ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្ររាប់រយនាក់ផ្ទុះការ​តវ៉ាក្នុង​តំបន់ឧស្សាហកម្ម​អូរ​នាង ក្រុង​ប៉ោយ​ប៉ែ​ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​រាប់រយ​នាក់​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ អឹ​ម​អិ​ល​អ៊ិ​ន​ធី​មេ​ត​អឹ​ភែ​រី​ល «ML INTIMATE APPAREL (CAMBODIA )LTD» ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន…

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​រាប់រយ​នាក់​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ អឹ​ម​អិ​ល​អ៊ិ​ន​ធី​មេ​ត​អឹ​ភែ​រី​ល «ML INTIMATE APPAREL (CAMBODIA )LTD» ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ហើយ​រោងចក្រ​មួយ​នេះ​ស្ថិត​ក្នុង​តំបន់ឧស្សាហកម្ម​អូរ​នាង ក្រុង​ប៉ោយ​ប៉ែ​ត បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ​បើកប្រាក់​ពលកម្ម​ពួក​គាត់​ឲ្យ​បាន​ទៀងទាត់ ព្រោះ​មិន​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​។

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​តាំងពី​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៩ រហូត​ដល់​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ដដែល ទើប​ក្រុម​កម្មករ​ខាងលើ​ត្រឡប់​ទៅ​វិញ​។

តាម​ប្រភព​ពី​ក្រុម​កម្មករ​បាន​លើក​ឡើង​ថា ដោយសារ​ប្រាក់​កម្រៃ​ការងារ​ពួក​គាត់​ដែល​ត្រូវ​បើក​១​ខែ​២​ដង បែរជា​បើក​រហូត​៤​ដង​ខុស​ពី​គោលការណ៍​ដែល​ក្រសួង​បាន​កំណត់ ព្រោះតែ​ថៅកែ​រោងចក្រ​ព្យាយាម​លើក ឬ​ពន្យារពេល​ថ្ងៃនេះ​ថ្ងៃ​នោះ ។ សំខាន់​ពួក​គាត់​មិន​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ទើប​នាំ​គ្នា​តវ៉ា​តែ​ម្តង​។

តាម​ប្រភព​ពី​ក្រុម​កម្មករ​បាន​បន្ត​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​អឹ​ម​អិ​ល​អ៊ិ​ន​ធី​មេ​ត​អឹ​ភែ​រី​ល​» នេះ​គឺ​ពិបាក​បើកប្រាក់​ការងារ​ជា​ច្រើន​ខែ​មក​ហើយ ។ ដោយ​ក្រុម​កម្មករ​លើក​ឡើង​ពី​ផល​លំបាក​ថា ពួក​គាត់​សុទ្ធតែ​ជំពាក់​ប្រាក់​កម្ចី​របស់​ធនាគារ ម្យ៉ាង​ត្រូវការ​ចំណាយ​ទៅ​លើ​ថ្លៃ​ហូប​ចុក និង​បង់ថ្លៃ​ផ្ទះ​ជួល ចំណែក​អ្នកខ្លះ​មានកូន​តូច​ត្រូវការ​ទិញ​ចំណីអាហារ​ឲ្យ​កូន​ៗ ហើយ​បើ​ថៅកែ​រោងចក្រ​បើកប្រាក់​ពលកម្ម​មិន​ទៀងទាត់​បែប​នេះ​តើ​ឲ្យ​ពួក​គាត់​សង្ឃឹម​អ្វី​។ ពួក​គាត់​បាន​ទទូច​សុំ​អាជ្ញាធរ​ខេត្ត ពិសេស​ក្រសួង​ការងារ​សូម​ជូ​យ​ពិនិត្យ​បញ្ហា​នេះ​ផង​។

ក្រុម​កម្មករ​និយាយ​ថា តាម​ច្បាប់​ការងារ​របស់​ក្រសួង​គឺ​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ការងារ​ឲ្យ​កម្មករ​ក្នុង​១​ខែ​២​ដង ប៉ុន្តែ​ពួក​គាត់​ថា រោងចក្រ​កាត់ដេរ​ខាងលើ​មិន​បាន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​នើ​ទេ​។ ផ្ទុយ​ទៅ​វិញ ថៅកែ​របស់​ពួក​គាត់​បើកប្រាក់​ការងារ​ឲ្យ​មិន​ទៀងទាត់​ឡើយ ពោល​គឺ​១​ខែ​បើក​ឲ្យ​រហូត​៤​ដង ហើយ​ពេល​ខ្លះ​បើក​ប្រាក់ខែ​ឲ្យ​មិន​គ្រប់​ទៀត​ផង​។ ពួក​គាត់​ថា ថ្ងៃនេះ​ដល់​ពេល​ដែល​ត្រូវ​បើកប្រាក់​ការងារ​ហើយ តែ​ថៅកែ​បាន​លើក​ពេល​សុំ​បើក​ឲ្យ​នៅ​ថ្ងៃ​សុក្រ​វិញ​។ មុន​ពេល​បែក​គ្នា​នៅ​វេលា​យប់​ដដែល​នេះ​ក្រុម​កម្មករ​និ​យ​យា​ថា បើ​ចាប់ពី​ថ្ងៃស្អែក​ទៅ ថៅកែ​មិន​បើក​ប្រាក់ខែ​ឲ្យ​ទេ ពួក​គាត់​នឹង​លើកគ្នា​ទៅ​ឈរ​តវ៉ា​មុខ​រោងចក្រ​រាល់ថ្ងៃ ហើយ​មិន​ចូល​ធ្វើការ​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​ទាន់​អាច​រក​ការ​បកស្រាយ​បំភ្លឺ​ពី​តំណាង​រោងចក្រ​ខាងលើ​បាន​នៅឡើយ​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ម្យ៉ាងទៀត​ជា​ពេល​យប់​ទៅ​ហើយ​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​គាត ហ៊ុ​ល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រុម​កម្មករ​បាន​រំសាយ​វិញ​ហើយ ។ លោក​បន្ត​ថា លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​នឹង​កំពុង​ចុះ​ទៅ​ចំណុច​កើតហេតុ​ដើម្បី​ជួប​ជាមួយ​ថៅកែ​រោងចក្រ​ខាងលើ​រក​ដំណោះស្រាយ​ផង​ដែរ ។

ទីបំផុត​ការ​តវ៉ា​ទាមទារ​បើកប្រាក់​ការងារ​របស់​ក្រុម​កម្មករ​នៅ​រោងចក្រ​ខាងលើ​នេះ​ត្រូវ​បាន​បញ្ចប់​យ៉ាង​រលូន ហើយ​តំណាង​រោងចក្រ និង​កម្មករ​យល់ព្រម​ទ​ទួ​យក​តាម​លក្ខខណ្ឌ​រៀង​ៗ​ខ្លួន ។ ដោយ​ខាង​រោងចក្រ​សន្យា​បើកប្រាក់​ឲ្យ​កម្មករ​នៅ​ថ្ងៃស្អែក ហើយ​ក្រុម​កម្មករ​ក៏​ព្រម​ចូល​បំរើ​ការងារ​ជា​ធម្មតា​។

គួរ​បញ្ជាក់​ថា មុន​ការ​តវ៉ា​របស់​ក្រុម​កម្មករ​រោងចក្រ​ខាងលើ​នេះ​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៩ លោក​រស់ សា​រ៉ុ​ម ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ដល់​កន្លែង​កើតហេតុ​ជួប​ជាមួយ​ថៅកែ​រោងចក្រ​សាកសួរ​និង​ស្វែងរក​ដំណោះស្រាយ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​នេះ លោក​រស់ សា​រ៉ុ​ម រួម​ជាមួយ​លោក​គាត ហ៊ុ​ល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​ក្រុមការងារ​ជួប​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​តំណាង​រោងចក្រ និង​តំណាង​ក្រុម​កម្មករ​នៅ​សាល​ប្រជុំ​មួយ​ក្នុង​តំបន់ឧស្សាហកម្ម​អូរ​នាង ។ លោក​ក៏​បាន​លើក​ឡើង​ប្រាប់​កម្មករ​ថា ក្រុម​មន្ត្រី​របស់​លោក​មាន​ប្រចាំការ​តាម​តំបន់ឧស្សាហកម្ម ហើយ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង ត្រូវ​ជួប​ជាមួយ​មន្ត្រី​តំណាង​ក្រសួង​ការងារ ឬ​ជួប​តំណាង​រោងចក្រ​ចៀសវាង​ធ្វើ​អ្វីមួយ​ដែល​ខុសច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ