មហាមិត្ត​ចិន​ត្រៀម​ទុន​៣០​លាន​ដុល្លារ​វិនិយោគ​ដំណាំ​ចេកអំបូង​នៅ​កម្ពុជា​លើ​ទំហំ​ដី​ជាង​១៥០០​ហិច​តា


រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ​របស់​កម្ពុជា​កន្លង​មក​ដែល​ចង់បាន​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​ដំណាំ​ចេកអំបូង​លឿង​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ពេល​នេះ​ខាង​ភាគី​ចិន​មាន​គម្រោង​វិនិយោគ​លើ​ដំណាំ​ចេកអំបូង​លឿង ដោយ​ត្រៀម​ទុន​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដាំ​ដុះ​ចេកអំបូង​លើ​ផ្ទៃដី ប្រមាណ​១៥០០​ហិច​តា ។ នេះ​បើ​យោង​តាម​គេហទំព័រ​បណ្ដាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។

​ប្រភព​ដដែល​បានអោយ​ដឹង​ថា វិនិយោគិន​ចិន​នៃ​ទីក្រុង​ប៉េ​កាំ​ង បាន​ចាប់អារម្មណ៍ និង​គ្រោង​ដាក់​ទុន​ប្រមាណ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​វិនិយោគ​ដាំ​ដុះ​ដំណាំ​ចេកអំបូង​លឿង លើ​ផ្ទៃដី ប្រមាណ ១៥០០​ហិច​តា ក៏​ប៉ុន្តែ​សម្រាប់​ទីតាំង​ជាក់លាក់​ណាមួយ​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​លាង​ត្រដាង​នៅឡើយ​នោះ​ទេ ។

បើ​តាម​លោក Li Zhijun អគ្គនាយក​នៃ​មន្ទីរ​កសិកម្ម និង​កិច្ចការ​ជនបទ​នៃ​ក្រុង​ប៉េកាំ​ង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានអោយ​ដឹង​ថា កម្ពុជា​នឹង​ចិន​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យូរ​មក​ហើយ ហើយ​ពេល​នេះ ក៏​គួរតែ​ដល់​ពេល​ដែល​ភាគី​ទាំង​ពីរ ត្រូវការ​ពង្រីក​នូវ​វិស័យ​កសិកម្ម​បន្ថែម​ទៀត​ហើយ ដោយសារ​តែ​តម្រូវការ​ផលិតផល​កសិកម្ម​ពី​កម្ពុជា នៅ​ក្នុង​ប្រទេស​ចិន​កំពុង​មាន​ទីផ្សារ​ខ្ពស់ ជាក់ស្ដែង​ចេកអំបូង​លឿង ជាដើម កំពុង​មាន​តម្រូវការ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ។

លោក Li Zhijun បាន​បន្ត​ថា «​ដើម្បី​អោយ​ការ​ផ្គត់ផ្គង់​ចេក​ពី​កម្ពុជា នៅ​ក្នុង​ប្រទេស​ចិន ជា​ពិសេស​នៅ​ទីក្រុង​ប៉េ​កាំ​ង​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ផង​ដែរ​នោះ ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉េ​កាំ​ង​កំពុងធ្វើការ​សិក្សា រៀបចំ​ផែនការ​វិនិយោគ​តម្លៃ​ជាង ៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ធ្វើការ​ដាំ​ដុះ​ដំណាំ​ចេកអំបូង​លឿង​នៅ​កម្ពុជា លើ​ផ្ទៃដី​ជាង​១ ៥០០​ហិ​កតា​នា​ពេល​អនាគត » ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ក្រុង​ប៉េ​កាំ​ង​ដែល​បាន​បំពេញបេសកកម្ម​រយៈពេល​៦​ខែ​នៅ​កម្ពុជា ក្នុង​គោលបំណង​សម្របសម្រួល​ជាមួយ​សហគ្រាស​ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​និង​ដើម្បី​សិក្សា​ពី​លទ្ធភាព ដែល​អាច​វិនិយោគ​ដំណាំ​ចេកអំបូង​លឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។

លោក ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កន្លង​មក អគ្គនាយកដ្ឋាន​កសិកម្ម​បាន​និង​កំពុង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​មន្ទីរ​កសិកម្ម និង​កិច្ចការ​ជនបទ​ខេត្ត​នៃ​ប្រទេស​ចិន​ជា​ច្រើន​មក​ហើយ​។ ភាគី​ទាំង​ពីរ​ពិតជា​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថែម​មួយ​កម្រិត​ទៀត​ពិសេស​ជាមួយ​មន្ទីរ​កសិកម្ម និង​កិច្ចការ​ជនបទ​នៃ​ក្រុង​ប៉េ​កាំ​ង ។

​ពាក់ព័ន្ធ​នឹង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន CAG លោក​បាន​បញ្ជាក់​ថា ការងារ​នេះ​ពិតជា​សម​ស្រប និង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ពីព្រោះ​វិស័យ​កសិកម្ម​កម្ពុជា​គឺ​មាន​សក្តានុពល​ខ្ពស់ ។ មួយវិញទៀត ផែនការ​វិនិយោគ​នេះ​ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​កសិកម្ម​ទំនើប ការ​កែ​ច្នៃ ការ​វេច​ខ្ចប់ និង​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​អន្តរជាតិ ។

សូម​បញ្ជាក់​ថា ផលិតផល​ចេកអំបូង​លឿង​របស់​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បណ្ដើរ​ៗ​ហើយ ក្នុង​នោះ​ក្រុមហ៊ុន​កសិកម្ម ឡុ​ង​ម៉េ​ត អា​ហ្គ្រី​ខ​ល់​ឈើ ជា​អ្នក​វិនិយោគ​ធំ​ក្នុង​ការ​នាំ​ចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ។

យោង​តាម​ប្រសាសន៍​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កន្លង​មក​ថា ចិន គឺជា​ទីផ្សារ​ធំ សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​បង្កើន​ការ​ចរចារ​ជាមួយ​ភាគី​ចិន ដើម្បី​នាំ​ចេញ​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ ។ តែ​យ៉ាងណា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា នៅ​តែ​ជួប​បញ្ហា ដោយសារ​តែ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ មិន​ទាន់​រលូន ហើយ​ការ​នាំ​ចេញ​ទៅ​ដល់​គោលដៅ ត្រូវ​ប្រើ​រយៈពេល​យូរ​ទៀត​ផង​ដែរ ។ នេះ​ជា​បញ្ហា​ដែល​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​របស​កម្ពុជា​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា គិត​ត្រឹមតែ​១៨ ខែតុលា ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​ផ្លែ​ចេក​ពី​កម្ពុជា​សរុប​មាន​ចំនួន ១១៥.២២៣​តោន ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន វៀតណាម និង​ជប៉ុន ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ