រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ចោរឆក់កាបូបជនជាតិចិនពីរនាក់ មិនបានសម្រេចត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ខ្លួនបានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៦ព្រលប់ថ្ងៃទី២៨ ខែតុលានេះ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិពប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ឃឹម ភត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ។ ម៉ូតូដែលជនសង្ស័យជិះម៉ូតូម៉ាកស្តូបពីខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-5423 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនពីរនាក់នឹងកំពុងតែដើរហាត់ប្រាណពីរនាក់ប្ដីប្រពន្ធ ក្នុងទិសដៅពីកើតទៅលិចតាម មហាវិថីសហព័ន្ធរុស្ស៊ី ស្រាប់តែជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកស្តូបពីពណ៌ខ្មៅមកដល់ធ្វើសកម្មភាពឆក់កាបូបជនជាតិចិនបាន តែខ្សែកាបូបម្ខាង ត្រូវជនជាតិចិនបានឆក់មកវិញ បណ្ដាលឲ្យដួលម៉ូតូក៏ត្រូវបានប្រជាពលរដ្ឋនាំចាប់វ៉ៃស្វាគមន៍មួយដៃម្នាក់ហើយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុសិ៍កាកាបទី១ ។
ក្រោយកើតហេតុជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានមុខរបរ២ពិតប្រាកដមែន ពេលថ្ងៃបើករថយន្តពេលយប់ដើរឆក់កាបូប ។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ