ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនដែល​បំលាស់​ទី​ផ្ទះ​បណ្តែត​ទឹក​មក​នៅ​ជិត​ប្រាសាទ​កំពង់ព្រះ ជួយ​ថែរក្សា​ផង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង៖ ក្រោយ​ពី​មានការ​បំលាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជាពលរដ្ឋឃុំឆ្នុកទ្រូ ស្រុក​បរិបូណ៌ឱ្យ​ឡើង​គោក ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​មក​តាំង​ទីលំនៅ​ក្បែរ​ទីទួល​ប្រាសាទ​កំពង់ព្រះ ស្ថិត​នៅ​ក្នុង ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ​ការ​មក​តាំង​ទីលំនៅ​ជិត​ទីទួល​ប្រសាទ​បែប​នេះ​…

​ខេត្តកំពង់ឆ្នាំង៖ ក្រោយ​ពី​មានការ​បំលាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជាពលរដ្ឋឃុំឆ្នុកទ្រូ ស្រុក​បរិបូណ៌
ឱ្យ​ឡើង​គោក ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​មក​តាំង​ទីលំនៅ​ក្បែរ​ទីទួល​ប្រាសាទ​កំពង់ព្រះ ស្ថិត​នៅ​ក្នុង ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ​ការ​មក​តាំង​ទីលំនៅ​ជិត​ទីទួល​ប្រសាទ​បែប​នេះ​ មន្ទីរ​ជំនាញ​មាន​ការ​ព្រួយ​បារ​ម្ភ​ខ្លាច​ប្រជាពលរដ្ឋ​ ដែល​មក​រស់នៅ​ក្បែរ​ប្រាសាទ ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ប្រាសាទបុរាណ​ដែល​មាន​អាយុកាល​ជាង​១២០០ឆ្នាំ​ ដោយ​បាន​អំពាវនាវសុំឱ្យ​បងប្អូន​ចូលរួម​ថែរក្សា​នូវ​ប្រាសាទ​ដ៏​មាន​ចំណាស់​មួយ​នេះទាំងអស់គ្នា ​។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ​បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ប្រាសាទ​កំពង់​ព្រះ​ថា ប្រាសាទ​កំពង់ព្រះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី​៨ ក្នុង​រជ្ជកាលព្រះ​នាង​ជ័យ​ទេវី បើ​គិត​មក​ដល់​ពេល​នេះ ​មាន​អាយុកាល​ជាង​១២០០ឆ្នាំ​ហើយ ។ ប្រាសាទ​កំពង់ព្រះ​កសាង​តាម​រចនា​បទ​កំពង់ព្រះ​ដែល​ជា​រចនា​បទដ៏​ចំណាស់​ជាងគេ ក្នុង​ចំណោម​រចនា​បទនានា មាន​រចនា​បទ​ភ្នំ​ដា ,​រចនា​បទ​តាកែវ​,​រចនា បទ​ព្រៃ​គុក​, រចនា​បទ​បាពួន​,​បាយ័ន​,​បាខែង​, និង​អង្គរ​ជាដើម ។

​លោក​បាន​បញ្ជាក់​ថា ​ប្រាសាទ​កំពង់ព្រះ​តាម​ការ​ស្រាវជ្រាវ ​គឺ​មិនមែន​មាន​តែ​ពីរ​កំពូល​ដូច​សព្វ​ថ្ងៃនេះ​ទេ គឺ​មាន​ចំនួន៣កំពូល​ប្រាសាទ​ ប៉ុន្តែ​ដោយសារ​កំពូល​ប្រាសាទ​មួយទៀត ​បានរ​លំបាក់​ទាំងស្រុង​ទៅ​ហើយ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​មាន​ក្រុមហ៊ុនទូរស័ព្ទ ស៊ី​ណា​វ៉ា​ត់​ត្រា បាន​ទៅ​ជីក​ដាក់​បង្គោល​អង់​តែ​ន នៅ​លើ​ទីទួល​កំពង់ព្រះ ប៉ះ​ចំ​គ្រឹះ​ប្រាសាទ​មួយទៀត ហើយ​តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​វប្បធម៌​ក៏​បាន​បញ្ជាក់​ដែរ​ថា​ប្រាសាទ​កំពង់ព្រះ​មាន​ចំនួន​៣ ប៉ុន្តែ​ប្រសាទ​មួយទៀត​បាន​បាក់ រលំ​ទាំងស្រុង​ទៅ​ហើយ សល់​តែ​គ្រឹះ​ប្រាសាទ​ក្នុង​ដី បច្ចុប្បន្ន ត្រូវ​បាន​ធ្វើ​របង​ព័​ទ្ឋ​នឹង​ធ្វើ​ដំបូល​ប្រក់​ការពារ​ផង​ដែរ ។

ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំងក៏​បានឱ្យ​ដឹង​ដែរ​ថា​ កន្លង​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹក​ មិន​មាន​ទីទួល​សំរាប់​បញ្ចុះសព តែងតែ​យក​សព​មក​បញ្ចុះ​លើ​ទីទួល​ប្រាសាទ​មួយ​នេះ ហើយ​ការ​បញ្ចុះសព​នេះ ​គឺ​មាន​តាំង​តែ​ពី​បុរាណកាល​មក​ម្ល៉េះ បច្ចុប្បន្ន​ក្រសួង​ក៏​ដូច​ជា​មន្ទីរ បាន​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​បញ្ចុះ​សពលើ​ទីទួល​បុរាណ​ប្រាសាទ​នោះ​ជា​ដាច់ខាត តែ​អនុ​ញ្ញា​តត្រឹម​យក​មក​បូជា​តែ​ប៉ុណ្ណោះ ​។

សព្វថ្ងៃ​ថ្វីបើ​ប្រាសាទ​កំពង់ព្រះមាន​ឆ្មាំ​ចាំ​ថែរក្សា​ការពារ​ក៏​ពិតមែន ប៉ុន្តែ​ក្នុង​នាម​មន្ទីរ​ជំនាញ ​ក៏​​នៅ​តែ​មាន​ការ​ព្រួយ​បារ​ម្ភ ហេតុនេះ​ហើយ​លោក​ក៏​សូម​សំណូមពរដល់​ប្រជាពលរដ្ឋ​ ដែល​បានបំលាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​រស់នៅ​ជិត​ទីទួល​បុរាណ​ប្រាសាទ​នេះ សូម​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដោយ​មិន​ត្រូវ​ជីក​គាស់​កាយ​ឬ​យក​ថ្ម ពី​នៃ​ប្រាសាទបុរាណ​ទៅ​ប្រើប្រាស់​ជា​អ្វី​ផ្សេង​ៗ​នោះ​ឡើយ ។

អត្ថបទសរសេរ ដោយ