ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មេប៉ុស្តិ៍នគរបាលម្នាក់បានបាញ់សំលាប់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ ប៊ួ រិទ្ធី ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក និងមុខងារជានាយប៉ុស្តិ៍សង្កាត់ទឹកផ្លា ដែលមានប្រពន្ធ និងកូនប្រុស២នាក់ រស់នៅក្នុងភូមិ-កើតហេតុខាងលើ។
សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះជាមេប៉ុស្តិ៍បាញ់សម្លាប់ខ្លួននោះ គឺជនរងគ្រោះបានជិះរថយន្តធុនកាម៉េរី ស៊េរីឆ្នាំ២០០៧ ទៅឈប់ និងចតចោលមុខផ្ទះម្តាយបង្កើតរបស់ខ្លួន ទាំងមិនទាន់ពន្លត់រថយន្តន ដោយបញ្ឆេះរថយន្តទុកចោល ហើយក៏ដើរចូលទៅក្នុងផ្ទះម្តាយ។ មួយរំពេចនោះបានដើរចេញមកវិញ មិនទាន់ផុតមុខផ្ទះផង ក៏លាន់ឮស្នូរកាំភ្លើង១គ្រាប់ ស្រាប់តែឃើញជនរងគ្រោះដួលស្លាប់នៅមុខផ្ទះបាត់ទៅហើយ ដែលមានអាវុធខ្លីធុន AK59 នៅក្បែរខ្លួន ហើយជនរងគ្រោះមានស្លាកស្នាមត្រូវ១គ្រាប់លើត្រចៀកធ្លាយទៅម្ខាងស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
បើតាមមន្ត្រីជំនាញនៃស្នងការនគរបាលខេត្ត បានប្រាប់ថា ជនរងគ្រោះដែលស្លាប់នេះ គឺពិតជាបាញ់សម្លាប់ខ្លួនឯងដោយអាវុធខ្លីចំនួន១គ្រាប់ ត្រូវលើត្រចៀកធ្លាយទៅម្ខាងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយមិនបានដឹងច្បាស់នៅឡើយថា ជនរងគ្រោះដែលបាញ់សំលាប់ខ្លួនឯង ដោយមូលហេតុអ្វីនៅឡើយទេ។
ប៉ុន្តែបើតាមការលិចឮព័ត៌មានពីអ្នកជិះខាងបានឱ្យដឹងថា ជនរងគ្រោះជាមេប៉ុស្តិ៍នគរបាល រូបនេះ សង្ស័យថា ប្រហែលជារឿងវិបត្តិក្នុងគ្រួសារ ទើបបានបាញ់សំលាប់ខ្លួនបែបនេះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ