រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនជាជនជាតិវៀតណាម២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាកស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នៅបន្ទប់ផ្ទះជួលដោយឡែកពីគ្នាដោយដកហូតបានថ្នាំញៀនសរុបចំនួន៤៣កញ្ចប់ ។ ការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលក្នុងភូមិលូ សង្កាត់ស្វាយស្វ៉ាក ខណ្ឌឬស្សីកែវ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង ធីណា ភេទស្រី អាយុ៤៧ឆ្នាំ និងទី២-ឈ្មោះ ង្វៀង ធីហ៊ាង ភេទស្រី អាយុ៣១ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នានៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
តាមនគរបាលខណ្ឌឬស្សីកែវបានឱ្យដឹងថា ដោយមានការស្រាវជ្រាវ និងមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនគរបាលខណ្ឌឬស្សីកែវក៏បានសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាកឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ខណៈដែលកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន ។
តាមនគរបាលឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ៤នាក់ទៅសាកសួរតែពាក់ព័ន្ធតែ២នាក់នោះទេ ។ នៅក្នុងការឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរ បន្ទប់ជនសង្ស័យឈ្មោះ ង្វៀង ធីណា ដកហូតបានថ្នាំញៀនចំនួន៣៣កញ្ចប់ ក្នុងនោះ មាន១២កញ្ចប់ធំ និង២១កញ្ចប់តូច, ជញ្ជីង១គ្រឿង, ថង់សម្រាប់ច្រក និងឧបរណ៍សម្រាប់ប្រើប្រាស់ ។
ចំណែកបន្ទប់ជួលជនសង្ស័យឈ្មោះ ង្វៀង ធីហ៊ាង ដកហូតបានថ្នាំញៀន២០កញ្ចប់, ជញ្ជីង១គ្រឿង និងថង់សម្រាប់ច្រកមួយចំនួនដែលសរុបទាំង២នាក់ដកហូតបានថ្នាំញៀន ចំនួន៤៣កញ្ចប់ ។ ជនសង្ស័យ២នាក់រួមទាំងវត្ថុតាងត្រូវបាននគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ