ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូ​អាត​សន្យា​ការពារ​មិន​ឲ្យ EU ដក EBA ពី​កម្ពុជា​ក្នុង​ពេល​ខ្លួន​ក្លាយជា​ប្រធាន​ប្តូរ​វេន​សហភាព​អឺរ៉ុប

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​កម្ពុជា​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប​ដែល​ហៅ​ថា​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything But Arms-EBA) បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ក៏​បាន​សន្យា​ជួយ​ការពារ​មិន​អោយ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA…

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​កម្ពុជា​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប​ដែល​ហៅ​ថា​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything But Arms-EBA) បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ក៏​បាន​សន្យា​ជួយ​ការពារ​មិន​អោយ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ដែរ ។

នៅ​ក្នុង​ជំនួប​រវាង​លោក ប្រាក់​សុ​ខុន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​, លោក Kreso Glavac ឯកអគ្គរដ្ឋទូត​ក្រូ​អាត ប្រចាំ​ប្រទេស​កម្ពុជា ដែល​ចប់​អាណត្តិ​បាន​ប្ដេជ្ញា​ការពារ​មិន​អោយ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​លើ​មុខទំនិញ​គ្រប់​ប្រភេទ​ពី​កម្ពុជា ។

​លោក Kreso Glavac បាន​បន្ត​ថា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ក្រូ​អាត​នឹង​ក្លាយជា​ប្រធាន​ប្តូរ​វេន​នៃ​សហភាព​អឺរ៉ុប ដូច្នេះ​ក្រូ​អាត​អាច​មាន​សិទ្ធិ​លើក​ឡើង​ពី​បញ្ហា EBA ដែល​អឹ​រ៉ុ​ប​កំពុង​ពិចារណា​ដក​ពី​កម្ពុជា ។ ហើយ​បើសិនជា​កម្ពុជា មាន​បញ្ហា​អ្វី​ក៏​ដោយ​ជាមួយ​សហភាព​អឺរ៉ុប ក៏​ក្រូ​អាត​នៅ​តែ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អោយ​កាន់តែ​រឹង​មាំ ។

បើ​តាម​លោក កេ​ត សោ​ផា​ន់ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មាន​ប្រសាសន៍​ថា ឯកអគ្គរដ្ឋទូត​លើក​ឡើង​ថា ថ្មី​ត្បិត​តែ​ក្រូ​អាត​ជា​ប្រទេស​តូច​ក៏​ពិតមែន ប៉ុន្តែ​មាន​បេះដូង​បើក​ទូលាយ គឺជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ។ ដើម្បី​ធានា​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ក្រូ​អាត គឺ​បាន​ឯកភាព​រៀបចំ​ពិធី​ចុះហត្ថលេខា បើក​ការពិគ្រោះ​យោបល់​នយោបាយ​ការទូត ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ ដោយ​ត្រៀម​កំណត់​គោលដៅ នៃ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២​។ ក្រូ​អាត​នឹង​ក្លាយជា​ប្រធាន ប្ដូរ​វេន នៃ​សភាព​អឺរ៉ុប ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២០​។

តាម​អ្នកនាំពាក្យ​ខាងលើ​, ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​មិត្តភក្ដិ​នៅ​ក្នុង EU ហើយ​ក្រូ​អាត​ជា​មិត្តភក្ដិ​ដ៏​ល្អ​របស់ EU ។ ក្រូ​អាត​នឹង​គាំទ្រ​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​ជាមួយ EU ។ ក្រូ​អាត​នឹង​ខិតខំ​ពន្យល់​សមាជិក EU ផ្សេង​ទៀត​ក្នុង​ពេល​ដែល​មាន​បញ្ហា​លើក​ឡើង​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា ។

សូម​បញ្ជាក់​ថា ប្រទេស​ដែល​ទទួល​បានការ​អនុគ្រោះ​ពន្ធ លើ​គ្រប់មុខ​ទំនិញ លើកលែង​សព្វាវុធ ពី​សហភាព​អឺរ៉ុប​មាន​៤៩​ប្រទេស ។ ក្នុង​នោះ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក មាន​ចំនួន​ច្រើន​ជាងគេ​។ ក្នុង​ករណី​សហភាព​អឺរ៉ុប​សម្រេច​ជា​ផ្លូវការ​ដក EBA ពី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា អះអាង​ថា ទីផ្សារ​អឺរ៉ុប នៅ​តែ​បើកចំហ សម្រាប់​កម្ពុជា​ដដែល ប៉ុន្តែ​គ្រាន់តែ​មាន​បន្ថែម​តម្លៃ​ពន្ធដារ​មួយ​ចំនួន​ប៉ុណ្ណោះ ។ កម្ពុជា​ត្រូវ​តែ​ខិតខំ​កសាង អភិវឌ្ឍន៍​ខ្លួន​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ដើម្បី​មាន​កម្លាំង​សេដ្ឋកិច្ច​រឹង​មាំ នៅ​ពេល​នោះ​ហើយ EBA ក៏​នឹង​ត្រូវ​ដក​ចេញ​ជា​ស្វ័យប្រវត្តិ ។ ការ​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA គឺ​សម្រាប់​ប្រទេស​ក្រីក្រ ក្នុង​ការ​នាំ​យក​ផលិតផល​និង​ទំនិញ​នានា​មក​កាន់​ទីផ្សារ EU ដោយ​មានការ​អនុគ្រោះ​ពន្ធ ហើយ​មិន​អាច​ផ្តល់​ជូន​ជា​រៀង​រហូត​នោះ​ឡើយ ។

សហភាព​អឺរ៉ុប បាន​ចាប់ផ្តើម​នីតិវិធី​ជា​ផ្លូវការ​ផ្អាក ជា​បណ្តោះអាសន្ន លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​មុខ ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ មុន​នឹង​អាច​ឈាន​ទៅ​រក​ការ​ព្យួរ នា​ខែកុម្ភៈ​ឆ្នាំ​២០២០ ប្រសិនបើ​រក​ឃើញ​ថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ​ទៅ​រក​ភាពល្អ​ប្រសើរ​គ្រប់គ្រាន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ