ក្រុងហុងកុង ៖ ប៉ូលិសហុងកុងបានប្រើជាថ្មីឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូកាលពីថ្ងៃទី២៧តុលាប្រឆាំងពួកបាតុករស្និទ្ធលទ្ធិប្រជាធិបតេយ្យ ដែលបានប្រើដបសាំងដុតតបតពេលមានការប៉ះទង្គិចគ្នាជាច្រើនម៉ោង ក្នុងតំបន់ទេសចរណ៍មួយនៃទីក្រុងនោះ។
ពួកអ្នកតវ៉ានិងកងកម្លាំងប៉ូលិសបានប៉ះទង្គិចគ្នានៅតំបន់TSIM SHA TSUIជាតំបន់កំពុងផែមានប្លុកពាណិជ្ជកម្មនិងសណ្ឋាគារទំនើបៗជាច្រើន។ អតីតដែនដីអាណានិគមអង់គ្លេសនោះ ឆ្លងកាត់ចាប់តាំងពីដើមខែមិថុនាមកនូវវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរពុំធ្លាប់មាន បន្ទាប់ពីប្រគល់ឲ្យចិនវិញពីឆ្នាំ១៩៩៧មក ជាមួយបាតុកម្មនិងសកម្មភាពតវ៉ាស្ទើររាល់ថ្ងៃ។
នាថ្ងៃទី២៧តុលាពួកបាតុករបានពាក់ម៉ាស់ ទោះជាមានការហាមឃាត់។ ការប៉ះទង្គិចគ្នាកើតមានចាប់ពីវេលារសៀលទៅ ពេលប៉ូលិសបានដាក់ពង្រាយកម្លាំងជាច្រើន នៅតាមវិថីនានាទល់មុខមាត់សមុទ្រ ជាកន្លែងចាប់ផ្ដើមនៃបាតុកម្មមួយដែលគ្មានការអនុញ្ញាត។ ប៉ូលិសបានឆែកឆេរមនុស្សម្នានាំឲ្យផ្ទុះការប្រឈមមុខដាក់គ្នា ខណៈបាតុកម្មកាន់តែរីកធំ។ ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូត្រូវបានប្រើក្នុងកន្លែង៣ផ្សេងគ្នា ហើយការប៉ះទង្គិចគ្នាបង្ខំឲ្យពួកបាតុករត្រូវបំបែកជួរ។ ពួកបាតុករបានដាក់បារ៉ាស់រាំងខ្ទប់ចរាចរណ៍តាមមហាវិថីមួយចំនួន។ ពួកគេបានដាក់របាំងដែកខ្ទប់ជាពិសេសមហាវិថិជាប់មាត់សមុទ្រដែលមនុស្សម្នានិយមដើរកម្សាន្ត។
ក្រុមបាតុកររ៉ាឌីកាល់មួយចំនួន បានប៉ះទង្គិចជាមួយប៉ូលិសនាចុងរសៀលនិងនាពេលព្រលប់។ យោងតាមប៉ូលិសថាពួកបាតុករបានលុកចូលអុកឡុកក្នុងហាងនានា គប់ដបសាំងដុតនិងដុតនៅតាមច្រកចូលនៃស្ថានីយមេត្រូនានា។ បណ្ដារូបភាពតាមទូរទស្សន៍បង្ហាញបុរស២នាក់យ៉ាងតិច រងការវាយរហូតដល់ចេញឈាមពីសំណាក់ក្រុមអ្នកតវ៉ាតូចៗ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូ ព្រមទាំងកាណុងបាញ់ទឹកហើយមានការចាប់ខ្លួនមនុស្សច្រើននាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ