រាជធានីភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលខ្ទេចមុខខ្លួនឯង បន្ទាប់មករថយន្តបង្កបានរ៉េចង្កូតទៅស្តាំដៃកៀរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ហើយម៉ូតូកង់បីឥណ្ឌានោះក៏ក្រឡាប់សង្កត់ពីលើម៉ូតូមួយគ្រឿងទៀត បណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះទាំង៤នាក់ក្នុងគ្រោះថ្នាក់ខាងលើនេះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដែលក្នុងនោះរួមមានអ្នកជិះក្នុងរថយន្តរងរបួសចំនួន២នាក់, ម៉ូតូកង់៣ឥណ្ឌាមានអ្នករងរបួសម្នាក់ និងម៉ូតូបានរងរបួស១នាក់ ។ ជនរងគ្រោះទាំង៤នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្តមួយដែលបង្កគ្រោះថ្នាក់ខាងលើត្រូវបាននគរបាលអោយដឹងថា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-០៥០៩ បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ជាអ្នករួមដំណើរ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ក៍បានជ្រុលចង្កូតទៅបុករថយន្តដឹកកុងតឺន័រមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយខ្ទេចមុខខ្លួនឯង ចំណែករថយន្តកុងតឺន័រពុំបានឈប់ឡើយ ក៏បើកទៅមុខបាត់។
តាមប្រភពដដែលបានបន្តថា បន្ទាប់មក រថយន្តបង្កនោះក៏បានរ៉េចង្កូតទៅស្តាំដៃកៀរម៉ូតូកង់៣ឥណ្ឌាមួយគ្រឿង បណ្តាលអោយក្រឡាប់សង្កត់លើម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ។
តាមប្រភពដដែលបានបន្តទៀតថា នៅក្នុងគ្រោះថ្នាក់ខាងលើបណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងនោះអ្នកបើកបររថយន្តបង្កបានរងរបួសកៀបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នា ជួយគាស់ទាញចេញមកក្រៅរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ រថយន្តបង្ក និងម៉ូតូកង់៣ឥណ្ឌា ព្រមទាំងម៉ូតូមួយគ្រឿងទៀតត្រូវបាននគរបាលចុះទៅស្ទួច រួចបញ្ជូននទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាត និងចេញថ្លៃព្យាបាល៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ