ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​គ្រួសារ​ទីទ័ល​ក្រ​…​សង់ផ្ទះ​យក​ស្ពាន​ធ្វើ​ដំបូល

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រួសារ​មួយ​មាន​គ្នា​សរុប​ចំនួន​៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ផង ពិតជា​ជីវិត​ទីទ័ល​ក្រ​តោកយ៉ាក​បំផុត​មែន​ បាន​សម្រេចចិត្ត​មក​សង់ផ្ទះ​ធ្វើ​ពី​ឫស្សី ជញ្ជាំង​ធ្លុះធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ​បាន​រុញច្រាន​មក​នៅ​ក្រោម​ស្ពាន​ដោយ​យកស្ពាន​ធ្វើ​ដំបូល ។ ខ្ទម​តូច​ចង្អៀត…

ខេត្តកំពង់ចាម ៖ គ្រួសារ​មួយ​មាន​គ្នា​សរុប​ចំនួន​៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ផង ពិតជា​ជីវិត​ទីទ័ល​ក្រ​តោកយ៉ាក​បំផុត​មែន​ បាន​សម្រេចចិត្ត​មក​សង់ផ្ទះ​ធ្វើ​ពី​ឫស្សី ជញ្ជាំង​ធ្លុះធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ​បាន​រុញច្រាន​មក​នៅ​ក្រោម​ស្ពាន​ដោយ​យកស្ពាន​ធ្វើ​ដំបូល ។

ខ្ទម​តូច​ចង្អៀត ទំហំ​ប្រហែល​៣​ម៉ែត្រ​បួន​ជ្រុង ស្ថិត​នៅ​ក្រោម​គល់​ស្ពានបេតុង​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ។ ពាក្យ​ចាស់​ពោល​ថា «​ទៀង​មិន​ឈ្នះ​ទាល់​» ហើយ​ការ​មក​រស់នៅ​ក្រោម​ស្ពាន​នេះ​មិនមែន​ជា​គ្រួសារ​មិន​ចង់​មាន​ផ្ទះ​ជ្រក​ដូច​គេឯង​នោះ​ទេ តែ​គ្មាន​លុយ​គ្មាន​ដី​បាន​ក្លាយជា​មនុស្ស​រស់នៅ​ក្រោម​ស្ពាន​បែប​នេះ​ខុស​គេ​អុ​ី​ចឹ​ង​ទៅ ។

ស្ត្រី​ឈ្មោះ ជូ ស្រី​មុំ វ័យ​៣១​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា​ថា គាត់​មក​រស់នៅ​លើ​ផ្ទះ​ឈើ​តូច​ជាមួយនឹង​ម្តាយ​ចំណាស់ ជា​ស្ត្រី​មេម៉ាយ​ដែល​នៅ​ជាប់មាត់​ព្រែក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១ ។ គាត់​ថា​ដោយ​ផ្ទះ​តូច​ចង្អៀត​ពេក​ពិបាក​និង​រស់នៅ​ក៏​បាន​សម្រេចចិត្ត ឲ្យ​ប្តី​មក​ធ្វើ​ផ្ទះ​នៅ​ក្រោម​ស្ពាន​គៀន​ជ្រៃ ធ្វើ​ពី​ឫស្សី​ទាំងអស់​និង​បាន​រស់នៅ​ជិត​២​ឆ្នាំ​ហើយ ព្រោះតែ​ក្រ​មិន​មាន​លុយ​ទិញ​ដី​ធ្វើ​ផ្ទះ​នឹង​គេ ។

ស្ត្រី​រូប​នេះ​បាន​ប្រាប់​បន្ត​ថា គាត់​មានកូន​ប្រុស​ចំនួន​២​នាក់ រួម​និង​កូន​ក្នុង​ផ្ទៃ​២​ខែ​ម្នាក់​ទៀត​ឡើង​ដល់​ទៅ​៣​នាក់ ក្នុង​នោះ​កូន​បង​អាយុ​៥​ឆ្នាំ រៀន​ថ្នាក់​ម​ត្តេ​យ្យ ហើយ​ប្តី​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា បាន​ចេញ​ទៅ​ធ្វើ​កម្មករ​ពត់​ដែក​អេ​ត​ចាយ​ឲ្យ​គេ ក្នុង​១​ថ្ងៃ​បាន​ប្រាក់​២​ម៉ឺន​រៀល​នៅ​កន្លែង​ទិញ​អេ​ត​ចាយ​មួយ​ក្នុង​ក្រុង​កំពង់ចាម ។ កម្រៃ​ដែល​បាន​មក​ដោះស្រាយ​ជីវភាព​ទាំង​លំបាកលំបិន ។

គាត់​រៀបរាប់​ថា មូលហេតុ​ដែល​នាំ​គ្នា​មក​សង់ផ្ទះ​នៅ​ក្រោម​ស្ពាន ដោយសារ​តែ​មិន​មាន​ដី​នៅ ហើយ​ច្រាំង​ទន្លេ​ចេះ​តែ​បន្ត​បាក់​រាល់​ឆ្នាំ​មិន​អាច​រស់នៅ​តាម​ច្រាំង​ទន្លេ​បាន​ទេ ។ ក្នុង​ក្តី​ស្រមៃ​ការ​គិត​របស់​គាត់​នោះ គឺ​ចង់បាន​ផ្ទះ​តូច​ល្មម​មួយ សម្រាប់​ជា​កន្លែង​ជ្រកកោន​ឱ្យ​បាន​សមរម្យ ប្រសិនបើ​មាន​សប្បុរសជន​ជួយ​គាត់​សប្បាយចិត្ត​ណាស់ ព្រោះ​ការ​រស់នៅ​ក្រោម​ស្ពាន​នេះ​មិន​ចង់​នៅ​ប៉ុន្មាន​ទេ ព្រោះ​រដូវ​ទឹកសម្រក​តែង​បាន​ហូរ​ច្រោះ​ដី​ដល់​គ្រឹះ​សសរស្ពាន ធ្វើ​ឲ្យ​អ្នក​គៀន​ជ្រៃ​មាន​ក្តី​កង្វល់​គ្រប់​ៗ​គ្នា ។

លោកស្រី អ៊ា ចាន់​ថុ​ល មេឃុំ​គៀន​ជ្រៃ ប្រាប់​ថា ស្ត្រី​ដែល​ជា​ម្តាយ​របស់​ស្រី​មុំ ពី​អតីតកាល​មានផ្ទះ​រស់នៅ​ជាប់​នឹង​គល់​ស្ពាន​គៀន​ជ្រៃ ។ ប៉ុន្តែ​ដោយសារ​ច្រាំង​ទន្លេ​បាន​បាក់​កន្លង​មក ពេល​រុះរើ​ផ្ទះ ត្រូវ​បាន​ក្រុម​ការងារ​មូលដ្ឋាន​ចុះ​មក​ជួយ​រុះរើ​ហើយ​ថែម​ទាំង​ជូន​លុយ​បន្ថែម​ទៀត ដាក់​មក​រស់នៅ​កៀក​និង​គល់​ស្ពាន ។

លោកស្រី​មេឃុំ​បាន​ទទួលស្គាល់​ថា ស្ត្រី​ដែល​រស់នៅ​ក្រោម​ស្ពាន​គៀន​ជ្រៃ​នេះ​ពិតជា​មាន​ជីវភាព​ក្រីក្រ​មែន ។ ដោយ​ឃើញ​ការ​លំបាក​នេះ គាត់​បាន​សុំ​ដី​វត្ត​គៀន​ជ្រៃ​ក្រៅ​បាន​១​កន្លែង ហើយ​ក៏​នឹង​សុំ​ឈើ​ចាស់​ៗ​នៅ​វត្ត​ដើម្បី​សង់ផ្ទះ​ជូន​គ្រួសារ​ក្រីក្រ​នេះ ។ លោកស្រី​មេឃុំ​បន្ត​ថា ​លោកស្រី​ក៏​មាន​បំណង​សុំ​ដល់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់សៀម ក្នុង​បំណង​សុំ​ឲ្យ​ជួយ​សង់ផ្ទះ​ឲ្យ​គ្រួសារ​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​ទេ ព្រោះ​ជា​បំណង ។

លោកស្រី​ក៏​ធ្លាប់​បាន​ឲ្យ​គ្រួសារ​នេះ​ចាកចេញ​ពីក្រោម​ស្ពាន​គៀន​ជ្រៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​សភាព​ដូច្នេះ​ទេ ប៉ុន្តែ​មិន​ទាន់​ធ្វើ​បាន ។ លោកស្រី​មេឃុំ​ថា កន្លង​មក​ឲ្យ​តែ​មាន​ចែក​អំណោយ​ដល់​ជន​ក្រីក្រ គ្រួសារ​នេះ​តែងតែបាន​ទទួល​រាល់​លើក​មិន​ដែល​អាក់ខាន​ម្តងណា​ទេ ព្រោះ​អាណិត​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធ​ភាព​ជួយ​បាន​ភ្លាម​ៗ ។

ព័ត៌មាន​ចុង​ក្រោយ តាម​រយៈ​ទូរស័ព្ទ លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​ប្រាប់​កោះសន្តិភាព​ថា លោក​បាន​បញ្ជា​ឱ្យ​ក្រុមការងារ​របស់​លោក​ដែល​ចុះ​ជួយ​ស្រុក​កំពង់សៀម​ចាត់ចែង​សង់ផ្ទះ​ជូន​គ្រួសារ​នេះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ