ចេស្តា​របស់​លោកតា​ដំបងគ្រញូង​ខ្លាំង​អស្ចារ្យ​ណាស់បាន​វាយ​កម្ទេច​ព្រះ​នគរ


ជា​បន្តបន្ទាប់​មក​ប្រជាជន​កំណែន​ទាំងនោះ​នាំ​គ្នា​សុំ​ចុះចូល​បំរើ​នាយ​ញូ​ង ហើយ​សុំ​តែងតាំង​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​នៅ​ពេល​ដែល​នាយ​ញូ​ង កំពុង​តែ​មាន​កម្លាំង​កើន​មហិមា​ដូច​ដំរីសារ​ប្រាំពីរ ស្រាប់តែ​មាន​ដំបង​មួយ​បាន​លេច​ចេញ​មក​ធ្វើ​ជា​អាវុធ គឺ​ដំបង​ឈើ​គ្រញូង​មាន​ប្រវែង​ប្រាំ​ហត្ថ​មួយ​ច​ង្អា​ម នាយ​ញូ​ង ចាប់​យក​ដំបង​នោះ​មក​គ្រវី​វិល​ញាប់​ស្មេ​ដូច​កងចក្រ ហើយ​នាយ​ក៏​អាច​ហក់លោត​បាន​ដល់​កម្ពស់​ទៅ​១៥​ហត្ថ​ផង​ដែរ ។

មនុស្ស​ម្នា​ទាំងឡាយ​ដែល​បានឃើញ ឬ​ទ្ធិ​ចេស្តា​របស់​នាយ​ញូ​ង​ខ្លាំង​អស្ចារ្យ​ដូចនេះ ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា ដំបងគ្រញូង​ជាប់​ជា​រៀងដរាប​រហូត​មក ។ ដឹង​ច្បាស់​ថា ខ្លួន​មាន​កម្លាំង​ខ្លាំងក្លា​ពូកែ លើស​អស់​មនុស្ស​ធម្មតា ហើយ​មាន​ឬ​ទ្ធិ​បុណ្យ​អំណាច នាយ​ញូ​ង​ក៏​ចាប់ផ្តើម​បែកគំនិត​ចង់​សោយរាជ្យ​ធ្វើ​ជា​ស្តេច​ដូចដែល​ក្រុម​ជន​កំណែន​ទាំងអស់ ឲ្យ​ឈប់​កាប់​ឈើ​សម្រាប់​យក​ទៅ​សង់​ព្រះរាជវាំង​ស្តេច ។

ក្រុម​កំណែន​ទាំងអស់​ត្រូវ​នាំ​គ្នា​កាប់​ឈើ​ធ្វើ​ជា​ដំបង​ព្រនង់​វិញ និង​នាំ​គ្នា​កាន់​អាវុធ​មានកាំបិត ដាវ​លំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយ​នាំ​គ្នា​រៀបចំ​ហ្វឹកហ្វឺន​ជា​កងទ័ព ដើម្បី​ចេញដំណើរ​ទៅ​ព័ទ្ធ​វាយ​វាំង​ប្រហារ​ស្តេច​ព្រះបាទ​ចក្រ​ព័​ត្រ ហើយ​ប្រជាជន​ទាំងអស់​បាន​ស្មោះស្ម័គ្រ​នាំ​គ្នា​មូល​មីរ​ដើរ​តាម​ដំបងគ្រញូង ដូច្នេះ​គេ​អាច​រួច​ពី​កំណែន​លែង​នឿយហត់​កាប់​ឈើ​ជញ្ជូន​ថ្ម​បំរើ​ស្តេច​ទៀត ។ ពង្សាវត្តា​វត្ត​ទឹក​វិល​ប្រាប់​ថា ដំបងគ្រញូង​លើកទ័ព​១០​ម៉ឺន​នាក់​ទៅ​ឡោម​ព័ទ្ធ​ព្រះ​មហានគរ ព្រះមហាក្សត្រ​ព្រះ​នាម​ចក្រ​ព័​ត្រ​គ្រានោះ​ដែល​កំពុង​មាន​ជំងឺ​រោគាព្យាធិ​យ៉ាង​ទម្ងន់​ព្រះ​អង្គ​បាន​ចែក​ទ័ព​ជា​ពីរ​ផ្នែក​ឲ្យ​ចេញ​ទៅ​ទប់ទល់​នឹង​ដំបងគ្រញូង ។

ទ័ព​ផ្នែក​ទី​មួយ​ត្រូវ​ចេញ​ទៅ​ក្រៅ​ទីក្រុង​វាយ​ប្រយុទ្ធ ប្រឈម​មុខ​ផ្ទាល់​នឹង​សត្រូវ ឯ​ទ័ព​ផ្នែក​ទី​ពីរ​ត្រូវ​នៅ​ប្រចាំ​ការពារ​ព្រះរាជ​ធានី ។ ការ​ប៉ះទង្គិច​រាំងជល់​គ្នា​រវាង​ទ័ព​ទាំង​ពីរ​មាន​សភាព ខ្លាំងក្លា​គួរ​ឱ្យ​រន្ធត់ ។ ទាហាន​ពល​សេនា​ទាំង​សងខាង​ស្លាប់ និង​របួស​ច្រើន​មីរ​ដាស ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ទ័ព​របស់​គ្រញូង​ក៏​ចាប់ផ្តើម​មាន​ប្រៀប​ជាង ហើយ​ក៏​យក​បាន​ជោគជ័យ​កម្ទេច​ទ័ព​ទី​មួយ​របស់​ស្តេច​ព្រះ​ចក្រ​ព័​ត្រ ។ ដំបងគ្រញូង​វាយ​សម្រុក​រុល​រុក​តទៅ​មុខ​ទៀត រហូត​ដល់​ទៅ​ព័ទ្ធ​ជុំ​ជិត​ព្រះ​នគរ ។ ខាង​ព្រះមហាក្សត្រ​នៅ​សល់​តែ​ទ័ព​ទុក​សម្រាប់​ការពារ ទីក្រុង​តែ​ប៉ុណ្ណោះ ។ ទោះបីជា​ដូច្នេះ​ក៏​ដោយ​ក៏​ទ័ព​របស់​ដំបងគ្រញូង​នៅ​តែ​ពុំ​អាច​វាយ​ដណ្តើម​យក​រាជធានី​បាន​ដែរ ។ កងទ័ព​ដំបងគ្រញូង​ឡោម​ព័ទ្ធ​ព្រះ​មហានគរ​អស់​រយៈពេល ២​ខែ​ហើយ នៅ​តែ​មិន​ទាន់​បាន​ជ័យ​ជំនះ​ផ្តាច់ព្រ័ត្រ​ទៀត ។

ក្នុង​ឱកាស​នោះ​ដំបងគ្រញូង​ចាត់​ពល​សេនា​គ្រប់​រូប​ឲ្យ​ប្រដាប់​ជាប់​នឹង​ខ្លួន​នូវ​ចន្លុះ និង​ជ័រ​ឈើ ។ លុះ​យប់​ជ្រៅ​កាលណា​ដំបងគ្រញូង​ក៏​បញ្ជា​ឲ្យ​ពល​រេ​ហ៍​ទាំងអស់​វាយប្រហារ​សន្ធប់ យ៉ាង​គគ្រឹកគគ្រេង​ដាក់​ជណ្តើរ​លោត​ផ្លោះ​ឡើង​កំពែង​មហានគរ​យ៉ាង​រហ័សរហួន ហើយ​ចាក់​ស្រោចស្រព និង​ដុត​ជ័រ​ឈើ​បោះ​ចូល​ទៅ​លើ​ផ្ទះសម្បែង​ក្នុង​បរិវេណ​ក្រុង ។ មិនយូរ​ប៉ុន្មាន​កងទ័ព​ព្រៃរបស់​ដំបងគ្រញូង​ក៏​វាយ​កម្ទេច​ទ្វារ​មហានគរ​បាន​ដោយ​ជោគជ័យ ហើយ​ក៏​រត់​សម្រុកចូល​វាយលុក​រុក​រុល​ប្រហារ​កាប់​ចាក់​យ៉ាង​សាហាវ​ឥត​ត្រា​ប្រណី​ទៅ​លើ​កងទ័ព​ព្រះរាជា និង​ប្រជាពលរដ្ឋ​ស្លូតត្រង់ ទាំងប្រុស​ស្រី​ទាំង​ចាស់ ទាំង​ក្មេង ។

ក្នុង​គ្រានោះ​ព្រះមហាក្សត្រ​ព្រះ​ចក្រ​ព័​ត្រ​ដែល​កំពុង​ដែល​មាន​ជំងឺ​យ៉ាងធ្ងន់ធ្ងរ ផ្ទំ​នៅ​លឺ​ព្រះ​ទែន កាលបើ​លឺ​សូរ​ស្នូរ​អាវុធ​ប៉ះទង្គិច​គ្នា​ឃើញ​ភ្លើង​កំពុង​តែ​ឆាបឆេះ​ព្រ​បរមរាជវាំង​លឺ​សូរ សម្លេង​ស្រែក​ហ៊ោរ កញ្ជ្រៀវ​អឺងកង លាយឡំ​ដោយ​ការ​យំយែក​ស្រែក​ឈឺ​ចុកចាប់​ព្រះ​អង្គ​ខំប្រឹង​ងើបឈរ​ដេក​ព្រះ​ខ័ន ដើម្បី​ចេញ​ទៅ​តស៊ូ ។ តែ​ព្រះ​អង្គ​ត្រូវ​ដួល​ធ្លាក់​មក​លើ​ព្រះ​ក្រឡាបន្ទំ​វិញ ហើយ​សុគត​ក្នុង​គ្រានោះ​ទៅ ។ ដោយ​យោង​តាម​ឯកសារ​ពង្សាវតារ​សម្តេច​វាំង​ជួន​បាន​សរសេរ​ថា ព្រះបាទ​ចក្រ​ព័​ត្រ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦ បាន​សុគត​នៅ​ក្នុង​ឆ្នាំជូត​ក្នុង ព្រះ​ជន្ម​៤៩​វស្សា ។ ព្រះ​អង្គ​សោយរាជ្យ​បាន ២៩​ឆ្នាំ ។

ពង្សាវតារ​វត្ត​ទឹក​វិល​បាន​បញ្ជាក់​ថា ដំបងគ្រញូង​កាលបើ​បាន​ជ័យ​ជំនះ​ត្រួតត្រា​នគរ​ហើយ បាន​រៀបចំ​ធ្វើបុណ្យ​បូជាព្រះសព​ព្រះបាទ​ចក្រ​ព័​ត្រ ហើយ​យក​ព្រះ​អដ្ឋិធាតុ​ព្រះ​អង្គ​ទៅ​បញ្ចុះ​នៅ​ភ្នំ​ក្រោម ។ ថ្ងៃ​១០​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ព​.​ស ១៥៤៥ ត្រូវ​នឹង គ​.​ស ១០០១ ដំបងគ្រញូង​កូន​រាស្ត្រ សាមញ្ញ​ដែល​មាន​ពង្ស​ចេញពី​ស្រទាប់​ប្រជាជន​កសិករ​បាន​ទទួល អភិសេក​ឡើង​សោយរាជ្យ សម្បត្តិ​គ្រប់គ្រង​ប្រទេស​កម្ពុជា ។ ដំបងគ្រញូង​ក្លាយជា​ស្តេច​ទី ១៧​បន្ទាប់​ពី​ព្រះបាទ​ចក្រ​ព័​ត្រ ហើយ​បាន​ដាក់​ឈ្មោះ​ថ្មី​ជា​ព្រះមហាក្សត្រ​ថា ព្រះបាទ​គោត្ត​មអមរ​ទេវរាជ ។

គ្រាន់តែ​បាន​ទទួល​ជ័យ​ជំនះ​ឡើង​កាន់​អំណាច និង​សោយរាជ្យ​ភ្លាម​ស្តេច​ដំបងគ្រញូង​មិន​បង្អង់​ទុក​ដោយ​រាជវង្សានុវង្ស ព្រះមហាក្សត្រ​មុន​បាន​សុខ​ឡើយ ដោយ​ព្រះ​អង្គ​បាន​ចេញ​បញ្ជា​ទៅ​គ្រប់​មន្ត្រី​ពល​សេនា​ទៅ​តាម​ភូមិ​ស្រុក​តំបន់​នានា​ក្នុង​ព្រះរាជា​អាណាចក្រ​ឲ្យ​ដើរ​ស្រាវជ្រាវ​ឆែកឆេរ​រក​ចាប់ចង​ឃុំឃាំង​សមាជិក​ក្រុមព្រះ​ញាតិវង្ស​ទាំង​អស់ហើយ​យក​ទៅ​សំលាប់​ចោល​ដោយ​ដុត​ក្នុង​ភ្លើង​ទាំង​រស់ ។ ចំពោះ​រឿង​នេះ​នឹង​មាន​ផ្សាយ​ជូន​នៅ​វគ្គ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃាក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ