រាជធានីភ្នំពេញ ៖ បន្ទប់ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ ពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ហេតុការណ៍អគ្គីភ័យខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៥០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចផ្ទះគ្មានលេខ នៅតាមបណ្តោយផ្លូវ៩៣ ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
ម្ចាស់ផ្ទះកើតហេតុខាងលើត្រូវបាននគរបាលអោយដឹងថា ឈ្មោះប៉ូ ផល្លា ភេទស្រី អាយុប្រមាណ៥៣ឆ្នាំ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ស្ថិតនៅខាងក្រោមផ្ទះ ហើយគេឃើញភ្លើងបានឆាបឆេះនៅផ្ទះជាន់ទី១ ដោយមានផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ បន្ទាប់ភ្លើងក៏បានរលត់ទៅវិញ។ នៅក្នុងហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គីភ័យបានទៅអន្តរាគមន៍ចំនួន១គ្រឿងតែពុំបានបាញ់នោះទេ ដោយអ្នកភូមិ នាំគ្នាជួយពន្លត់រលត់ទាន់ ។
ករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើនេះត្រូវបានម្ចាស់មានការសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីម៉ាស៊ីនត្រជាក់ ហើយបែកផ្កាភ្លើងធ្លាក់កមលើពូក ទើបក្លាយជាអគ្គីភ័យឆាបឆេះតែម្តង ។
តាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា សម្ភារៈរួមមាន គ្រែ និងពូក ព្រមទាំងរបស់របរមួយចំនួនទៀតនៅក្នុងបន្ទប់ដេកត្រូវភ្លើងឆេះរងការខូចខាត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ