មនុស្សយើងមិនមែនសុទ្ធតែមានចិត្តលោភលន់ទាំងអស់នោះទេ បុគ្គលពួកខ្លះក៏មិនចង់បានហួសប្រមាណដែរ មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃមកជាទ្រព្យរបស់ខ្លួន, មិនរលីមរលាមគយគន់រំពៃប៉ងនឹងបង្អោនទ្រព្យអ្នកដទៃមកដើម្បីខ្លួន, មិនមានចិត្តប៉ុនប៉ងនឹងធ្វើប្រយោជន៍ និងសេចក្ដីសុខរបស់អ្នកដទៃឲ្យវិនាស, មានបញ្ញាយល់ត្រូវ, មិនបានយល់ខុសចាកសភាវធម៌ឡើយ ទាំអស់នេះលោកហៅថាកុសលកម្ម ។
កុសលកម្មនេះ បើបុគ្គលឯណាបានគោរព បានប្រព្រឹត្តត្រឹមត្រូវល្អហើយ ទោះបីបុគ្គលនោះមានចិត្តប្រាថ្នាចង់ទៅកើតក្នុងត្រកូលខត្តិយមហាសាលក្ដី ព្រាហ្មណ៍មហាសាលក្ដី គហបតិមហាសាលក្ដី ក៏បានសម្រេចដូចក្តីប្រាថ្នាមិនខានឡើយ ។
ប្រាថ្នាកើតក្នុងខត្តិយមហាសាលគឺជាត្រកូលក្សត្រដែលមានទ្រព្យឧត្ដុង្គឧត្ដមច្រើន ព្រាហ្មណមហាសាល និងគហបតិមហាសាលក៏បានដូចគ្នា ។ មួយទៀត បើប្រាថ្នាចង់ទៅកើតជាទេវតាក្នុងស្ថានចាតុម្ហារាជិកា តាវត្តិង្ស យាមា តុសិត និម្មានរតី ឬបរនិម្មិតវសវត្តីក៏បានសម្រេចដូចបំណងប្រាថ្នា ។
ការប្រព្រឹត្តកុសលកម្មអាចឲ្យបានសម្រេចសម្បត្តិទាំងឡាយដូចពោលមកយ៉ាងនេះឯង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ