ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានរឿងដ៏គួរឲ្យហួសចិត្តមួយ ខណ:គ្រួសារក្រីក្រមួយមានកូនរហូតដល់៨នាក់បាននាំគ្នាលើកដៃសំពះសុំឲ្យអាជ្ញាធរខេត្តប៉ៃលិនជួយអន្តរាគមន៍ បន្ទាប់ពីពួកគេបានទិញដីផ្ទះពីបុរសម្នាក់ក្នុងតម្លៃ៥ពាន់ដុល្លារ រួចនាំប្រពន្ធកូនទៅរស់នៅអស់រយ:ពេល៤ឆ្នាំមកហើយ លុះរហូតដល់ពេលថ្មីៗនេះស្រាប់តែមានអ្នកផ្សេងទៅអះអាងថា ដីនោះជារបស់គេហើយបង្ខំឲ្យពួកគាត់ចុះចេញពីផ្ទះដោយកំណត់ត្រឹមតែរយ:ពេល២សប្តាហ៍ប៉ុណ្ណោះ ។
ដោយហេតុនេះទើបពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងដេកមិនលក់បក់មិនល្ហើយក៏នាំគ្នាលើកដៃទទូចអង្វរសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនពួកគេផងដែរ ។
ហេតុការណ៍បុរសស្ត្រីក្រីក្រនាំគ្នាលើកដៃសំពះអង្វរសុំអាជ្ញាធរជួយអន្តរាគមន៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលានេះ ស្ថិតនៅក្នុងភូមិក្រ ចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារដែលទិញដីផ្ទះគេមានឈ្មោះ យឿន សឿន ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ សួន ឈឿម អាយុ៥១ឆ្នាំ មានកូនចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងភូមិសង្កាត់ខាងលើ ។
បើតាមសម្តីប្តីប្រពន្ធខាងលើបានរៀបរាប់ទាំងក្តុកក្តួល និងហូរទឹកភ្នែករហាមឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ពួកគាត់បានទៅចងការនាយទុន ដើម្បីយកប្រាក់ចំនួន៥០០០ដុល្លារទៅទិញដីមានផ្ទះស្រាប់មួយកន្លែង ស្ថិតក្នុងភូមិក្រចាប់លើ ក្រុងប៉ៃលិន រួចនាំប្រពន្ធកូនទៅស្នាក់នៅដោយដីនោះមានទទឹង៣២ម៉ែត្រ និងបណ្តោយ១៥០ម៉ែត្រ ។
ពួកគាត់បន្តទៀតថា អ្នកលក់ដីមានផ្ទះឲ្យគាត់ឈ្មោះ គង់ សុទ្ធវិចិត្រ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅខេត្តសៀមរាប ។ ប៉ុន្តែដោយសារខ្វះខាតលុយកាក់បង់ឲ្យគេពួកគាត់ក៏សម្រេចចិត្តនាំប្តីប្រពន្ធទៅធ្វើការរកស៊ីនៅប្រទេសថៃ ដើម្បីបានប្រាក់ផ្ញើឲ្យកូនយកទៅបង់ថ្លៃការ ដោយទុកតែកូនៗឲ្យស្នាក់នៅថែរក្សាផ្ទះប៉ុណ្ណោះ ។ ស្រាប់តែពេលត្រឡប់មកដល់ផ្ទះវិញ រហូតមកដល់ថ្ងៃទី២៣ ខែតុលានេះ មានបុរសម្នាក់ឈ្មោះ រី ហាក់ អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ឌឹម សុភាព អាយុ៤៩ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅមេភូមិក្រចាប់លើ ដើម្បីបណ្តេញពួកគាត់ចេញពីផ្ទះ ។
ពេលនោះ ពួកគាត់គ្មានពាក្យអ្វីនឹងឆ្លើយតបទៅគេវិញទេ គ្រាន់តែនិយាយថា ពួកគាត់បានទិញដីស្របច្បាប់មិនបានលួចប្លន់ ឬចូលទៅរស់នៅអត់មានច្បាប់ទម្លាប់ ឬគ្មានការអនុញ្ញាតិពីម្ចាស់ផ្ទះនោះឡើយ ។ ពួកគាត់ក៏មិនព្រមចាកចេញទៅរស់នៅកន្លែងណាទៀតដែរ ព្រោះដី និងផ្ទះនេះ គឺជាសាច់ស្រស់ឈាមស្រស់របស់ពួកគាត់ ដែលបានខិតខំប្រឹងរកទាំងត្រដាបត្រដួស ទម្រាំនឹងបានប្រាក់យកទៅសងបំណុលគេ ។ ពួកគាត់ក៏សូមលើកដៃអង្វរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ជូនពួកគាត់ផងដែរ ។ ម្យ៉ាងវិញទៀត បើសិនជាម្ចាស់ដីដើមចង់រករឿង សូមទៅរករឿងអ្នកដែលលក់ឲ្យពួកគាត់នេះទៅ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ សុទ្ធវិចិត្រ ដែលបានលក់ដីឲ្យប្តីប្រពន្ធក្រីក្រខាងលើបានឲ្យដឹង កាលពីវេលាម៉ោង១និង២៧នាទីរសៀល ថ្ងៃទី២៥ ខែតុលានេះថា ដី និងផ្ទះខាងលើ ត្រូវបានបុរសឈ្មោះ រី ហាក់ ប្រពន្ធឈ្មោះ ឌឹម សុភាព ផ្ទេឲ្យគាត់រួចរាល់អស់ហើយដោយមានស្នាមមេដៃលោកមេភូមិ និងចុះហត្ថលេខាពីលោកចៅសង្កាត់អូរតាវ៉ៅថែមទៀតផង ហើយក្រោយមកលោកក៏លក់ដីផ្ទះបន្តទៅឲ្យបុរសស្ត្រីរងគ្រោះខាងលើ តម្លៃ៥០០០ដុល្លារ ។ លោកបន្តទៀតថា បើសិនជានរណាម្នាក់ចង់រករឿង សូមឲ្យទៅរករឿងខាងលោកមិនត្រូវទៅរករឿងអ្នកទិញពីលោកនោះឡើយ ព្រោះជាកម្មសិទ្ធិរបស់ខ្លួន បើលោកចង់យកទៅលក់ឲ្យអ្នកណានោះក៏បានដែរ ។
ចំណែកលោក ចោប ចាន់រ័ត្ន មេភូមិក្រចាប់លើបានឲ្យដឹងថា ខាងលោកគ្មានសិទ្ធិឯណា ទៅបណ្តេញជនរងគ្រោះឲ្យចេញពីដីផ្ទះដែលខ្លួនខំប្រឹងរកប្រាក់ទិញរស់នៅនោះទេ គឺក្នុងនាមជាអាជ្ញាធរភូមិ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះម្ចាស់ដីដើមឲ្យខាងលោកជួយសម្របសម្រួលទើបខាងលោកហៅភាគីទាំងសងខាងទៅនិយាយគ្នា កាលពីពេលថ្មីៗ កន្លងទៅនេះ ហើយបើសិនជាដោះស្រាយមិនកើតទេ ខាងលោកនឹងបញ្ជូនរបាយការណ៍ទៅថ្នាក់លើ ដើម្បីចាត់ការបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ