​ៗ​អ​តី​តារា​រូប​នេះ​តែងតែ​ផ្ញើ​សារ​មក​ឲ្យ​លោក​ជួយ​ជា​បន្តបន្ទាប់ ។

បើ​តាម​លោក​សា​វិ​ន ហ្វី​លី​ព ក្នុង​ពេល​ដែល​មានការ​ខ្វះខាត​ក៏​ដោយ ប៉ុន្តែ​លោក​ចាន់​រិ​ទ្ធ មេធា​នី នៅ​តែ​មានការ​អៀនខ្មាស​ក្នុង​ការ​បញ្ចេញ​ឲ្យ​គេ​ដឹង​ជា​សាធារណៈ ព្រោះ​លោក​គិត​ថា ខ្លួន​ធ្លាប់​ជាតា​រា​ជើង​ចាស់​ម្នាក់​ដែរ ។ ដោយសារ​តែ​ឃើញ​ផល​លំបាក​នេះ លោក​ក៏​សម្រេច​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ជំនួស​លោក​ចាន់​រិ​ទ្ធ មេធា​នី តែ​ម្តង​ដើម្បី​ឲ្យ​ដំណឹង​នេះ​បានដឹង​ជា​សាធារណៈ និង​មិត្តភក្តិ ចាស់​ៗ​របស់​លោក ជា​ពិសេស​តារា​រួម​ជំនាន់​លោក​ខៃ ប្រ​សិ​ដ្ឋ ឲ្យ​បានដឹង​រឿង​នេះ ។

ក្នុង​វ័​យេ​ជាង​៥០​ឆ្នាំ​លោក​ចាន់​រិ​ទ្ធ មេធា​នី មិន​មានមុខ​របរ​ធំដុំ​អ្វី​នោះ​ឡើយ ក្រៅ​តែ​អំពី​ការ​ជួល​កង់​បី​ឥណ្ឌា​គេ​រត់​ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត ក្នុង​ពេល​ដែល​យាន​របស់​លោក​មិន​បាន​ត​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បែប​សម័យ​ថ្មី​ទេ ដោយ​ចាំតែ​ម៉ូយ​ហៅ ផ្ទាល់​ៗ​នោះ ទើប​រក​ប្រាក់​មិនសូវ​បាន​ដូច​គេ ។ យ៉ាងណា​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដូច​គ្នា និង​ស្រឡាញ់​រាប់អាន​គ្នា​នោះ លោក សា​វិ​ន ហ្វី​លី​ព បាន​អំពាវនាវ​ដល់​សប្បុរសជន ជា​ពិសេស​អ្នកសិល្បៈ​ឲ្យ​ជួយ​អតីត​តារា​រូប​នេះ​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ