ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​2019


ខេត្តស្វាយរៀង ៖ ទោះបី​ព្រឹត្តិការណ៍​នៃ​ការ ប្រកួត​កីឡាបាល់ទាត់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​មិន​ទាន់​បញ្ចប់ និង​ទើបតែ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២៤​ក្ដី ប៉ុន្តែ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​កម្ពុជា បាន​សម្រេច​ធ្វើការ​ប្រកាស​និង​ប្រគល់​ពានរង្វាន់​ដល់​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​ជា​ផ្លូវការ​ហើយ​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៧ ខែតុលា នៅ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ។

គេ​បាន​ចាត់​ទុក​ថា នេះ​ជា​លើក​ដំបូង​ហើយ​នៃ​ប្រវត្តិ​ពាន​មួយ​នេះ ដែល​ត្រូវ​បាន​ធ្វើ​ពិធី​បំពាក់​មេដាយ​និង​ប្រគល់​ពាន​នៅ​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ ជាមួយ​នេះ បើ​តាម​ការ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​(CNCC)​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ការ​ប្រគល់​ពាន​ធ្វើ​ឡើង​នៅ​មុន​បញ្ចប់​ការ​ប្រកួត ។

ការ​ប្រកាស​និង​ប្រគល់​ពានរង្វាន់​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដល់​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​លើក​នេះ​ដោយ​យល់​ឃើញ​ថា ក្រុម​ដែល​មាន​មូលដ្ឋាន​មក​ពី​ខេត្តស្វាយរៀង​មួយ​នេះ មាន​ពិន្ទុ​វ៉ាដាច់​ក្រុម​លេខ​២​ដែល​ពុំ​អាច​ប្រជែង​ជាមួយ​បាន​ឡើយ ទោះ​បីជា​នៅ​សល់​២​ប្រកួត​ទៀត​ក្ដី ។ មិនតែប៉ុណ្ណោះ មុន​នឹង​ឈាន​ទៅ​ដល់​ធ្វើ​ពិធី​ប្រគល់​ពាន​ជា​ផ្លូវ​ការ​នេះ ក៏​មានការ​យល់ព្រម​ពី​ក្រុម​អាស៊ី​អឺរ៉ុប​និង​ក្រុម​ណា​ហ្គា​វើ​ល ដែល​ជា​គូប្រកួត​បន្ទាប់​ផង​ដែរ។

ជា​ពិសេស ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​២៤​លើក​កន្លង​មក ឈ្នះ​១៩​ប្រកួត ស្មើ​៥​ប្រកួត មាន​៦២​ពិន្ទុ ខណៈ​ក្រុមបាល់ទាត់​វិសាខា​ដែល​ដេញ​ប្រកិត​ពីក្រោយ​មាន​ត្រឹមតែ​៥៤​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ទាំង​២៤​លើក​ដូច​គ្នា ដែល​ឈ្នះ​១៧​ប្រកួត ស្មើ​៣​ប្រកួត ចាញ់​៤​ប្រកួត ។

នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ ដែល​បាន​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Metfone Cambodian League ជា​ថ្មី ។ មិនតែប៉ុណ្ណោះ ចាប់តាំងពី​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រហូត​មក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ធ្លាប់​គ្រង​ជើងឯក​តែ​ម្ដង​គត់​នៅ​ឆ្នាំ​២០១៣ ហើយ​ធ្លាប់​ជាប់​ជា​ជើង
ឯក​រង​ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៧ ។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរ​រៀង ដែល​ទទួល​បាន តំណែង​ជា​ម្ចាស់​ជើងឯក​លើក​នេះ ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៦០​លាន​រៀល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ