ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរឃុំក្តុលសែនជ័យ ស្រុកទឹកផុស បាននិយាយដោយមោទនថា «រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល» នៅក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ បានទទួលភ្ញៀវទេសចរជាង១ម៉ឺននាក់ ក្នុងមួយថ្ងៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះដែលចំនួនច្រើនបែបនេះ មិនដែលមានពីមុនមក ។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តឲ្យកាន់តែងាយស្រួលពេលនេះអាជ្ញាធរ ឃុំ និងសហគមន៍នេសាទកំពុងតែរៀបចំជួសជុលកែលម្អ និងកសាងទីកន្លែងកម្សាន្តឲ្យបានច្រើន និងធំទូលាយ និងប្រសើរឡើងជាងមុន។
លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ ស្រុកទឹកផុស បានឲ្យដឹងថា ដោយសារតែកំណើនទេសចរណ៍បានចេះតែកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងឱកាសពេលបុណ្យទានម្តងៗបច្ចុប្បន្នអាជ្ញាធរឃុំ រួមជាមួយសហគមន៍បាន និងកំពុងកែលម្អជួសជុលកសាងឡើងវិញមានដូចជា ការធ្វើផ្លូវរថយន្តសម្រាប់ឡើងទៅលើ ដើម្បីជួយដល់ភ្ញៀវដែលមានវ័យចំណាស់ និងជនពិការបានជិះរថយន្តឡើងទៅខាងលើមិនពិបាកដើរឆ្ងាយ ។
បច្ចុប្បន្នយើងបានធ្វើខ្យូស អង្គុយលេងកម្សាន្តបានចំនួន១៨ខ្យូស ដែលបានពីការឧបត្ថមសប្បុរសជនខ្លះ សហគមន៍ និងអាជ្ញាធរឃុំខ្លះ ក្នុងនោះខ្យូសដែលកសាងដោយសប្បុរសជនមានទំហំធំៗដែលមានតម្លៃជាង១ពាន់ដុល្លាក្នុងខ្យូសមួយ ។ យើងបានកសាងស្ពានឈើ១ហើយដែរ តែពេលនេះសហគមន៍ក៏ដូចជា អាជ្ញាធរកំពុងតែកសាងស្ពានដែកមួយកន្លែងទៀតកាត់ពីលើស្ទឹង សម្រាប់ភ្ញៀវដើរកម្សាន្ត និងថតទិដ្ឋភាពទឹកស្ទឹងតែម្ដង ។
ជាងនេះទៅទៀតបានកសាងរៀនហាលធ្វើអំពីដែក២កន្លែង មួយកន្លែងមានប្រវែងជាង៣០ម៉ែត្រ តាមបណ្តោយស្ទឹង សម្រាប់ភ្ញៀវអង្គុយលេងកម្សាន្តផងដែរ ។ នៅតាមជំរាលមាត់ស្ទឹងក៏បានធ្វើផ្លូវសម្រាប់ធ្វើដំណើរឱ្យបានធំទូលាយជាងមុន ព្រោះជា បទពិសោធន៍កាលពីបុណ្យភ្ជុំកន្លងទៅនេះភ្ញៀវសម្រុកមកច្រើនណាស់ ធ្វើឲ្យការលំបាកក្នុងការធ្វើដំណើរ ។
លោកមេឃុំក្តុលសែនជ័យបានបញ្ជាក់ បច្ចុប្បន្នភ្ញៀវមកលេងជាហូរហែររាល់ថ្ងៃគ្រាន់តែមិនច្រើនដូចថ្ងៃបុណ្យទាន ឬថ្ងៃសៅរ៍អាទិត្យតែប៉ុណ្ណោះ ។ ជាក់ស្តែងនេះ (២៤ ខែតុលា ២០១៩) នេះមានភ្ញៀវមិនក្រោមពី៣០រថយន្តនោះទេ ។ លោកសង្ឃឹមថា តទៅថ្ងៃអនាគតរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងពិតជាល្បីរន្ទឺទូរទាំងប្រទេស និងមានភ្ញៀវទេសចរកាន់តែច្រើនឡើងៗ មិនចាញ់តំបន់ទេចរណ៍ដទៃទៀតឡើយ ។
សូមបញ្ជាក់ថា ទឹកធ្លាក់ស្រែអំពិលមានចម្ងាយជាង៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ។ ភ្ញៀវទេសចរចង់ទៅលេងកម្សាន្តពេលធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំងទៅតាមផ្លូវជាតិលេខ៥ ជាង៣០គីឡូម៉ែត្រ ទៅដល់វត្តវិហារល្លួង ហៅវត្តផ្សារ ជាប់ផ្សារបរិបូរណ៌ មានផ្លូវលំក្រាលគ្រួសក្រហម បត់ឆ្វេង ជាប់របងសាលារៀនធ្វើដំណើរជាង២០គីឡូម៉ែត្រ ទៅដល់ផ្សារក្តុល និងបន្តដំណើរកាត់ថ្នល់រថភ្លើងចម្ងាយ៩គីឡូម៉ែត្រទៀត នឹងទៅដល់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ដែលជាទឹកធ្លាក់ធម្មជាតិ មានភ្នំ និងព្រៃឈើខ្ពស់ៗគួជាទីមនោរម្យសម្រាប់ចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ពេលវេលា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ