ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ដំបងគ្រញូង​អត់​ឫទ្ធិ​អំណាច និង​ចុះចាញ់​អ្នកមាន​បុណ្យ​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ថ្លែង​ពី​ព្រះ​បទុម​កុមារ​បុត្រ​ច្បង​ព្រះបាទ​ចក្រ​ព័​ត្រ ដែល​ទើបតែ​មាន​អាយុ​១៣​វស្សា ភ័យភិត​ឥត​ឧបមា​ហើយ​បាន​គេច​លួច​រត់​រួច​ផុត​ពី​កណ្តាប់ដៃ​ពួក​ស្តេច​ដំបងគ្រញូង ។ ព្រះ​អង្គ​បាន​ទៅ​សាង​ផ្នួស​ជាង​សង្ឃ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម ចាប់តាំងពី​ថ្ងៃ​នោះ​មក ។ គេ​បានដឹង​ថា ព្រះ​អង្គ​មិន​ដែល​ទាក់ទង ឬ​និមន្ត​ចេញចូល​កាត់​តាម​ស្រុកភូមិ…

ថ្លែង​ពី​ព្រះ​បទុម​កុមារ​បុត្រ​ច្បង​ព្រះបាទ​ចក្រ​ព័​ត្រ ដែល​ទើបតែ​មាន​អាយុ​១៣​វស្សា ភ័យភិត​ឥត​ឧបមា​ហើយ​បាន​គេច​លួច​រត់​រួច​ផុត​ពី​កណ្តាប់ដៃ​ពួក​ស្តេច​ដំបងគ្រញូង ។ ព្រះ​អង្គ​បាន​ទៅ​សាង​ផ្នួស​ជាង​សង្ឃ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម ចាប់តាំងពី​ថ្ងៃ​នោះ​មក ។ គេ​បានដឹង​ថា ព្រះ​អង្គ​មិន​ដែល​ទាក់ទង ឬ​និមន្ត​ចេញចូល​កាត់​តាម​ស្រុកភូមិ អ្នកស្រុក​ឡើយ ហើយ​គេ​បានដឹង​ទៀត​ថា ព្រះ​អង្គ​បាន​រៀន​ចេះ​ចាំ​គ្រប់​សិល្ប៍សាស្ត្រ​វេទមន្ត​វិជ្ជាការ​ខ្លាំងពូកែ​អស្ចារ្យ ។

ចំនែកឯ​ព្រះរាជបុត្រ​ទី​២ គឺ​ព្រះ​សិរី​កុមារ ដែល​ទើបតែ​មាន​ព្រះ​ជន្ម​៥​វស្សា រួម​ជាមួយនឹង​មេដោះ​ខំ​រត់​ពួន​គេ​វេះវាង​យករួចខ្លួន​ដែរ តែ​រត់​មិន​ផុត​ត្រូវ​ក្រុម​សេនា​ដំបងគ្រញូង​ចាប់​បាន ។ ព្រះ​សិរី​កុមារ​ត្រូវ​ពល​សេនា​ទាំងនោះ​ចាប់​គ្រវាត់​បោះ​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង ដើម្បី​ឲ្យ​ស្លាប់ ។ នាកាល​នោះ​ពេល​ល្ងាច​ព្រលប់​យប់​បន្តិច ហេតុតែ​សំណាង​បុណ្យ​បារមី​មក​ជួយ​ទាន់​ស្រាប់ តែ​ពល​ទាហាន​មួយ​ក្រុម​មក​ដល់​មើលឃើញ​ប្រទះ​នឹង​ភ្នែក​ក៏​កើត​មានចិត្ត​សង្វេគ​អាណិតអាសូរ នាំ​គ្នាំ​អូស​ទាញ​អូស​ព្រះ​សិរី​កុមារ​ចេញពី​ភ្លើង​យក​មក​លាក់​ទុក​ក្នុង​គុម្ពោត ផ្តៅក្រែក ហើយ​ក៏​នាំ​គ្នារ​ត់បា​ត់ទៅ ។ ព្រះ​អង្គ​មិន​សុគត​ទេ គ្រាន់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​រលាត់​រលួយ​មាន​ដំបៅ ស្លាកស្នាម ពាសពេញ​រាង​កាយ​តែ​ប៉ុណ្ណោះ ។

បន្ទាប់​មក​ចៃដន្យ​អ្វី មាន​ព្រះសង្ឃ​មួយ​ក្រុម​និមន្ត​កាត់ម​កតាម​នោះ​បាន​យល់​ឃើញ​ព្រះ​សិរី​កុមារ ស្ថិត​ក្នុង​សភាព​ដ៏​សែន​ខ្លោចផ្សារ​ដូច្នេះ ព្រះសង្ឃ​ទាំងអស់​អង្គ​មានចិត្ត​មេត្តាករុណា សង្គ្រោះ​ជួយ​រើស​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា ។ អស់​កាល​យូរ​បន្តិច​មក ដំបៅ​ព្រះរាជ​កុមារ​ក៏​បានជា​សះស្បើយ តែ​ដៃជើង​របស់​ព្រះ​អង្គ​ត្រូវ​ឡើង​ក្រញឹង​ក្រញង់​រួញ​ជាប់​គ្នា រក​ដើរ​មិនកើត ។

ដើម្បី​នឹង​ធ្វើ​ចលនា​ទៅ​មុខ​ថយក្រោយ​ទៅ​ឆ្វេង​ទៅ​ស្តាំ​ង ព្រះ​អង្គ​ខំប្រឹង​រំកិល​ដោយ​គូធ ។ ហេតុ​ដូច្នេះ​ហើយ បានជា​អ្នកផង​ទាំងពួង​ដាក់​ឈ្មោះ ឲ្យ​ថា​ព្រហ្ម​កិល ។ អ្នកខ្លះ​ទៀត​និយម​ហៅ​ពញាក្រែក ព្រោះ​ព្រះសង្ឃ​បាន​រើស​យក​ចេញពី​គុម្ពោត​ផ្តៅក្រែក ។ ឥឡូវ​យើង​នឹង​អធិប្បាយ​និយាយ​អំពី​ស្តេច​ដំបងគ្រញូង​ក្សត្រ​ខ្មែរ​ទី​១៧​វិញ ព្រះ​អង្គ​សោយរាជ្យ​បាន​៧​ឆ្នាំ ៧​ខែ​ហើយ ។

ថ្ងៃមួយ​ព្រះ​អង្គ​បាន​កោះហៅ ព្រះរាជ​ហោរា​មក​ទស្សន៍​ទាយ​មើល​ជោគជតារាសី​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​ចង់​ដឹង​ថា តើ​មាន​អ្នកមាន​បុណ្យ​ណាមួយ​អាច​មក​ដណ្តើម​រាជ្យ​ពី​ព្រះ​អង្គ​ឬទេ ? ហោរា​វាយ​លេខ​អត្តៈ គន់គូរ​បូក​សងគុណ​ចែក​ចុះឡើង​មើលទៅ​ឃើញ​ថា ព្រះ​អង្គ ដំបងគ្រញូង​សោយរាជ្យ​សម្បត្តិ ប្រទេស​កម្ពុជា​បាន​តែ​៧​ឆ្នាំ​៧​ខែ និង​៧​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​៧​ថ្ងៃ​ទៀត​ព្រះ​អង្គ​នឹង​ត្រូវ​អស់បុណ្យ ។

ពេល​នោះ​មាន​អ្នកមាន​បុណ្យ​នឹង​ចេញ​មក​ដណ្តើម​យក​រាជ្យ​ស​ម្បិ​ត្ត​ជា​មិន​ខាន ។ លឺ​សូរ​ហោរា​ទ​ស្សទ៍​ទាយ​ដូច្នេះ ស្តេច​ដំបងគ្រញូង​នឹកគិត​ថា បើ​អ្នកមាន​បុណ្យ​នោះ​ចេញ​មក​មែន យើង​នឹង​យក​ដំបងគ្រញូង​របស់​យើង​គប់​វា​ឲ្យ​បែក​ខ្ទេច​ម៉ត់​តែ​ម្តង តែបើ​យើង​វាយ​កម្ទេច យកជ័យ​ជំនះ​មិន​បាន​ទេ នោះ​យើង​នឹង​សូម​ចុះចាញ់​ហើយ យើង​នឹង​លើក​រាជបល្ល័ង្គ​ថ្វាយ​ភ្លាម ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​សង្គ្រាម​កាប់សម្លាប់​បង្ហូរឈាម​គ្នា ។

ដូច្នេះ​ប្រទេស​ជាតិខ្មែរ​ក៏​មិន​រង​ទុក្ខវេទនា​ព្រាត់ប្រាស់​មិន​មានកម្ម​ពៀរ​វេរា​ដោយសារ​តែ​រូបយើង​ដែរ ឯ​រូបយើង​សោត​ក៏​គ្មាន​ជាប់ជំពាក់​កម្ម​ពៀរ​នឹង​បណ្តាជន​ខ្មែរ ហើយ​យើង​ក៏​គ្មាន​អ្នក​ណា​អាច​ដាក់​កំហុស​ផ្តន្ទាទោស ជេរ​ប្រទេស​ផ្តាសា​តកូនតចៅ​រៀង​រហូត​ទៅ​ដែរ ។ ដំណឹង​ទ​ស្សទ៍​ទាយ​បាន​លេចលឺ​ជ្រួតជ្រាប​ទៅ​ដល់​ប្រជានុរាស្ត្រ​គ្រប់​ទិស​ទី ដល់​ថ្ងៃ​ទី​៧ មក​ដល់​មនុស្ស​ម្នា​អ្នកស្រុក​ភូមិ​ពី​គ្រប់​ដំបង​ជិត​ឆ្ងាយ​នាំ​គ្នា​មក​មហានគរ​ជួបជុំ​កុះករ​កកកុញ​ទ្រហឹងអឺងកង​រង់ចាំ​មើល​អ្នក​មានបុណ្យ ។ ពញាក្រែក ឬ​ព្រហ្ម​កិល​ចង់ទៅ​ទីក្រុង​ដែរ ហើយ​ក៏​សុំ​សេចក្តី​អនុញ្ញាតិ​ពី​ព្រះសង្ឃ ដើម្បី​មើល​អ្នក​មានបុណ្យ​នឹង​គេ​ដែរ ។

កាលនោះ (​ព្រហ្ម​កិល​មាន​អាយុ​១៧​ឆ្នាំ នេះ​បើ​តាម​ឯកសារ​ពង្សាវតារ​វត្ត​កោ​ក​កាក​) នាយ​ខំប្រឹង​រំកិល ចែវ​គាស់​លើ​ដី​អូស​គូធ​ធ្វើ​ដំណើរ​យ៉ាង​សែន​ត្រដាបត្រដួស​តាម​ផ្លូវ​ឆ្ពោះទៅ​កាន់​មហានគរ​ដោយ​មាន​ជំនឿ និង​សង្ឃឹមថា បើ​មាន​អ្នកមាន​បុណ្យ​ចេញ​មក​មែន​អ្នក​ដែល​មាន​ជំងឺ​មាន​រោគា ព្យាធិ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មុខ​នឹង​ជា​សះស្បើយ មើលឃើញ​ដើរ​រួច ដូច​ដើម​ជា​មិន​ខាន ។ កាលបើ​បានឃើញ​អ្នកមាន​បុណ្យ​ជិះសេះ​ដល់​ដូច​ហោរា​ទស្សន៍​ទាយ ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ចាំ​មើល កកកុញ​ក្នុង​មហានគរ ស្រែក​ហ៊ោ​រក​ញ្ជៀ​វ ទ្រហឹងអឺងកង​រត់​ប្រពាក់​ប្រពូន​តាម​មើល​ព្រឹ​ត្ត​ការណ៍ ។

ចំណែក​ស្តេច​ដំបងគ្រញូង​ដែល​រង់ចាំ​អ្នកមាន​បុណ្យ​ជា​យូរណាស់​មក​ហើយ កាលបើ​បានឃើញ​ជាក់ស្តែង​នឹង​ភ្នែក កើត​មាន​ក្តី​មួហ្មង​ក្តៅក្រហាយ​ខឹងសម្បារ​ជា​ខ្លាំង​ចាប់​ទាញ​ដំបងគ្រញូង​មក​គប់​ចោល​តម្រង់​ទៅ​ពញាក្រែក ឬ​ព្រហ្ម​កិល ដើម្បី​ប្រហារជីវិត​ឲ្យ​ក្សិណក្ស័យ​តែ​ម្តង ។ ប៉ុន្តែ​ដំបង​របស់​ស្តេច​ដំបងគ្រញូង​បែរជា​អស់​ឫទ្ធិ មិន​បាន​ប៉ះ​ចំ​អ្នក​មានបុណ្យ​ទេ ហើយ​ក៏​ធ្លាក់​បាត់​ពេល​នោះ​ទៅ ហើយ​កន្លែង​ដែល​ដំបង​ធ្លាក់​ក៏​ក្លាយជា​អូរ ដែល​មានឈ្មោះ​ថា អូរ​ដំបង ហើយ​តំបន់​នោះ​ក៏​មានឈ្មោះ​ថា​បាត់ដំបង (​សព្វថ្ងៃ​ភូមិ​-​ឃុំ​អូរ​ដំបង ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង​) ។

ឃើញ​ហេតុ​ដ៏​អស្ចារ្យ ដូច្នោះ​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​រូប​ព្រមទាំង​សេនា​នាហ្មឺន​សព្វ​មុខមន្ត្រី​ក៏​នាំ​គ្នា​ក្រាបថ្វាយបង្គំ​សំពះ​ទទួល​ព្រហ្ម​កិល ។ ឯ​ស្តេច​ដំបងគ្រញូង​វិញ​ដែល​យល់​ដឹង​ថា ខ្លួន​អស់បុណ្យ​បារមី អស់​សមត្ថភាព​ក៏​សុខចិត្ត​ដាក់ខ្លួន​ក្រាបថ្វាយបង្គំ​ពញាក្រែក ឬ​ព្រហ្ម​កិល​សុំ​ចំណុះ​ចុះចាញ់​ហើយ​លើក​រាជ្យ​ស​ម្ប​តិ្ត​ប្រគល់​ថ្វាយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទៅ​ហោង ។ រឿងនេះនឹងមានផ្សាយជូនបន្តនៅវគ្គក្រោយទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់៖ នេះវគ្គទី១ មហិទ្ធិឫទ្ធិលោកតាដំបងគ្រញូងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងប្រុស​ទាំងស្រី​ខ្លាច និង​សរសើរ

នេះវគ្គទី២ ៖ ចេស្តា​របស់​លោកតា​ដំបងគ្រញូង​ខ្លាំង​អស្ចារ្យ​ណាស់បាន​វាយ​កម្ទេច​ព្រះ​នគរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ