ADB អនុម័ត​ហិរញ្ញប្បទាន​ជាង​១​ពាន់​លាន​ដុល្លារឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០


រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ទៅ​លើ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​មួយ​មាន​រយៈពេល ៥​ឆ្នាំ ដែល​បាន​កំណត់​ចែង​អំពី​កិច្ច​គាំទ្រ​របស់​ស្ថាប័ន​នេះ ចំពោះ​គោលដៅ​របស់​កម្ពុជា ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ត្រឹម​ឆ្នាំ​២០៣០​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនា​ការ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា (ADB) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា​ថា ស្ថិត​ក្រោម​យុទ្ធសាស្ត្រ ឆ្នាំ​២០១៩-២០២៣ ធនាគារ​អភិវឌ្ឍន៍​អាស៊ី នឹង​ផ្តល់​ថវិកា​ចំនួន ១,៤៥ ពាន់​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស សម្រាប់​វិស័យ​កសិកម្ម និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ កែ​លម្អ​លក្ខខណ្ឌ​ជីវភាព​រស់នៅ​ក្នុង​តំបន់​ទីក្រុង និង​តំបន់​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើត​ឡើង​វិញ និង ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​ជំនាញ​។ ការ​គាំទ្រ​ដល់​កំណែទម្រង់​វិស័យ​សាធារណៈ និង​ការ​កែ​លម្អ​សមត្ថភាព​ស្ថាប័ន និង​នៅ​តែ​បន្ត​ជា​ការ​ផ្តោត​យកចិត្តទុកដាក់​ចម្បង របស់​កម្មវិធី​ធនាគារអភិវឌ្ឍន៍អាស៊ី​។ ការ​ផ្តួចផ្តើម​ទាំងនេះ មាន​គោលបំណង​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវាកម្ម និង គុណភាព​សេវាកម្ម​សម្រាប់​ពលរដ្ឋ​កម្ពុជា ព្រមទាំង​បរិយាកាស​ធុរកិច្ច​ផង​ដែរ​។

នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Sunniya Durrani-Jamal បាន​មាន​ប្រសាសន៍​ថា «​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង នឹង​គាំទ្រ​ដល់​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​ប្រភព​ដែល​ជម្រុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច ការ​ជម្រុញ​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ការ​កសាង​ឱ្យ​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ និង​ការ​ព​ន្លឿ​ន​កំណែទម្រង់​អភិបាលកិច្ច​»​។

ជា​មធ្យម សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង ៨,០% ពី​ឆ្នាំ ១៩៩៩-២០១៨ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នានា ដែល​មានការ​រីក​ចម្រើន​រហ័ស​បំផុត​នៅ​ក្នុង​ពិភពលោក​។ ប្រាក់​ចំណូល​ដុល​ជាតិ​ក្នុង​មួយ​នាក់ បាន​កើនឡើង​ពី ២៩០ ដុល្លារ អា​មេ​រិ​ក​ក្នុង​ឆ្នាំ ១៩៩៨ រហូត​ដល់ ១.៣៨០ ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៨​។

បើ​ទោះជា​ដូច្នេះ​ក្តី ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដោយ​រាប់​បញ្ចូល​ទាំង​ភាព​ក្រីក្រ​ក្នុង​ចំណោម​ស្ត្រី​ជា​មេ​គ្រួសារ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រង​គ្រោះជា​ពិសេស​ទៅ​នឹង​ការងារ​គ្មាន​សុវត្ថិភាព​។ កិច្ច​គាំពារ​សង្គម នៅ​មាន​កម្រិត ហើយ​ភាព​រីក​ចម្រើន​ខាង​ផ្នែក​សុខភាព អប់រំ និង​ទិដ្ឋភាព​ដទៃ​ទៀត​នៃ​ការ​អភិវឌ្ឍ​មនុស្ស នៅ​តែ​បន្ត​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​។ លទ្ធភាព​ទទួល​បាន​បរិក្ខា​អនាម័យ នៅ​ស្ថិត​ក្រោម​កម្រិត​មធ្យមភាគ​នៅឡើយ សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​។

កម្ពុជា​ក៏​ជួប​ប្រទះ​បរិយាកាស​ពាណិជ្ជកម្ម​សកល​ដែល​គ្មាន​ភាព​ប្រាក​ដ្ឋ​ប្រជា ព្រមទាំង​កំណើន​នៃ​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​ផង​ដែរ​។ កិច្ច​ខិតខំ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​វិស័យ​សេវាកម្ម និង កម្មន្តសាល បាន​និង​កំពុង​រង​ការ​រាំងស្ទះ ដោយសារ​កង្វះ​កម្មករ​ជំនាញ ចន្លោះ​ប្រហោង​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ឡូ​ជី​ស្ទីក ព្រមទាំង​ដំណើរការ​ធុរកិច្ច​ខ្វះ​តម្លាភាព​។

លោកស្រី Sunniya Durrani-Jamal មាន​ប្រសាសន៍​ទៀត​ថា​«​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​នេះ នឹង​ជួយ​បង្កើត​ឱ្យ​មាន​កាលានុវត្តភាព​ការងារ​កាន់តែ​ប្រសើរ សម្រាប់​ពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​ទៅ​លើ​ការ​អប់រំ ជំនាញ និង​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ​។ ដោយសារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន ដូច្នេះ​ការ​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង ការ​ទាញ​ប្រយោជន៍​ពី​នវានុវត្តន៍​នានា គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​យើង​។

​ការ​លើកកម្ពស់​សក្តានុពល និង ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី ជា​ពិសេស​នៅ​ក្នុង​វិស័យ​សាធារណៈ និង​ការ​ការពារ​ធនធានធម្មជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​កម្ពុជា មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​ប្រទេស​»៕ កែសម្រួលដោយ ៖សុឃាក់

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ