ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​ឯកអគ្គរាជទូត​ថ្មី​៩​រូប ទៅ​បំពេញ​បេស​កម្ម​នៅ​បណ្តា​ប្រទេស​ចំនួន​៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បញ្ជូន​ឯកអគ្គរាជទូត​ថ្មី​ចំនួន​៩​រូប ជំនួស​ឯកអគ្គរាជទូត​ដែល​ចប់​អាណត្តិ​រយៈពេល​៣​ឆ្នាំ ដើម្បី​បំពេញ​បេស​កម្ម​នៅ​បណ្តា​ប្រទេស​ចំនួន​៩ ដែល​ជា​មិត្តភក្តិ ។ ឯកអគ្គរាជទូត​ខ្មែរ ដែល​ត្រូវ​ចេញ​ទៅ​បំពេញការងារ​ការទូត​នៅ​បរទេស សម្តេច…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បញ្ជូន​ឯកអគ្គរាជទូត​ថ្មី​ចំនួន​៩​រូប ជំនួស​ឯកអគ្គរាជទូត​ដែល​ចប់​អាណត្តិ​រយៈពេល​៣​ឆ្នាំ ដើម្បី​បំពេញ​បេស​កម្ម​នៅ​បណ្តា​ប្រទេស​ចំនួន​៩ ដែល​ជា​មិត្តភក្តិ ។ ឯកអគ្គរាជទូត​ខ្មែរ ដែល​ត្រូវ​ចេញ​ទៅ​បំពេញការងារ​ការទូត​នៅ​បរទេស សម្តេច ហេង សំ​រិ​ន​ប្រធានរដ្ឋសភា បាន​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ខណៈ​គោលនយោបាយ​ការ​បរទេស​ថ្មី​ប្រកាន់​យក​ការ​កៀរគរ​បរទេស​មក​ធ្វើ​វិយោគ​ទន់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។

ខណៈ​អនុញ្ញាត​ឲ្យ​ឯកអគ្គរាជទូត​ទាំង​៩​រូប ចូលរួម​ពិភាក្សា និង​ជម្រាបលា​នា​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា និង​មុន​ចេញពី​ធ្វើ​បេស​កម្ម​លើ​ឆាក​អន្តរជាតិ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ជម្រាប​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រៀម​ចេញ​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ក្រៅប្រទេស​ថា នៅ​ពេល​បំពេញការងារ ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ ។ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ត្រូវ​រក្សា​ការពារ និង​លើក​តម្លៃ​ជាតិ​ជា​និច្ច ។ ត្រូវ​រក្សា​ការ​សម្ងាត់​របស់​ជាតិ និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ។

សម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង​បន្ត​ថា បេសកកម្ម​ការទូត​ត្រូវ​បង្ហាញ និង​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​ដោយ​ត្រូវ​បន្ត​លើកកម្ពស់​ផ្សព្វផ្សាយ​ឱ្យ​បរទេស​ស្គាល់​កម្ពុជា​ឱ្យ​បាន​ច្បាស់​ទាំង​ផ្នែក​សិល្បៈ វប្បធម៌ ប្រពៃណី​របស់​ខ្មែរ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អត្តសញ្ញាណ​របស់​ជាតិ ដែល​មាន​វប្បធម៌​ផូរផង់​តាំងពី​សម័យ​អង្គរ​មក ។ សម្តេច​ក៏​បាន​ផ្តាំផ្ញើ​ដល់​ឯកអគ្គរាជទូត​ទាំងអស់​ចុះ​ស្វែង​យល់​សុខទុក្ខ និង​ក្តាប់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ ជាក់ស្តែង​អំពី​ប្រជាពលរដ្ឋ សិស្ស​-​និស្សិត និង​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ។

សូម​បង្ក​លក្ខណៈ​ងាយស្រួល លើ​សេវាកម្ម​នានា​របស់​ស្ថានទូត​លើកកម្ពស់​សុខុមាលភាព និង​ការពារ​ផលប្រយោជន៍​របស់​ពួក​គាត់ ។ សម្តេច​ប្រធានរដ្ឋសភា​បាន​ជំរុញ​តំណាង​កម្ពុជា​តាម​ប្រទេស​នានា​ដែល​ទើប​តែងតាំង​នោះ​បន្ត​ជំរុញ និង​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​សំដៅ​ទាក់ទាញ​អ្នក​វិនិយោគ និង​ទេសចរណ៍​បរទេស​មក​ប្រទេស​យើង​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ដោយ​ផ្អែក​លើ​សក្តានុពល​ដែល​ប្រទេស​មាន​ស្រាប់ ហើយ​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ឯកអគ្គរដ្ឋទូត​-​រាជទូត​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត ប្រចាំ​នៅ​ប្រទេស​នោះ​ផង​ដែរ ។

លោក​ទូត​ថ្មី​ក៏​បាន​គូសបញ្ជាក់​ថា ក្រសួងការបរទេស​កម្ពុជា​មាន​គោលនយោបាយ​ថ្មី គឺ​ធ្វើ​ការទូត​បែប​ថ្មី មិនមែន​ធ្វើ​ការទូត​បែប​ប្រពៃណី​ទេ តែ​ធ្វើ​តាម​បែប​សេដ្ឋកិច្ច ។ ការងារ​សំខាន់​របស់​យើង គឺ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច ដោយ​យើង​នឹង​ព្យាយាម​ដល់​ធុរៈកិច្ច​ឲ្យ​បាន​ច្រើន ហើយ​ពាំនាំ​នូវ​អ្វី​ដែល​ជា​សក្តានុពល​របស់​កម្ពុជា​ទៅ​ប្រាប់​ដល់​អ្នក​វិនិយោគ ដើម្បី​ឲ្យ​គេ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ។

សូម​ជម្រាប​ថា ឯកអគ្គរាជទូត​ថ្មី​ទាំង​៩​រូប​ដែល​នឹង​ទៅ​បំពេញ​បេស​កម្ម​នៅ​ក្រៅប្រទេស​ឆាប់​ៗ​នេះ រួម​មាន ១-​លោក ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ២-​លោក អ៊ា​ត សីលា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សហព័ន្ធ​រុ​ស្ស៊ី ៣-​លោក ចាន់ រតនា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី ៤-​លោក​អាន សុខ​ខឿន ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ស្វី​ស ៥-​លោក ឈូក ប៊ុ​ន​ណា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ៦-​លោក ចឺ​យ វិចិត្រ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ៧-​លោក​ជំទាវ បាន បូ​រ៉ុ​ម ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​គូ​បា ៨-​លោក ហ៊ុន ហាន ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋ​គូ​វ៉ែត និង​៩-​លោក ហុ​ក សុភា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​សាឡា​ម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ