អ្នក​ផលិត​សំបក​ណែម​ភូមិ​ដូនទាវ​…អះ​អាង​ពី​​ទីផ្សារ​ល្អ​និង​ពេញ​និ​យម​ណាស់​​


ខេត្តបាត់ដំបង​ ៖ អ្នក​ផលិត​សំបក​ណែម ដែល​ជា​មុខរបរ​ត​ត្រកូល​នៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ លោក​សុទ្ធ ចាប បាន​អះអាង​ថា ឆ្នាំ​នេះ​តម្លៃ​«​សំបក​ណែម​»​ហាក់​មាន​ទីផ្សារ​ល្អ​ប្រសើ​រជាង​ឆ្នាំ​មុន​ៗ​បន្តិច ដែល​ធ្វើ​ឲ្យ​អ្នក​ប្រកប​មុខរបរ​ត​ជំនាន់​នេះ មាន​ទឹកចិត្ត​ប្រឹងប្រែង​បន្ត​អាជីវកម្ម​របស់​ខ្លួន​ទៅ​មុខ​ទៀត ខណៈ​អ្នក​ផលិត​ខ្លះ​ក៏​បាន​បោះបង់​ដែរ ​ដោយសារ​ខាតបង់​កាលពី​ឆ្នាំ​មុន​ៗ​ ។

លោក​សុទ្ធ ចាប បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា ឆ្នាំ​នេះ​តម្លៃ​ ​«​សំបក​ណែម​» ហាក់​មាន​ហាងឆេង​ល្អ​ប្រសើ​រជាង​ឆ្នាំទៅ​ម៉ិ​ញ​បន្តិច តែ​អង្ករ​ក៏​ឡើងថ្លៃ​បន្តិច​ដែរ តែ​អាច​ទប់ទល់​បាន​ជាមួយនឹង​ការ​ចំណាយ​នានា​។ គាត់​បាន​ប្រាប់​អំពី​ការ​ផលិត​ខ្នាត​សំបក​ណែម និងតម្លៃ​យ៉ាង​ដូច្នេះ​ថា «​សំបក​ណែម ត្រូវ​បាន​ផលិត​ឡើង​មាន​ខ្នាត​តូច​និង​ខ្នាត​ធំ​។

សព្វ​ថ្ងៃនេះ ​ខ្នាត​ធំ​លក់​បាន​តំលៃ​៨,០០០​រៀល ក្នុង​ចំនួន​១០០​សំបក​ណែម ខណៈ​ឆ្នាំ​មុន​លក់​ត្រិ​ម​តែ​ពី​៥,០០០​ ទៅ​៥,៥០០​រៀល​ប៉ុណ្ណោះ រីឯ​ខ្នាត​តូច​លក់​តំលៃ​៦,០០០​រៀល ក្នុង​ចំនួន​ប្រហែល​គ្នា ខណៈ​ឆ្នាំ​មុន​លក់​បាន​ត្រឹម​ជាង​៤០០០​រៀល​»​។ មុខរបរ​ធ្វើ​សំបក​ណែម សម្រាប់​អ្នក​ភូមិ​ដូនទាវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មុខរបរ​ត​ត្រកូល ត​ជំនាន់​តាំងពី​ដូនតា​មក​ ។

អ្នក​ភូមិ​និយាយ​ថា «​ពិតមែនតែ​កាលពី​សម័យ​ដើម​មិនសូវ​មាន​អ្នក​ធ្វើ​សំបក​ណែម​នេះ តែ​វា​បាន​ក្លាយជា​មុខរបរ​ប្រពៃណី​មួយ សម្រាប់​អ្នក​ភូមិ​ជំនាន់​នោះ ហើយ​មុខរបរ​នេះ បាន​រីក​លូតលាស់​ត​ត្រកូល​រហូត​ដល់​សព្វថ្ងៃ​»​។ បើ​តាម​ការ​អះអាង​របស់​អ្នក​ផលិត​សំបក​ណែម​បាន​ប្រាប់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​ថមថយ​នៃ​អ្នក​ផលិត ហើយ​ងាក​ទៅ​ប្រកប​មុខរបរ​ផ្សេង ដោយសារ​តែ​សំបក​ណែម​ធ្លាក់​ទីផ្សារ តែ​សព្វ​មាន​ទីផ្សារ​ល្អ​បន្តិច​វិញ​ហើយ​ ។ អ្នក​ភូមិ​បាន​ប្រាប់​ថា សព្វថ្ងៃ​មាន​អ្នក​នៅ​បន្ត​ប្រកប​មុខរបរ​ត​ជំនាន់​នេះ នៅ​សល់​ប្រហែល​ជាង​២០​គ្រួសារ​ប៉ុណ្ណោះ សម្រាប់​អ្នក​ភូមិ​ដូនទាវ​។

សិប្បកម្ម​ផលិត​សំបក​ណែម​នេះ ហាក់​មានការ​មមារញឹក​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​រវល់​ដល់​សមាជិក​ទាំងអស់​នៅ​ក្នុង​គ្រួសារ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សុទ្ធ ចាប អ្នក​ផលិត​សំបក​ណែម​ជើង​ចាស់​មួយ​រូប នៅ​ក្នុងភូមិ​ដូច​ទាវ ​។

ស្ថិត​ក្នុង​ស្ថានភាព​​មាន​តែ​ខោខ្លី​ជាប់​ចង្កេះ សូ​ម្បី​តែ​ស្បែកជើង​ក៏​គ្មាន​ផង លោក​សុទ្ធ ចាប ស្ទើរតែ​គ្មាន​ពេល​និយាយ​ឆ្លើយឆ្លង​ជាមួយ​កោះសន្តិភាព​ទាល់តែ​សោះ ។ ប៉ុន្តែ​បុរស​សម្បុរ​ខ្មៅ​រលោង​រូប​នេះ បាន​ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាស​ន៍​បណ្ដើរ​លើក​សំបក​ណែម​ យក​មក​លាត​ហាល​លើរាន​បណ្ដើរ​ទាំង​ញើស​​ហូរ​សស្រាក់​ថា
«​ការងារ​ធ្វើ​សំបក​ណែម​នេះ គឺជា​ការងារ​ដែល​រវល់​រក​លេខ​ដាក់​គ្មាន ​។ រួច​ដៃ​ពី​ចាក់​សំបក​ណែម ត្រូវ​ត្រាំ​អង្ករ ហើយ​ត្រូវ​កិន​ម្សៅ និង​លាយ​ម្សៅ​ ​រក្សា​ទុក​សម្រាប់​ធ្វើ​ថ្ងៃស្អែក ដល់​អីចឹង​កូនចៅ​នៅ​ក្នុងផ្ទះ​មិន​ថា​តូច​ឬ​ធំ​ទេ ត្រូវ​ជាប់រវល់​ទាំងអស់​..​។

ម្យ៉ាង​នេះ​ ជា​មុខរបរ​ដែល​បាន​បន្ត​ពី​ដូនតា​មក​.. អីចឹង​ចេះ​តែ​តស៊ូ​ទៅ​.. ព្រោះ​ខ្ញុំ​ប្រកប​របរ​ធ្វើ​សំបក​ណែម​នេះ ត​ពី​ដូនតា​៣​ជំនាន់​មក​ហើយ​»​។ ជាមួយនឹង​កាយវិការ​ដ៏​មមារញឹក បែកញើស​សស្រាក់ ​ស្ទើរ​ជោក​ខោ​ខ្លី ក្រោម​ក្លិន​ផ្សែង​ចង្ក្រាន​ហុយ​ទ្រលោម​ផង បុរស​វ័យ​៥៨​ឆ្នាំ រូប​នេះ​បាន​និយាយ​ទាំង​ញញឹម​ថា «​ខ្ញុំ​គ្មាន​មុខរបរ​ផ្សេង​ក្រៅពី​ធ្វើ​សំបក​ណែម​នេះ​ទេ​។ ចំណូល​ដែល​បាន​មក​ពី​សំបក​ណែម​នេះ បើ​ទោះ​មិន​ច្រើន​ប៉ុន្មាន តែ​អាច​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ខ្ញុំ បាន​សមរម្យ​ដែរ​»​។

ដោយឡែក ​អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​ប្រកប​រប​រត​ជំនាន់​នេះ​ដូច​គ្នា នៅ​ភូមិ​ដូនទាវ​នេះ​ដែរ ឈ្មោះ​រ៉​ន សៅ​រី ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ បាន​និយាយ​ថា សព្វថ្ងៃ​តម្លៃ​សំបក​ណែម​បាន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ហើយ​ម៉ូយ​ទិញ​យក​ទៅ​លក់​បន្ត​ក៏​សំបូរ​គ្រាន់បើ​ដែរ​។ នាង​និយាយ​ថា អ្នក​ភូមិ​ដូច​ទាវ ដែល​មានមុខ​របរ​នេះ ហាក់​មានការ​ថយ​ចុះ​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​។ ព្រោះ​ធ្វើ​មិន​ចំណេញ តែ​ឆ្នាំ​នេះ​តម្លៃ​សំបក​ណែម បាន​ស្ទុះ​ឡើង​បន្តិច​វិញ ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​នេះ ​ដែល​សល់​ប្រហែល​ជាង​២០​គ្រួសារ មាន​ទឹកចិត្ត​ប្រឹងប្រែង​បន្ត​មុខរបរ​ត​ត្រកូល​នេះ​ឡើង​វិញ​។

សិប្បកម្ម​ផលិត​សំបក​ណែម សម្រាប់​អ្នក​ភូមិ​ដូច​ទាវនេះ មិនមែន​គ្រាន់តែ​ជា​មុខរបរ​សម្រាប់​រក​ប្រាក់​ចំណូល ដើម្បី​ដោះស្រាយ​ជី​វិភាព​គ្រួសារ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​វា​បាន​ចូលរួម​ចំណែក​យ៉ាង​ផុសផុល​បំផុត បំរើ​ដល់​វិស័យ​ទេសចរ​ណ៍ ​នៅ​ក្នុង​ខេត្ត​បុរាណមួយ​នេះ​ផង​ដែរ ដោយសារ​តែ​នេះ​ជា​មុខរបរ​ប្រពៃណី​មួយ របស់​​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ប្រវត្តិ​ត​ត្រកូល​ជា​ច្រើ​ស​ជំនាន់​ ។ ភ្ញៀវ​ទេសចរ​​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ភាគច្រើន​ជា​ជនបរទេស បាន​ធ្វើ​ដំណើរ​តាម​រយៈ​មធ្យោបាយ​ផ្សេង​ៗ ទៅ​កាន់​ភូមិ​ដូនទាវ ដើម្បី​ទស្សនា​អំពី​ការ​ធ្វើ​សំបក​ណែម​របស់​ពលរដ្ឋ​។

អ្នក​នាំ​ភ្ញៀវ​ទេសចរ​​ម្នាក់​និយាយ​ថា ការ​ផលិត​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ​នេះ បាន​និង​កំពុង​ក្លាយជា​គោលដៅ​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ណ៏​បរទេស​ចម្រុះ ចូល​ទស្សនា​។ គាត់​បាន​និយាយ​អំពី​មូលហេតុ​ដូច្នេះ​ថា « ភាគច្រើននៃ​ភ្ញៀវ​បរទេស​ដែល​ខ្ញុំ​នាំ​មក​ដល់​ទឹកដី​ខេត្តបាត់ដំបង ពួក​គេ​បាន​ចាត់​ទុក​ផលិតផល​ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដោយ​ដៃ បែប​ប្រពៃណី បែប​បុរាណ​នៅ​តាម​មូលដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រ​នានា ជា​គោលដៅ​សំខាន់​សម្រាប់​ពួក​គេ​ដើរ​ទស្សនា និង​សិក្សា​ស្រាវជ្រាវ​»​។ ហ្គា​យ​រូប​នេះ ​បាន​ប្រាប់​អំពី​គោលដៅ​ពិសេស​ៗ​នៅ​ក្នុង​ខេត្ត ដែល​ភ្ញៀវ​បរទេស​ស្វែង​ចង់​ដឹង ចង់​ទស្សនា​បំផុត​មាន​ដូច​ជា « ទីតាំង​ផលិត​សំបក​ណែម ទីតាំង​ធ្វើ​នំក្រឡាន ទីតាំង​ផ​លិ​ស​ស្រាស ទីតាំង​ផលិត​ចេកឆាប ទីតាំង​ផលិត​ផ្អក​ប្រហុក ផ្ទះ​បុរាណ ការ​រស់នៅ​របស់​ពលរដ្ឋ​បែប​ទំនៀមទំលាប់ ឬ បែប​ប្រពៃណី និង តំបន់​ប្រវត្តិសាស្ត្រ​ដែល​មាន​ប្រាសាទ​​បុរាណ​»​។

ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​ពី​មន្ត្រី​ទេសចរ​ណ៍​ខេត្ត នា​ពេល​កន្លង​ទៅ​បាន​និយាយ​ថា ក្រៅ​តែ​អំពី​ទីតាំង​ពិសេស​ៗ​ខាងលើ​នេះ ការ​ជិះ​ឡូ​រី​កំសាន្ត​លើ​ផ្លូវដែក​ក៏​ជា​គោលដៅ​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ណ៏​បរទេស និងភ្ញៀវ​នៅ​ក្នុងស្រុក​ដែរ​ ។ ប៉ុន្តែ​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា សិប្បកម្ម​នានា ដែល​ពលរដ្ឋ​ខ្មែរ​បាន​ផលិត​ដោយ​ដៃ គឺជា​គោលដៅ​ដ៏​ចម្បង​បំផុត​សម្រាប់​ភ្ញៀវ​បរទេស​ទស្សនា និង សិក្សា​ស្រាវជ្រាវ ដែល​មាន​ដូច​ជា ការ​ធ្វើ​សំបក​ណែម នំក្រឡាន ការ​ផលិត​ស្រាស និង ធ្វើ​ចេកឆាប​។​ល​។ ដែល​សិប្បកម្ម​ទាំងនេះ ភាគ​ច្រើន​មាន​ផលិត​នៅ​ស្រុក​ឯក​ភ្នំ​ ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ