សហរដ្ឋអាមេរិក ៖ ការតាមសម្លាប់បានប្រមុខក្រុមរដ្ឋអ៊ិស្លាម ABOU BAKR AL BAGHADI ជាជោគជ័យខាងយោធាផង និងនយោបាយផង សម្រាប់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ខណៈរូបលោកកំពុងតែប្រឈមមុខនឹងនីតិវិធីរបស់ពួកប្រជាធិបតេយ្យដកលោកចេញពីតំណែង ហើយកំពុងរងការរិះគន់ពីការដកកងទ័ពអាមេរិកចេញពីស៊ីរី។
លោកត្រាំ បានធ្វើការប្រកាសដ៏សំខាន់បំផុតមួយនាព្រឹកថ្ងៃទី២៧ តុលា ពីការស្លាប់របស់ប្រមុខក្រុមរដ្ឋអ៊ិស្លាម ក្នុងការវាយឆ្មក់មួយរបស់អាមេរិកនៅស៊ីរី។ លោកប្រកាសថា នេះជាទិវាដ៏ធំបំផុតមួយសម្រាប់ប្រទេសយើង វាជាជោគជ័យធំធេងណាស់ដែលយើងទទួលបាន។
នាយប់ថ្ងៃទី២៦ មកថ្ងៃទី២៧ ខែតុលា ទូរទស្សន៍អាមេរិក CNN និង ABC ប្រកាសថា ប្រមុខក្រុមរដ្ឋអ៊ិស្លាម ABOU BAKR AL BAGHADI ត្រូវបានសម្លាប់ហើយនៅស៊ីរី ដោយសារការវាយឆ្មក់មួយរបស់អាមេរិក កាលពីថ្ងៃទី២៦ ខែតុលា នៅស៊ីរី។ ទូរទស្សន៍ទាំងនោះដែលដកស្រង់សម្ដីរបស់បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់ដែលរៀបរាប់ថា AL BAGHADI បានស្លាប់ក្នុងឱកាសនៃប្រតិបត្តិការមួយរបស់កងទ័ពអាមេរិក នៅភាគឦសានស៊ីរី។
យោងតាមអ្នកទទួលខុសត្រូវម្នាក់ដកស្រង់សម្ដីដោយ ABC ថា មេដឹកនាំក្រុមរដ្ឋអ៊ិស្លាម បានធ្វើឲ្យគ្រឿងផ្ទុះនៅជាប់ខ្លួនគេផ្ទុះដើម្បីធ្វើ្វអត្តឃាត ពេលកងកុំម៉ង់ដូអាមេរិកចូលដល់។ អ្នកទទួលខុសត្រូវទាំងនេះចាត់ទុកប្រតិបត្តិការនោះថា ជាជោគជ័យគួរឲ្យកត់សម្គាល់នៃផ្នែកស៊ើបការណ៍ កិច្ចសហប្រតិបត្តិការជាមួយកម្លាំងឯទៀតៗដែលទាក់ទិនក្នុងជម្លោះស៊ីរី ហើយប្រតិបត្តិការនោះធ្វើឡើងដោយកងកុំម៉ង់ដូមួយនៃកងកម្លាំងពិសេសអាមេរិកដឹកតាមឧទ្ធម្ភាគចក្រ។
ក្នុងសន្និសីទសារព័ត៌មានមួយផ្សាយតាមទូរទស្សន៍ពីសេតវិមានលោកត្រាំថ្លែងថា កាលពីយប់ថ្ងៃទី២៦ មកទី២៧ តុលា ABOU BAKR AL BAGHADI បានត្រូវស្លាប់។ ជននេះជាស្ថាបនិក និងជាប្រមុខក្រុមរដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់ និងនៅស៊ីរី ជាអង្គការភេរវកម្មដែលសាហាវបំផុតមួយនៃពិភពលោក។
លោកត្រាំបានតាមដានជាប់ប្រតិបត្តិការរបស់កងកុំម៉ង់ដូអាមេរិក ដែលបញ្ចប់នាវេលាម៉ោង៣និង៣០នាទីទៀបភ្លឹម៉ោងនៅស៊ីរីក្នុងភូមិបារីសា ក្នុងខេត្តអ៊ីដលីបស៊ីរី ចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនតួកគី។ ភាពលម្អិតនៃប្រតិបត្តិការត្រូវបានផ្ដល់ដោយលោកត្រាំខ្លួនលោកផ្ទាល់។ លោកថា ខ្ញុំបានតាមដានប្រតិបត្តិការនោះស្ទើរទាំងមូល។ យើងតាមដានគេចាប់តាំងពីប៉ុន្មានសប្ដាហ៍មកហើយ។
ចំណែកក្រសួងការពារប្រទេសរុស្ស៊ីថ្លែងនាថ្ងៃទី២៧ តុលាថា ពុំមានព័ត៌មានគួរឲ្យជឿជាក់លើសកម្មភាពរបស់កងទ័ពអាមេរិកក្នុងតំបន់មានភាពតានតឹងក្នុងខេត្តអ៊ីដលីប ទាក់ទិននឹងការប្រកាសច្រើនលើកពីការស្លាប់របស់ប្រមុខក្រុមរដ្ឋអ៊ិស្លាមឡើយ។
រីឯអ្នកទទួលខុសត្រូវម្នាក់របស់កងកម្លាំងឃើតស៊ីរី ក្រោយការប្រកាសរបស់អាមេរិកពីការសម្លាប់ប្រមុខក្រុមរដ្ឋអ៊ិស្លាមគូសបញ្ជាក់ថា អ្នកនាំពាក្យរបស់ក្រុមភេរវកម្មនោះឈ្មោះអាប៊ូហាសាន់អាល់មូហាជៀរ ក៏ត្រូវបានសម្លាប់នាថ្ងៃទី២៧ តុលា ក្នុងការវាយឆ្មក់ថ្មីមួយនៅភាគខាងជើងស៊ីរី។ ប្រតិបត្តិការនោះធ្វើឡើងដោយមានការសម្របសម្រួលគ្នាដោយផ្ទាល់រវាងផ្នែកសើុបការណ៍នៃកងកម្លាំងឃើតនិងកងទ័ពអាមេរិក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ