ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អំពាវនាវ​សុំ​ជួយ ខណៈ​បាក់​ទ្វារ​ទឹក​សម័យ​ប៉ុ​ល ពត និង​បាក់​ច្រាំង​ព្រែក​ជីក

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ទ្វារ​ទឹក​ដែល​កសាង​នៅ​ក្នុង​សម័យ​ប៉ុ​ល ពត ស្ថិត​នៅ​ក្នុងភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ហូរ​បុក​ដាច់​ដី បណ្ដាល​ឲ្យ​បាក់​អស់ ចំណែក​ច្រាំង​មាត់​ព្រែកជីក​ក៏​បាន​បាក់​ផង​ដែរ…

ខេត្ត​ត្បូងឃ្មុំ ៖ ទ្វារ​ទឹក​ដែល​កសាង​នៅ​ក្នុង​សម័យ​ប៉ុ​ល ពត ស្ថិត​នៅ​ក្នុងភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ហូរ​បុក​ដាច់​ដី បណ្ដាល​ឲ្យ​បាក់​អស់ ចំណែក​ច្រាំង​មាត់​ព្រែកជីក​ក៏​បាន​បាក់​ផង​ដែរ ជា​ហេតុ​ធ្វើ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ព្រែកជីក ត្រូវ​បាន​បង្ខំចិត្ត​រុះរើ​ជា​បន្ទាន់​ផង​ដែរ ហើយ​អាជ្ញាធរ​ស្រុក​ក៏​បាន​ដាក់​បំរាម​មិន​អោយ​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ស្ពាន​ព្រែកជីក​ខាងលើ ព្រោះ​ខ្លាច​បាក់​ដោយសារ​តែ​ផ្ទុក​លើស​ចំណុះ​នោះ​។

លោ​កឌឹង ខុន អាយុ​៧៣​ឆ្នាំ មុខរបរ​លក់​កាហ្វេ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១៩​នេះ​ថា គាត់​បាន​សង់រោង​សម្រាប់​លក់​កាហ្វេ​នៅ​មាត់​ព្រែកជីក​ខាងលើ​នេះ​គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​នោះ​ទេ​។ តែ​មក​ដល់​រដូវ​ទឹកសម្រក​ក្នុង​ឆ្នាំ​២០១៩ បណ្ដាល​ឱ្យ​ហូរ​ច្រោះ​ដាច់​រលំ​ទ្វារ​ទឹក​សាងសង់​ពី​បេតុង ដែល​កសាង​នៅ​ក្នុង​របប​ប៉ុ​ល ពត ត្រូវ​បាន​បាក់​ដួល​ខ្ទេចខ្ទី​អស់​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

លោក​បាន​រៀបរាប់​បន្ត​ថា ដី​បាន​បាក់​ជិត​មក​ដល់​រោង​របស់​គាត់ ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ ជាមួយ​នោះ​គាត់​ក៏​បាន​ជញ្ជូន​របស់របរ​ដែល​សំខាន់​ៗ​យក​ទៅ​ទុក​នៅ​ឯ​ផ្ទះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រោង​លក់ដូរ​។ ដោយឡែក​ស្ពានបេតុង​ព្រែកជីក ដែល​ត្រូវ​បាន​គេ​ដឹង​ថា កសាង​ឡើង​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ក៏​ត្រូវ​បាន​យាយី​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ដែរ​។

លោក​បាន​រៀបរាប់​បន្ត​ទៀត​ថា ដោយ​មើលឃើញ​ស្ថានភាព​បែប​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍ ដោយ​ដាក់​បំរាម​មិន​ឱ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ស្ពាន​នេះ គឺ​យ៉ាងច្រើន​អាច​ផ្ទុក​ចំណុះ​បាន​ត្រឹមតែ​៥​តោន​ប៉ុណ្ណោះ​។ ប្រសិនបើ​ច្រាំង​បាក់​រហូត​មក​ដល់​រោង​កាហ្វេ​របស់​គាត់​នោះ គាត់​នឹង​ត្រូវ​បញ្ឈប់​ការ​លក់​កាហ្វេ ដោយ​មិន​មាន​កន្លែង​លក់ដូរ​ទៀត​ឡើយ​។

អ្នកស្រី​គឹ​ង ឡា​ម៉ា អាយុ​៥៥​ឆ្នាំ មានផ្ទះ​នៅ​នឹង​មាត់​ព្រែកជីក បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​គាត់​និង​ប្ដី​ឈ្មោះ​វន សុ​ខន អាយុ​៥១​ឆ្នាំ មក​សាង​សង់ផ្ទះ​ឈើ​នៅ​ទី​នេះ​គឺ​ទទួល​សុខសាន្ត​ជា​បន្តបន្ទាប់ មិន​ដែល​មាន​អ្វី​កើតឡើង​នោះ​ទេ ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​គាត់​គឺ​មាន​របាំង​ធ្នួ​ស​ដែល​ជា​អតីត​ឡូត៍​នេសាទ​លេខ​៩ ដោយ​បាន​ទប់ទឹក​មិន​ឱ្យ​ហូរ​គំហុក​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​។ ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ឡូត៍​នេសាទ​ត្រូវ​បាន​កាត់​ចេញ​នោះ របាំង​ក៏​ត្រូវ​បាន​រុះរើ​ចេញ​ក្នុង​រយ​:​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ទឹក​ព្រែក​បាន​ហូរ​បុក​ខ្លាំង​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ដាច់​ដី​និង​បាក់​ច្រាំង​បន្តិច​ម្តង​ៗ ។

អ្នកស្រី​បាន​បន្ត​ថា លុះ​មក​ដល់​ឆ្នាំ​២០១៩ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ហាក់ដូចជា​ប្លែក​ជាង​បណ្ដា​ឆ្នាំ​ណា​ៗ​ទាំងអស់ ដោយ​ទឹក​ហូរ​មក​បុក​ទ្វារ​ទឹក​កសាង​ឡើង​ពី​បេតុង​ក្នុង​សម័យ​ប៉ុ​ល ពត ដែល​មាន​សភាព​រាង​ចាស់​ផង​នោះ​ទើប​បណ្ដាល​ឲ្យ​ដួល​បាក់​ខ្ទេចខ្ទី​អស់​។ នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៩ ច្រាំង​បាន​បាក់​មក​ដល់​ផ្ទះ​របស់​គាត់ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ផង​របង​ជាមួយ រួម​នឹង​អាជ្ញាធរ​ឃុំ​ស្រុក បាន​ចុះ​មក​ជួយ​អន្តរា​គមន៍​រើ​ផ្ទះ​បាន​ទាន់​ពេលវេលា ព្រមទាំង​បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​របស់​គាត់​សម្រាប់​ទុក​ចំណាយ​ថ្លៃ​រុះរើ​ផង​ដែរ ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា គាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​គិតគូរ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​មិន​ទុក​ឱ្យ​ផ្ទះ​បាក់​រលំ​នោះ​ទេ ហើយ​នៅ​យប់​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៩ ច្រាំង​មាត់​ព្រែកជីក​ចេះ​តែ​បន្ត​បាក់​មក​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ដី​និង​ផ្ទះ​របស់​គាត់​ដែល​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ត្រូវ​បាន​បាក់​អស់ ធ្វើ​ឱ្យ​គាត់​មិន​មាន​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋា​ន​នោះ​ទេ​។ ហេតុតែ​ជីវភាព​របស់​គាត់​មានការ​ខ្វះខាត​ ដោយ​ប្ដី​របស់​គាត់​ជា​អ្នកនេសាទ​ត្រី​នៅ​តាម​ដង​ទន្លេមេគង្គ គាត់​សូម​លើកដៃ​ម្រាម​ដប់​សំពះ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មេត្តា​ជួយ​ផ្ដល់​ដី​នៅ​កន្លែង​ណាមួយ​បាន​សមរម្យ​ល្មម​សម្រាប់​ឱ្យ​គាត់​សាងសង់​ផ្ទះ​រស់នៅ ហើយ​គាត់​សង្ឃឹមថា​ថ្នាក់ដឹកនាំ​ដែល​ជា​ម៉ែឪ​នឹង​ផ្ដល់​ឱ្យ​កូនចៅ​តាម​ការ​គួរ​ជាក់​ជា​មិន​ខាន​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រែកជីក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រសិនបើ​មាន​រថយន្ត​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ចូល​មក​ដល់​ឃុំ​ទន្លេ​បិទ តាម​ផ្លូវ​បេតុង​ឆ្លងស្ពាន​ព្រែកជីក ឆ្ពោះទៅ​កាន់​ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នោះ​ទេ ព្រោះ​ស្ពាន​ទំនប់​នៅ​ព្រែក​តា​ក្វា​ន់​ ត្រង់​ព្រំប្រទល់​ស្រុក​ត្បូងឃ្មុំ​និង​កោះសូទិន​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​គ្រោះ​ធម្មជាតិ​នា​រដូវ​ទឹកសម្រក​នេះ​។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​មាន​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​នៅ​ចំណុច​ព្រែកជីក លោក​បាន​ឲ្យ​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់​ចុះ​ជួយ​រុះរើ​លំនៅ​ដ្ឋា​ន​របស់​ស្ត្រី​ឈ្មោះ​ឡា​ម៉ា រួម​ទាំង​មានការ​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន​សម្រាប់​ឲ្យ​ទៅ​ជាង​រុះរើ​ផ្ទះ ហើយ​ការ​ស្នើ​សុំ​របស់​ស្ត្រី​ខាងលើ​នេះ លោក​នឹង​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ​បន្ថែម​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ