ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សន្យា​ជួយ​រៀបចំ​ផែនការមេ​សម្រាប់​​អភិវឌ្ឍ​កំពង់​ផែ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Masahiro MIKAMi មាន​ប្រសាសន៍​ថា ជប៉ុន​នឹង​ជួយ​រៀបចំ​ផែនការ​មេ​សម្រាប់​អភិវឌ្ឍ​កំពង់​ផែ​ក្រុងព្រះសីហនុ ។ លោក Masahiro…

រាជធានី​ភ្នំពេញ ៖ លោក Masahiro MIKAMi មាន​ប្រសាសន៍​ថា ជប៉ុន​នឹង​ជួយ​រៀបចំ​ផែនការ​មេ​សម្រាប់​អភិវឌ្ឍ​កំពង់​ផែ​ក្រុងព្រះសីហនុ ។ លោក Masahiro MIKAMI ឯកអគ្គរាជទូត ជប៉ុន​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​ឱកាស​ដែល​លោក​ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព បន្ទាប់​ពី​លោក​ទើបនឹង​ថ្វាយ​សារតាំង​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍យ៉ាង​កក់ក្តៅ​ចំពោះ​លោក Masahiro MIKAMI ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​វិ​សាម​ញ្ញ​និង​ពេញ​សមត្ថភាព​របស់​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។
សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា កម្ពុជា​ចង់​ឲ្យ​ជប៉ុន​រៀបចំ​ផែនការមេ​ក្នុង​ការ​អភិវ​ឌ្ឍ​កំពង់​ផែ​ក្រុងព្រះសីហនុ​ឲ្យ​បាន​ទទួល​ជោគជ័យ ព្រោះ​ការ​កសាង​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ជួយ​ពង្រឹងសមត្ថភាព​កំពង់​ផែ​ក្នុងការ​ទទួល​កប៉ាល់​ធំ​ៗ​ចូល​ចត​ដោយ​មិនបាច់​ផ្ទេរទំនិញ​មួយ​ចំនួន​នៅ​កំពង់​ផែ​វៀតណាម សិង្ហ​បុរីនិង​ម៉ា​ឡេ​ស៊ី​ជាដើម ។ លោក​អគ្គរាជទូត​ជប៉ុន​ថ្មីបញ្ជាក់​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុនកាន់តែ​ល្អ ។

ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា រួម​ទាំង​គាំទ្រ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​ត​ប្រសើរ​ឡើង​ថែម​ទៀត​ដូច​ជាផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​វិស័យផ្សេង​ទៀត ។

លោក​ឯកអគ្គរាជទូត បាន​ប្ដេជ្ញាចិត្ត​ថា នៅ​ក្នុង​អាណ​តិ្ត​ការទូត​របស់​លោក​នៅកម្ពុជា នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់តែ​មាន​រីក​ចម្រើន ទទួលផល​ផ្លែផ្កា​និង​ជោគជ័យ​កាន់តែ​ធំធេង​ទៀតរវាង​ប្រទេស​ទាំង​ពីរ ។ រាជរដ្ឋាភិបាល​ជប៉ុននឹង​បន្ត​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់់​ទីផ្សារ​អន្តរជាតិ​។

សម្ដេច​តេ​ជោ ហុ​៊​ន សែន បាន​អរគុណ​ជប៉ុន​ដែល​បាន​ចូលរួម​ចំណែក​ផ្ដល់​ជំនួយ​យ៉ាងច្រើន​បំផុត​ដល់​កម្ពុជា ពិសេស​លើ​វិស័យ​ហេ​ដ្ឋារចនាសម្ព័ន្ធ ។ ជំនួយ​របស់​ប្រជាជន​និងរ​ដ្ឋា​ភិបាល​ជប៉ុន បាន​រួមចំណែក​ក្នុង​ការ​កសាង​និង​ស្ដារ​ប្រទេស​កម្ពុជា ។ សម្ដេច​តេ​ជោ​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់ ជា​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ ដោយ​ថ្នាក់ដឹកនាំ​កំពូលនៃ​ប្រទេស​ទាំង​ពីរ ។

ការ​ហោះហើរ​ត្រង់​រវាងប្រទេស​ទាំង​ពីរ ក៏​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ការទូត អ្នក​វិនិយោគ និង​ទេសចរ​ផង​ដែររវាង​ប្រទេស​ទាំង​ពីរ ។ ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា​និង​ជប៉ុន​បាន​កើន​ឡើងជា​លំដាប់ ហើយ សម្ដេច​ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំង​ពីរ​បន្ត​មានការ​រីក​ចម្រើន​ថែម​ទៀត រួមទាំង​ការ​បណ្ដាក់ទុន​ពី​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខ ។

ជប៉ុន ក៏​បាន​ផ្ដល់​ជំនួយ​លើ​វិស័យ​យោធា​ដល់កម្ពុជា ក្នុង​ការ​បណ្ដុះបណ្ដាល​យោធា​កម្ពុជា​នៅប្រទេស​ជប៉ុន គឺជា​លើក​ដំបូង​សម្រាប់​កម្ពុជា ។កម្ពុជា​នៅ​តែ​បន្ត​អនុវត្ត​នីតិរដ្ឋ ដើម្បី​ពង្រឹង​ប្រជាធិ​ប​តេ​យ្យ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​អ្វី​ដែល​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​គឺ​ការ​រក្សា​សន្តិភាព​ឲ្យ​បាន​ពេញលេញ ។

ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​បន្ត​ឡើង​ទៅ​មុខ​។ លោក​ឯកអគ្គរាជទូត​ជប៉ុន បញ្ជាក់​ជូន​សម្ដេចតេ​ជោ​ថា ជប៉ុន​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​លើ​វិស័​យ​ដោះ​មីន​ដល់​កម្ពុជា និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ ។ ជប៉ុន​ក៏​ចាប់អារម្មណ៍​ទៅ​លើ​ការ​ផ្ដល់​ជំនួយលើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា រួម​ទាំង​បន្ត​ធ្វើ​ផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ។

សម្ដេច​តេ​ជោ អរគុណ​ដល់​ជប៉ុន​ដែល​បានជួយ​លើ​វិស័យ​ដោះ​មីន​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់​ថា ការ​ដោះ​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះនៅ​តែ​បន្ត បើ​ទោះបីជា​មានការ​ធ្លាក់​ចុះ​ចំនួន​មីនក៏​ដោយ ។ ការងារ​នេះ​នៅ​តែ​ជា​ការងារ​អាទិភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា ៕​

អត្ថបទសរសេរ ដោយ