ហេតុ​អ្វី​បានជា​អ្នក​វិនិយោគ​អចល​ទ្រព្យ​តែ​គួរ​ងាក​ទៅ​រក​ការ​ផ្គត់ផ្គង់​បែប​ខុន​ដូ មិនមែន​លំនៅ​ឋាន​ផ្ទះ​ជាប់​ដី ?


រាជធានី​ភ្នំពេញ ៖ ខណៈ​កំណើនប្រជាជន​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​នាំ​ឲ្យ​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​ក៏​នៅ​តែ​មាន​ខ្ពស់​ដែរ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​មានការ​ផ្គត់ផ្គង់​ច្រើន​ក៏​ដោយ និង​ភាគច្រើន​ផ្ដោត​ទៅ​លើ​លំនៅ​ឋាន​ប្រភេទ​ផ្ទះ​ជាប់​ដី កាន់តែ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ ។

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានអោយ​ដឹង​ថា តម្រូវការ​លំនៅ​ឋាន​នៅ​កម្ពុជា នៅ​តែ​មាន​ខ្ពស់ ពីព្រោះ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​១៥​លាន​ទៅ​១៦​លាន​នាក់​ហើយ ក៏​ប៉ុន្តែ​សម្រាប់​ការ​ផ្គត់ផ្គង់​វិញ មាន​តែ​ប្រមាណ​២​លាន​ខ្នង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទាមទារ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត ។ ឆ្លើយ​តប​នឹង​សំណួរ​ថា​មូលហេតុ​អ្វី​ដែល​អ្នក​រកស៊ី​ខាង​វិស័យ​សំណង់​និង​អចល​ទ្រព្យ​គួរ​ងាក​ទៅ​ផ្គត់ផ្គង់​ខុន​ដូ​ឲ្យ​បាន​ច្រើន​ជាង​មុន​នោះ អ្នកជំនាញ​រួប​នេះ​បាន​បន្ត​ថា​សម័យ​ទំនើប​នៅ​ពេល​ដែល​បងប្អូន​ចាប់ផ្តើម​កសាង​គ្រួសារ​គឺ​គេ​តែងតែ​ចង់​បែក​ពី​ឪពុក​-​ម្តាយ​ទៅ​រស់នៅ​ជា​លក្ខណៈ​ប្តី​ប្រពន្ធ តែ​ដោយសារ​តែ​តម្លៃ​ដី​កាន់តែ​ថ្លៃ​ឡើង​ពិបាក​នឹង​រក​ដី​សាងសង់​ដូច្នេះ​នាំ​ឲ្យ​តម្រូវការ​ខុន​ដូ​សម្រាប់​គ្រួសារ​ថ្មោងថ្មី​នឹង​មានការ​កើនឡើង​សម្រាប់​អ្នក​ចង់​រស់នៅ​កណ្តាល​ក្រុងភ្នំពេញ​នោះ ។

លោក​ថា​៖« មនុស្ស​សម័យនេះ គឺ​គេ​ចង់​រស់នៅ​បែក​ពី​គ្រួសារ​នៅ​ពេល​ដែល​គេ​រៀប​ការ​រួច ដូច្នេះ​ហើយ​គេ​ចង់​រស់នៅ​តែ​ពីរ​ម្នាក់​ប្តី​ប្រពន្ធ និង​ជាមួយ​កូន​គេ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ត្រូវការ​ស្វែងរក​ផ្ទះ​ថ្មី សម្រាប់​គ្រួសារ​ថ្មីថ្មោង​របស់​ពួក​គេ » ។ ​លោក​បាន​បន្ត​ថា​ក្នុង​ពេល​ប្រជាជន​កាន់តែ​កើន តម្រូវការ​ផ្ទះ​ក៏​កាន់តែ​កើន​ដែរ ហើយ​នៅ​ពេល​អនាគត​ដ៏​ខ្លី​នេះ តម្រូវការ​ផ្ទះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​នឹង​អាច​កើនឡើង​ដល់​៣​លាន​ទៅ​៥​លាន​ខ្នង ហើយ​និង​អាច​កើនឡើង​នេះ​នៅ​ពេល​ដែល​កំណើនប្រជាជន​កាន់តែ​កើនឡើង​ខ្ពស់​នោះ ។

​លោក ច្រឹ​ក សុខ​នី​ម បាន​បន្ថែម​ថា សម្រាប់​បរិបទ​នៃ​ការ​សាងសង់​ផ្ទះ សម្រាប់​ផ្គត់ផ្គង់​វិញ ក៏​គួរតែ​ងាក​ទៅ​រក​ការ​ផ្គត់ផ្គង់​បែប​ជា​អគារ​ខុន​ដូ ដោយសារ​តែ​តម្លៃ​ដី​នៅ​ជិត​ក្រុង​កាន់តែ​ថ្លៃ អ​ញ្ចឹ​ង​អ្នក​ដែល​ចង់បាន​ផ្ទះ​ជាប់​ដី​សម្រាប់​ស្នាក់​នៅ ត្រូវការ​ចំណាយ​ប្រាក់​ខ្ពស់ ដើម្បី​សាងសង់​ផ្ទះ តែបើ​ពុំនោះ​ទេ ពួក​គេ​អាច​ទៅ​ទិញ​ដី​នៅ​ជាយក្រុង​ឆ្ងាយ​ពី​កន្លែង​ការងារ​ដើម្បី​សង់ផ្ទះ ។ កាលពីមុន​នៅ​កណ្ដាល​ក្រុង​សំបូរ ផ្ទះ​ជាប់​ដី​ដូច​ជា​ផ្ទះល្វែង ឬ​វីឡា​ជាដើម ក៏​ប៉ុន្តែ​ក្រោយមក ដោយសារ​តែ​កំណើន​ពលរដ្ឋ​នៅ​កណ្ដាល​ក្រុង​កាន់តែ​ច្រើន ហើយ​ការ​អភិវឌ្ឍ​ទីក្រុង​ក៏​កាន់តែ​ខ្លាំង ទើប​តម្រូវ​ឱ្យ​មានការ​រុះរើ​ផ្ទះ​ជាប់​ដី និង​សង់​ជា​អគារ​ខ្ពស់​ៗ​សម្រាប់​ជា​ការិយាល័យ និង​ខុន​ដូ​សម្រាប់​ស្នាក់​នៅ​វិញ និង​បាន​ផ្លាស់​ប្តូរ​ផ្ទះ​ជាប់​ដី​ទៅ​កាន់​តំបន់​ជាយក្រុង អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ឃើញ​ថា កំណើន​បុរី​ផ្ទះល្វែង និង​វីឡា ជាដើម បាន​រីក​ដុះដាល​ខ្លាំង​ទៅ​កាន់​តំបន់​ជាយក្រុង​។

បើ​តាម​លោក ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន V Trust Appraisal បានអោយ​ដឹង​ថា កំណើន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​កាន់តែ​ច្រើន តម្រូវ​ឱ្យ​ពង្រីក​ទីក្រុង​កាន់តែ​ធំ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​នៅ​តំបន់​ជាយក្រុង​កាន់តែ​រីក​ទៅ​ដោយ​សំណង់​បុរី ផ្ទះល្វែង និង​វីឡា តែ​សម្រាប់​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាង​មុខ​ទៀត សំណង់​បុរី​លំនៅ​ឋាន​ដែល​ជា​ប្រភេទ​ផ្ទះ​ជាប់​ដី​នឹង​កាន់តែ​ឆ្ងាយ អាច​ដល់​២០​គីឡូម៉ែត្រ​ទៅ ៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​។ ​លោក​បាន​បន្ត​ថា រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ ចំនួន​ផ្ទះ​ជាប់​ដី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ប្រកាស​លក់​មាន​ចំនួន សរុប ១៣.៩០០​ខ្នង ទាំង​ផ្ទះល្វែង​និង​វីឡា ក្នុង​នោះ​មាន​៤.៦០០​ខ្នង​បាន​សាងសង់​ចប់​និង​រួចរាល់​សម្រាប់​អ្នកទិញ​ចូល​ស្នាក់​នៅ ។ ដោយឡែក​សម្រាប់​ខុន​ដូ​វិញ ក្នុង​រយៈ​៦​ខែ​នេះ​ដែរ មាន​ចំនួន ៦.៦០០​យូ​នី​ត បាន​ប្រកាស​លក់ ដែល​ក្នុង​នោះ ៦.២០០​យូ​នី​ត បាន​សង់​ចប់​និង​រួចរាល់​សម្រាប់​អោយ​អ្នកទិញ​ចូល​ស្នាក់​នៅ ។

​លោក​បញ្ជាក់​ថា លទ្ធភាព​នៃ​ការ​ស្រូប​យក​ទីផ្សារ​ផ្ទះ​ជាប់​ដី​បាន​កើនឡើង​ដល់​១០​ភាគរយ នៅ​ឆ្នាំ ២០១៩​នេះ​ដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ត្រូវការ​ពេល​ត្រឹមតែ​១២​ខែ​ប៉ុណ្ណោះ​ដើម្បី​លក់​ចេញ​សំណង់ផ្ទះ​របស់​គេ​ឱ្យ​អស់ ។

​លោក ហ៊ឹ​ម សីហា បាន​មាន​ប្រសាសន៍​បញ្ជា​កថា «​រយៈពេល​នេះ ជា​រយៈពេល​ខ្លី​ដែល​វា​ឆ្លុះ​បញ្ចាំង​ថា ទីផ្សារ​ផ្ទះ​ជាប់​ដី មានការ​ទិញ​លក់​រឹតតែ​ល្អ​នៅ​ឆ្នាំ​នេះ ខណៈ​កាលពី​ឆ្នាំ​មុន​លទ្ធភាព​នៃ​ការ​ស្រូប​យក​នៅ​លើ​ទីផ្សារ​មាន​ចំនួន​ត្រឹមតែ​៨​ភាគរយ​ប៉ុណ្ណោះ ឬ​មាន​ន័យ​ថា​ក្រុមហ៊ុន​សាងសង់​រង់ចាំ​ដល់​ទៅ​១៥​ខែ ដើម្បី​លក់​ចេញ​សំណង់ផ្ទះ​របស់​គេ​ឱ្យអស់ ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ