ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីត្អូញថា មួយជើងត្រូវ​បង់​៧ម៉ឺន​រៀល​ មិនសូវ​ចំណេញសោះ​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ គេ​សង្កេត​ឃើញ​មាន​រថយន្ត​តូច​ធំ​ដឹក​ទំនិញ ​ឬ​កសិផល​បើក​ឆ្លងកាត់​ដើម្បីថ្លឹងរថយន្ត​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់ទទឹង ស្ថិត​នៅ​ក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​រហូត​ដល់​រាប់រយ​គ្រឿង​ឯណោះ​។ ទោះបីជា​យ៉ាងណា អ្នក​ប្រកប​របរ​បើក​រថយន្ត​ដឹក​ទំនិញ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ គេ​សង្កេត​ឃើញ​មាន​រថយន្ត​តូច​ធំ​ដឹក​ទំនិញ ​ឬ​កសិផល​បើក​ឆ្លងកាត់​ដើម្បីថ្លឹងរថយន្ត​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់ទទឹង ស្ថិត​នៅ​ក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​រហូត​ដល់​រាប់រយ​គ្រឿង​ឯណោះ​។ ទោះបីជា​យ៉ាងណា អ្នក​ប្រកប​របរ​បើក​រថយន្ត​ដឹក​ទំនិញ និង​កសិផល​ក៏​បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​បង់ថ្លៃ​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​នេះ​ផង​ដែរ ។

បើ​តាម​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​ងើប​ពី​ងងឹត​ចេញពីផ្ទះ​ដោយ​មាន​កម្មករ​ប្រុស​ស្រី​ចំនួន​៩​នាក់ ដើម្បី​ទៅ​ដឹកអុស​ធ្វើ​អំ​ពី​ដើម​កៅស៊ូ​នៅ​ចំណុច​កំ​ពាន់ ក្នុងស្រុក​មេមត់ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ដើម្បី​យក​មក​លក់​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ ដើម្បី​បាន​ប្រាក់​យក​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​។

អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខាងលើ​បាន​ប្រាប់​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៩ កន្លង​ទៅ រថយន្ត​របស់​គាត់​បាន​ផ្ទុក​អុស​ធ្វើ​ពី​ដើម​កៅស៊ូ​ពេញ​ទ្រុង​ខាងក្រោយ លុះ​ពេល​បើក​មក​ដល់​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ចូល​ថ្លឹង​រថយន្ត​នៅ​ស្ថានីយថ្លឹងរថយន្ត​ថ្នល់ទទឹង ហើយ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​៧​ម៉ឺន​រៀល​ទៅ​ឱ្យ​ក្រុម​មន្ត្រី​នៅ​ក្នុង​ស្ថានីយ​ថ្លឹង​រថយន្ត​ផង​ដែរ​។

អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខាងលើ​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ថ្លឹង​រថយន្ដ​រួច គាត់​បាន​បន្តដំណើរ​មក​មុខ​ទៀត​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​លុះ​មក​ដល់​ចំណុច​ផ្ដុំ​បន្ទាយ​ទាហាន​ថ្នល់ទទឹង​ក៏​បាន​ឈប់​រថយន្ត​បន្តិច ដើម្បី​ពិនិត្យ​មើល​កង់​រថយន្ត ហើយ​ក៏​បាន​បើក​មក​ដល់​សិប្បកម្ម​ឡឥដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទួល​វិហា ឃុំ​ជី​រោ​ទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដើម្បី​ទម្លាក់​អុស​ឱ្យ​គេ ទំ​រាំ​នឹង​រួចរាល់​ត្រូវ​ចំណាយពេល​រហូត​ដល់​ល្ងាច​។

អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខាងលើ​បាន​ប្រាប់​បន្ត​ថា ជា​ធម្មតា​អុស​ដែល​ដឹក​តាម​រថយន្ត​ក្នុង​មួយ​ថ្ងៃ​បាន​តែ​មួយ​ជើង ដោយ​ត្រូវ​ទូទាត់​ទៅ​លើ​ការ​ចំណាយ​ដូច​ជា​ប្រេង​, កម្មករ និង​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត គឺ​គាត់​នៅ​សល់​ប្រាក់​ប្រមាណ​ជាង​៣០​ម៉ឺន​រៀល ហើយ​គាត់​មិន​ដែល​ចំណេញ​ឲ្យ​លើស​ពី​នេះនោះ​ទេ​។ រថយន្ត​ដឹកអុស​ពេល​ដែល​ចូល​មក​ដល់​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់ទទឹង គឺ​ត្រូវ​បង់​​ប្រាក់​ទៅ​ឱ្យ​មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​តាម​ប្រភេទ​រថយន្ត​តូច​ឬ​ធំ ។

ទោះបីយ៉ាង​ណា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ នា​រសៀល​ថ្ងៃ​ទី​២៨ តុលា ២០១៩ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​គី ដា​ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ត្បូងឃ្មុំ​បាន​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ