រាជធានីភ្នំពេញ ៖ តាមការបញ្ជាក់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាមេរិក រដ្ឋាភិបាលអាមេរិកប្រកាសជំហរថា មិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ ។
យោងតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ តុលានេះ សម្តេចតេជោហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះការលើកឡើងរបស់លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដែលបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់សហរដ្ឋអាមេរិកក្នុងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបប ឬរដ្ឋាភិបាលតាមរយៈការប្រើអំពើហិង្សា ឬសកម្មភាពផ្សេងណាមួយក្រៅពីតាមបែបប្រជាធិបតេយ្យ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមិនមែនចាប់ផ្តើមពីចំណុចសូន្យនោះទេ គឺជាការបន្តនូវទំនាក់ទំនងល្អដែលធ្លាប់មានពីមុនមក ។ ក្នុងបរិបទថ្មីដែលមានលោក W.Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកមានជាអាទិ៍ ការសហការរៀបចំទិវាបុណ្យខួបលើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-អាមេរិក រៀបចំជាការ សម្តែងសិល្បៈ កីឡា ការជួបជុំអតីតនិស្សិតធ្លាប់រៀននៅអាមេរិក បេសកកម្ម រុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា និងកម្មវិធីភីសុខប (Peace Corps) ដែលជាការងារលើកកម្ពស់មិត្តភាព សន្តិភាពអន្តរជាតិ តាមរយៈសេវាកម្មអ្នកស្ម័គ្រចិត្តអាមេរិក ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ