ព្រឹទ្ធាចារ្យ​ឯម ធា​យ អះអាងថា ដរាប​ណា​​នៅ​មាន​ដង្ហើម នៅ​តែ​​បង្រៀន​សិស្ស


រាជធានី​ភ្នំពេញ ៖​ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​ទេវ​នាដ​និម្មិត​ឯម ធា​យ បាន​អះអាង​ថា ដរាប​ណា​​នៅ​មាន​ដង្ហើម គាត់​នៅ​តែ​អាច​បង្រៀន​ចៅ​ៗ​បាន ក្នុង​ពេល​ដែល​គាត់​បាន​លះបង់ និង​លើក​ស្ទួយ​​ដើម្បី​សិល្បៈ​បុរាណ​ខ្មែរ​ស្ទើរ​ពេញ​មួយ​ជីវិត ។ ការ​អះអាង​ពី​ព្រឹទ្ធ​ចា​រ្យ​រូប​នេះ​ ខណៈ​លោក​យាយ​​ធ្លាក់ខ្លួន​ឈឺ និង​ជរាពាធ ដែល​នេះ​ជា​ក្តី​បារម្ភ​ខ្លាំង​ពី​មហាជន ជា​ពិសេស​កូនសិស្ស និង​អ្នក​អាជីព​​សិល្បៈ​បុរាណ ដែល​មិន​ចង់​បាត់បង់​ធនធានមនុស្ស​ផ្នែក​សិល្បៈ​ដ៏​ល្អ​នេះ​ឡើយ ។

បើ​ទោះបីជា​បច្ចុប្បន្ន​លោកយាយ​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត​ឯម ធា​យ បាន​ឈាន​ដល់​វ័យ​៨៦​ឆ្នាំ និង​​កំពុង​ញាំញី​ដោយ​ជំងឺ​ក៏​ដោយ ប៉ុន្តែ​លោកយាយ​នៅ​តែ​ស្រឡាញ់ និង​នៅ​តែ​សន្សំ​ចិត្ត​ជួយ​បង្ហាត់បង្រៀន​កូនសិស្ស​ជំនាន់​ក្រោយ​ដដែល ។

បើ​យោង​តាម​ការ​អះអាង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ទេវ​នាដ​និម្មិត​ឯម ធា​យ នា​ពេល ថ្មី​ៗ​កន្លង​មក​នេះ​​បាន​បញ្ជាក់​ថា «​ដរាបណា​យាយ​នៅ​មាន​ដង្ហើម យាយ​នៅ​តែ​អាច​បង្រៀន​ចៅ​ៗ​បាន ក្រែង​តែ ចៅ​ៗ​គិត​ថា ​យាយ​ចាស់​លែង​មានចំណេះ​ផ្តល់​ឲ្យ ! សិល្បៈ​ជា​ជីវិត សិល្បៈ​ជា​ដង្ហើម ខ្ញុំ​ស្រលាញ់​សិល្បៈ​វប្បធម៌​របស់ខ្ញុំ​ណាស់ »​។

សារ​ដ៏​មាន​តម្លៃ​នេះ​ត្រូវ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​ពេញចិត្ត ហើយ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​លោកយាយ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ និង​បាន​ជួយ​បង្ហាត់បង្ហាញ​ដល់​យុវវ័យ​ជំនាន់​ក្រោយ ព្រមទាំង​ចូលរួម​លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​មានការ​រីក​ចម្រើន ។

កន្លង​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត​ឯម ធា​យ ធ្លាប់​បាន​អះអាង​ថា មាន​បំណង​ចង់​ដំឡើង​ស្នាដៃ​ទម្រង់​ល្ខោនអាប៉េ​វាំង ដែល​បាន​អាក់ខាន​ការ​សម្តែង​ជា​យូរ​មក​ហើយ​ផង​ដែរ ក្នុង​គោលបំណង​បើក​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ស្គាល់​ទម្រង់​នេះ ។ គាត់​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត និង​ជនរួមជាតិ​ទាំងអស់ ឲ្យ​ជួយ​គាំទ្រ​ទំនុកបម្រុង​ចំពោះ​បំណង​នេះ ដើម្បី​ឲ្យ​លោកយាយ​អាច​ដំឡើង​ការ​សំដែង​ទម្រង់​ល្ខោ​ង​អា​ប៉េ​វាំង​នេះ​ជា​សាធារណៈ និង​ទ្រង់​ទាយ​ធំ ។

ទេវ​នាដ​និម្មិត​ឯម ធា​យ បាន​ចូល​ព្យាបាល​ជំងឺរលាកតម្រងនោម និង​ខ្វះ​គ្រាប់​ឈាមក្រហម នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​ពេល ថ្មី​ៗ​នេះ ហើយ​រហូត​មក​ទល់​ពេល​នេះ​បាន​ធូរស្បើយ​បន្តិច​ហើយ ប៉ុន្តែ​ត្រូវ​តាមដាន​អាការ​ជំងឺ​បន្ត​មួយ​រយៈ​ទៀត ។

កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១២ ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ថ្នាក់​ជាតិ​ជូន​ព្រឹទ្ធាចារ្យ​ចំនួន​១៧​រូប ជា​មរតក​មនុស្ស​រស់ ដែល​នៅ​ក្នុង​នោះ​ក៏​មាន​ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​ទេវ​នាដ​និម្មិត​ឯម ធា​យ នេះ​ផង​ដែរ ។ ការ​ផ្តល់​ជូន​នេះ​ដោយសារ​មើលឃើញ​ថា ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត​ឯម ធា​យ មាន​ស្នាដៃ​ជា​នាដកា​របាំ​ព្រះរាជ​ទ្រព្យ និង​ចម្រៀង​បុរាណ តាម​រយៈ​ភាព​អស្ចារ្យ​នៃ​ការ​សម្តែង និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រឹទ្ធាចារ្យ ក៏​ដូច​ជា​ការ​ចែករំលែក​នូវ​ចំណេះដឹង​ទាំងនេះ​ដល់​យុវជន​ជំនាន់​ក្រោយ​។

មួយ​ជីវិត​កើតមក​ប្រៀប​ដូច​ជា​ចន្ទល់​មួយ​ចាំ​ជួយ​ទប់​ទ្រ​គ្រឹះ​សិល្បៈ​បុរាណ​ខ្មែរ ព្រឹទ្ធាចារ្យ​ឯម ធា​យ បាន​ចំណាយពេល​វេលា​របស់​ខ្លួន​ស្ទើរ​ទាំងអស់​លើ​ការ​ហាត់​រាំ​របាំ​ព្រះរាជ​ទ្រព្យ និង​ចម្រៀង​បុរាណ ហើយ​ផ្ទេរ​បន្ត​ដល់​កូនសិស្ស​ជា​ច្រើន​ជំនាន់ តាំងពី​ក្នុង​រាជ្យ​ព្រះបាទ​នរោត្តម​សុរា​ម្រឹត​មក ។ សកម្មភាព​សិល្បៈ​របស់​លោកយាយ មានការ​ទទួលស្គាល់​ពី​គ្រប់​ស្ថាប័ន​រហូត​ដល់​ទទួល​ការ​តែងតាំង​ជា​មរតក​មនុស្ស​រស់​។

បច្ចុប្បន្ន​នេះ ទោះបីជា​លោក​មាន​វ័យ​ចំណាស់​ក៏​ដោយ ប៉ុន្តែ​ព្រឹទ្ធាចារ្យ​រូប​នេះ​ពុំ​បាន​បញ្ឈប់​សកម្ម​ភាព​សិល្បៈ​របស់​ខ្លួន​នោះ​ទេ គាត់​មាន​សកម្មភាព​ក្នុង​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ