​សំណួរ​ជុំវិញ​កីឡាប្រដាល់ ​និង​តម្លៃ​ខ្លួន​​កីឡាករ


រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើននៃ​កីឡាប្រដាល់ ក៏​នៅ​តែ​មាន​ច​ម្ង​ល់​ផង​ដែរ​ជុំវិញ​តម្លៃ​ខ្លួន និង​ការ​គ្រប់គ្រង​ផ្សេង​ៗ ។ ជាមួយ​នឹង​ការ​ចាប់អារម្មណ៍​នេះ មន្ត្រី​ពាក់ព័ន្ធ​គឺ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​រមែង​ប្រាប់​កោះសន្តិភាព​ជា​រឿយ​ៗ ដើម្បី​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ ។ ខាងក្រោម​នេះ ជា​កម្រង​សំណួរ​ជុំវិញ​កីឡា​ករ​ប្រដាល់ ពី​សំណាក់​លោក តែម ម៉ឺន ដែល​ជា​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ៖

១-កោះសន្តិភាព ៖ ជម្រាបសួរ​លោក តើ​លោក​យល់​ឃើញ​យ៉ាងណា​ដែរ​ពី​ស្ថានភាព​កីឡា​ប្រដាល់​សេរី​នៅ​កម្ពុជា ?
លោក តែម ម៉ឺន ៖ សម្រាប់​ខ្ញុំ ក៏​ដូច​ជា​សហព័ន្ធ​ទាំងមូល​សុទ្ធតែ​មើលឃើញ​ថា វិស័យ​កីឡា​ប្រដាល់​​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន មាន​សន្ទុះ​រីក​ចម្រើន បន្ទាប់​ពី​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន យក​ចិត្ត​ទុកដាក់​ចំពោះ​វិស័យ​សិល្បៈ ជា​ពិសេស​វិស័យ​ប្រដាល់​​តែ​ម្ដង ។

២-កោះសន្ដិភាព ៖ តើ​លោក​មើលឃើញ​ពី​ភាព​ប្រែប្រួល​ដូច​ម្ដេច រវាង​កីឡាប្រដាល់​កាលពី​អំឡុង​១០​ឆ្នាំ​មុន និង​បច្ចុប្បន្ន ?
លោក តែម ម៉ឺន ៖ ខ្ញុំ​មើលឃើញ​ថា​ខុស​គ្នា​ច្រើន ដោយសារ​កាលពីមុន​អ្នក​ប្រដាល់​យើងមិន​សូវ​មាន​ច្រើន តែ​បច្ចុប្បន្ន​យើង​មាន​គ្រប់​ប្រភេទ​ទម្ងន់ មិន​ថា​គីឡូ​ស្រាល​៤០​ជាង ៥០​ជាង និង​រហូត​ដល់​គីឡូ​ធ្ងន់ ហើយ​ក្នុង​ប្រភេទ​ទម្ងន់​នីមួយ​ៗ សុទ្ធតែ​មាន​កីឡាករ​ឆ្នើ​ម​ៗ​ដែល​យើង​អាច​នាំ​យក​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន ។ ក្នុង​នោះ សង្វៀន​អន្តរជាតិ​នា​ពេល​ប​ច្ចុប្បន្ន​ក៏​មាន​ច្រើន​ខុស​ពី​មុន ដែល​អាច​ជួយ​ឲ្យ​កីឡាករ​យើង​មានឱកាស​បាន​សាក​សមត្ថភាព​ជាមួយ​កីឡាករ​បរទេស ដែល​អាច​និយាយ​បាន​ថា ជួយ​ឲ្យ​កីឡាករ​ខ្មែរ​កាន់តែ​មាន​តម្លៃ ។

មួយវិញទៀត រាល់ថ្ងៃ​យើង​សុទ្ធតែ​ឃើញ​ទាំងអស់​គ្នា​ថា កីឡាករ​បរទេស​ច្រើន​ណាស់ មក ប្រកួត​នៅ​កម្ពុជា អ៊ី​ចឹ​ង​ចង់​ឬ​មិន​ចង់ គឺ​ស្មើនឹង​ធ្វើ​ឲ្យ​បរទេស​កាន់តែ​ទទួលស្គាល់​ថា វិស័យ​ប្រដាល់​យើង​រីក​ចម្រើន ហើយ​ជា​កីឡា​ដែល​ខ្មែរ យើង​បាន​និង​កំពុង​ថែរក្សា​ជូន​ដូនតា​កុំ​ឲ្យ​បាត់​មុខ ។

៣-កោះសន្តិភាព ៖ លោក​រមែង​បញ្ជាក់​ថា ធនធាន​អ្នក​ប្រដាល់​បច្ចុប្បន្ន​គ្រប់គ្រាន់ តើ​អ្វី​ជា​មូល​ហេតុ​ដែល​តែងតែ​ធ្វើ​ឲ្យ​សង្វៀន​ធំ​ៗ​នៅ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍ ដាក់​តែ​កីឡាករ​ដដែល​ៗ ឲ្យ​ឡើង​សង្វៀន ?
លោក តែម ម៉ឺន ៖ បើ​ទោះជា​កីឡាករ​យើង​មាន​ច្រើន ប៉ុន្តែ​សម្រាប់​កីឡាករ​ដែល​ល្អ​ៗ ហើយ​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​ខ្លាំង​អាច​មិន​មាន​ដល់​រាប់​សិប​នាក់​នោះ​ទេ ។ ម្យ៉ាង បណ្ដា​សង្វៀន​ពួក​គាត់​ត្រូវការ​ស្ទាបស្ទង់​អ្នកគាំទ្រ​របស់់​គាត់ ថា កីឡាករ​គេ​ចូល​ចិត្ត​មើល អ៊ី​ចឹ​ង​តែ​កីឡាករ​វ៉ៃ​ទៅ ល្អ គឺ​គេ​ដាក់​អ្នក​ហ្នឹង​ឲ្យ​ប្រកួត​ញឹក​ហើយ ។ ហ្នឹង ហើយ​ដែល​ខ្ញុំ​តែងតែ​ទទូច​ឲ្យ​កីឡាករ​ទាំងអស់​ប្រឹង​ប្រែង ហើយ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ បើ​ខ្វះ​ភាព​ទាក់ចិត្ត ក៏​ឆ្ងល់​ថា ហេតុ​អ្វី​យើង​ជា​កីឡា​ករ​ប្រដាល់​នឹង​គេ​ដែរ​មិនសូវ​មាន​អ្នក​ផ្គូផ្គង ។

៤-កោះសន្តិភាព ៖ លោក​អាច​ជម្រាប​បាន​ទេ ថា ស្ថានភាព​តម្លៃ​ខ្លួន​របស់​កីឡាករ​ប្រដាល់​ប​ច្ចុ ប្បន្ន​​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ខុស​គ្នា​ដូច​ម្ដេច ?
លោក តែម ម៉ឺន ៖ ខុស​គ្នា​ច្រើន ព្រោះ​ពី​មុន​កីឡាករ​ឡើង​សង្វៀន​ម្ដង​ៗ បាន​តម្លៃ​ខ្លួន​មិន​ច្រើន​ទេ ប៉ុន្តែ​ឥឡូវ​មិនមែន​ជា​ការ​ប្រកួត​ពាន ឬ​ជើងឯក តែ​កីឡាករ​យើង​អាច​មួយ​ប្រកួត​បាន​ដល់​៥០០-៦០០​ដុល្លារ និង​អាច​ដល់​ជាង​១​ពាន់​ដុល្លារ ដែល​ធ្វើ​ឲ្យ​កីឡាករ​យើង​មាន​លទ្ធភាព​ជាង​មុន ។ កីឡាករ​ភាគច្រើន​មានឱកាស​កសាង​ជីវភាព​ពី​ការ​ប្រដាល់ ដោយ​ទទួល​បាន​លុយ​យក​ទៅ​សិក្សា​ដល់​ចប់ ហើយ​មានការ​ងារ​ល្អ​ៗ​ធ្វើ ។ ប៉ុន្តែ​ក៏​មាន​កីឡាករ​ល្បី​ខ្លះ ក្រោយ​ពេល​បាត់​មុខ​ទៅ​ធ្លាក់ខ្លួន​ដែរ ដែល​កត្តា​មួយ​អាច​ដោយសារ​គាត់​បាន​លុយ​ច្រើន​ៗ​ពី​ការ​ប្រកួត ពួក​គាត់​ខ្វះ​បម្រុង​ទុក ។

៥-កោះសន្តិភាព ៖ លោក​យល់​ឃើញ​យ៉ាងដូចម្តេច​ដែរ ចំពោះ​តម្លៃ​ខ្លួ​ការ​ប្រកួត​ថ្នាក់​ជាតិ​រាល់​ឆ្នាំ ដែល​កីឡាករ​ភាគច្រើន​ត្អូញត្អែរ​ថា បាន​តម្លៃ​ខ្លួន​មិនសូវ​ប្រែប្រួល​ពី​១០​ឆ្នាំ​មុន សម្រាប់​ជើងឯក​ដែល​​​ប្រកួត​ឈ្នះ ?
លោក តែម ម៉ឺន ៖ មិនមែន​មិនសូវ​ប្រែប្រួល​ទេ គ្រាន់តែ​ប្រាក់​រង្វាន់​គោល​សម្រាប់​ការ​ប្រកួត​វា​ជា​កញ្ចប់​ដែល​ទម្លាក់​ដោយ​ក្រសួង​មិនសូវ​ខុស​គ្នា ប៉ុន្តែ​បន្ថែម​ពីលើ​ប្រាក់​រង្វាន់​គោល គឺ​យើង​មាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត និង​រង្វាន់​ផ្សេង​ៗ ដែល​រង្វាន់​ទាំងនេះ​កាលពី​១០​ឆ្នាំ​មុន​ស្ទើរតែ​មិន​មាន​។ ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​ប្រកួត​ថ្នាក់​ជាតិ គឺជា​ការ​ប្រកួត​ក្រោម​ការ​រៀបចំ​របស់​ក្រសួង ហើយ​ការ​​ប្រកួត​ម្ដង​ៗ​មាន​ច្រើន​គូ ច្រើន​កីឡាករ ដែល​ខុស​ពី​ការ​ប្រកួត​លើ​សង្វៀន​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​ក្រសួង និង​សហព័ន្ធ មិន​មាន​លទ្ធភាព​ផ្ដល់​រង្វាន់​ដល់​អ្នក​ឈ្នះ​ជើងឯក​ម្នាក់​ៗ​ដល់​រាប់រយ​ដុល្លារ ឬ​រាប់​ពាន់​ដុល្លារ​បាន​ទេ ។

ដូច្នេះ​មហាជន​ពិតជា​យោគយល់ ព្រោះ​បើ​យើង​រៀបចំ​តែ​ម្ដង​៥​គូ​ដូច​ខាង​ទូរទស្សន៍​ឯកជន​កញ្ចប់​អ្នក​ឈ្នះ​អាច​ច្រើន​ៗ​ទៅ​បាន តែ​នេះ​យើង​ចំណាយ​លើ​ផ្នែក​ផ្សេង​ៗ​ច្រើន ។ ជា​ពិសេស យើង​ក៏​មាន​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ចូល​ប្រកួត ដល់​មន្ត្រី​គណៈកម្មការ ចៅក្រម និង​បណ្ដា​ក្លិប​ច្រើន​ម្ដង​ៗ គឺ​មិនមែន​តែ​មនុស្ស​បួនដប់​នាក់​ទេ ។ យ៉ាងណាមិញ សរុប​ទាំង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ផង កីឡាករ​ម្នាក់​ៗ​ទទួល​បាន​ច្រើន បើ​ធៀប​នឹង​ច្រើន​ឆ្នាំ​មុន ។

៦-កោះសន្តិភាព ៖ មក​ដល់​បច្ចុប្បន្ន នៅ​តែ​មានការ​លើក​ឡើង​ថា តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​ម្ដង​ៗ​នៅ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ប្រទេស​ជិតខាង តើ​លោក​យល់​ឃើញ​ដូច​ម្ដេច​ដែរ ?
លោក តែម ម៉ឺន ៖ ជា​ការ​ពិត កម្ពុជា​មិន​អាច​ប្រៀបធៀប​ស្ថានភាព​ជាមួយ​តម្លៃ​ខ្លួន​ប្រទេស​គេ​បាន​ទេ ដោយសារ​ពលរដ្ឋ​យើង​តិច​ជាងគេ ដូច្នេះ​បណ្ដា​ទូរទស្សន៍​ដែល​មាន​សង្វៀន​ប្រដាល់ ពួក​គាត់​ក៏​មាន​ផល​លំបាក​ដែរ ដោយ​សារ​ស្ពុ​ន​ស័​រ គេ​មិន​ហ៊ាន​ឧបត្ថម្ភ​មួយ​កម្មវិធី​ច្រើន​ៗ​បាន​ទេ ។

ដោយសារ​ខ្ញុំ​ដឹង​មក គឺ​ម្ចាស់​ផលិតផល​មួយ​ៗ គេ​ផ្ដល់​ជូន​ម្ចាស់​សង្វៀន​នីមួយ​ៗ តាម​អត្រា​នៃ​ការ​លក់​ចេញ​ផលិតផល​របស់​គេ ឬ​តាម​ភាគរយ​នៃ​ប្រជាជន​យើង គឺ​មិនមែន​មាន​ន័យ​ថា ផលិតផល​ដដែល​ហ៊ាន​ឲ្យ​តម្លៃ​មួយ​ខ្ពស់​ក្នុង​ការ​ឧបត្ថម្ភ​សង្វៀន​ប្រដាល់​នៅ​ប្រទេស​គេ ហើយ​ពេល​គេ​មក​ឧបត្ថម្ភ​សង្វៀន​ប្រដាល់​នៅ​កម្ពុជា គេ​ហ៊ាន​ផ្ដល់​តម្លៃ​ដូច​គ្នា​ទេ ។ ត្រង់​ហ្នឹង ហើយ ដែល​តម្លៃ​ខ្លួន​របស់​កីឡាករ​កម្ពុជា​មិន​អាច​យក​ទៅ​ប្រៀប​ជាមួយ​តម្លៃ​ខ្លួន​កីឡាករ​ប្រទេស​ជិតខាង​ឬ​បរទេស​បាន ប៉ុន្តែ​បើ​ធៀប​កាល ពី​មុន គឺ​យើង​ប្រសើរ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។

៧-កោះសន្តិភាព ៖ តើ​លោក​យល់​ថា វិស័យ​ប្រដាល់​នៅ​កម្ពុជា​នៅ​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ត្រូវ​កែតម្រូវ ?
លោក តែម ម៉ឺន ៖ មិន​អត់​ទេ​សម្រាប់​ចំណុច​ខ្វះខាត ហើយ​នៅ​ប្រទេស​ណា​ក៏​មាន​ដែរ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​កែតម្រូវ គឺ​ត្រូវ​បណ្ដុះ​ស្មារតី​កីឡាករ​ឲ្យ​ចង់​ប្រកួត​ដើម្បី​កិត្តិយស មិនមែន​ដើម្បី​លុយ​តែ​មួយ​មុខ ហើយ​ត្រូវ​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​និង​យុត្តិធម៌​ចំពោះ​អ្នក​ប្រដាល់​គ្រប់​រូប ។ ក្នុង​នោះ បើ​ទោះជា​សហព័ន្ធ​នៅ​ខ្វះ​ហិរញ្ញវត្ថុ​ក្នុង​ការ​ជំរុញ ប៉ុន្តែ​យើង​នឹង​ដើរ​ជា​ជំហាន​ៗ ដើម្បី​ឲ្យ​កាន់តែ​មានការ​ទទួលស្គាល់ ។

៨-កោះសន្តិភាព ៖ លោក​យល់​ថា គួរ​មាន​យុទ្ធសាស្ត្រ​បែប​ណា​ទៀត​ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ ?
លោក តែម ម៉ឺន ៖ យុទ្ធសាស្ត្រ​គឺ​មាន​ច្រើន ប៉ុន្តែ​អ្វី​ដែល​ប្រឈម​មុខ​គឺ​ត្រូវ​បង្កើត​សកម្មភាព​ឲ្យ​បាន​ច្រើន ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​បង្ហាញ​សមត្ថភាព​ឲ្យ​បាន​ច្រើន ជួយ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ និង​សំខាន់​ជាងគេ​គឺ​ត្រូវ​លើក​ទឹកចិត្ត​អ្នក​ប្រដាល់ និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ។

៩-កោះសន្តិភាព ៖ សហព័ន្ធ​មាន​គម្រោង​ជ្រោមជ្រែង​បណ្ដា​ក្លិប​ប្រដាល់​នីមួយ​ៗ​ដូច​ម្ដេច ដោយ​សារ​តែ​បណ្ដា​ក្លិប​ភាគច្រើន ហាក់​ខ្វះ​ធនធាន និង​មាន​ខ្លះ​តស៊ូ​បើក​ទាំង​ប៉ផាប់​ពភីង ?
លោក តែម ម៉ឺន ៖ មិនមែន​ថា​យើង​មិន​គិតគូរ​ទេ ប៉ុន្តែ​សហព័ន្ធ​ក៏​មាន​ផលវិបាក​របស់​ខ្លួន​ដែរ ។ ដូច្នេះ​នៅ​ក្នុង​ដំណាក់កាល​នេះ យើង​ទទូច​ឲ្យ​ម្ចាស់​ក្លិប​រៀន​រស់​ដោយ​ខ្លួនឯង តែ​យើង​ក៏​បាន​ជំរុញ​​ឲ្យ​កីឡាករ​របស់​ក្លិប​នីមួយ​ៗ ដែល​បាន​ស្នើ​មក​បាន​ប្រកួត​ញឹក មាន​ប្រាក់​ឧបត្ថម្ភ​ខ្លួន និង​គ្រូបង្វឹក នៅ​ពេល​កីឡាករ​របស់​ក្លិប​ណាមួយ​ឡើង​ប្រកួត និង​ជួយ​ប្រកាស​ស្វែង​រក​ដៃគូ​ជួយ​ពួក​គាត់​ផង​ដែរ ។

យ៉ាងណាមិញ​លោក​ទទូច​ឲ្យ​បណ្ដា​វិស័យ​ឯកជន​ចូលរួម​ឧបត្ថម្ភ​ជួយ​ក្លិប​ទាំង​នោះ ដើម្បី​ឲ្យ​ក្លិប​ប្រដាល់​នៅ​កម្ពុជា​ដំណើរការ​បាន​រលូន និង​មាន​ស្ដង់ដារ​សម្រាប់​ឲ្យ​សិស្ស​ហ្វឹកហាត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ