រាជធានីភ្នំពេញ ៖ មានករណីប្រទះឃើញបុរសម្នាក់បានស្លាប់ដោយមានម៉ូតូមួយគ្រឿងដែលខ្ទេចខ្ទីសង្កត់ពីលើសពជនរងគ្រោះផងដែរ និងឃើញមានស្នាមអូសម៉ូតូជាង១០ម៉ែត្រនៅកន្លែងកើតហេតុ ហើយករណីនេះត្រូវបានគេសង្ស័យថា បណ្តាលមកពីរថយន្តធុនធំបុក បន្ទាប់ពីកើតហេតុរថយន្តបង្កបើកគេចបាត់ស្រមោល ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កំបូល ខណ្ឌកំបូល ។
បុរសរងគ្រោះដែលស្លាប់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AT-៥៤៦៨ ។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកគេចបាត់ស្រមោល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននិយាយថា មិនមាននរណាម្នាក់បានឃើញហេតុការណ៍ផ្ទាល់ឡើយ តែមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះស្លាប់នៅចំណុចកើតហេតុខាងលើ ដោយគេសង្ស័យថា ជនរងគ្រោះត្រូវរថយន្តធុនធំបុក បណ្តាលឱ្យម៉ូតូរងការខូចខាតខ្ទេចខ្ទីនៅពីលើជនរងគ្រោះ និងឃើញមានស្នាមអូសម៉ូតូពីកើតទៅលិចជាង១០ម៉ែត្រ ហើយម៉ូតូខ្ទេចមួយកំណាត់ផ្នែកខាងមុខ ចំណែកសពជនរងគ្រោះត្រូវបានម៉ូតូសង្កត់ពីលើផងដែរ។
តាមប្រភពដដែលបានបន្តថា ពេលសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ និង ឆែកឆេរនៅលើខ្លួនសពជនរងគ្រោះរកមិនឃើញមានលិខិតស្នាមអ្វីសំគាល់ខ្លួនឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ