ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ឡើង​ភ្នំ​នៅ​កម្ពុជា កាន់តែ​មានការ​ទទួលស្គាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាឡើង​ភ្នំ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​បោះ​ជំហាន​រីក ចម្រើន បន្ទាប់​ពី​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក ហើយ​រក​ឃើញ​កីឡាករ​ឆ្នើម​ៗ​ប្រចាំ​សហព័ន្ធ​ក្នុង​ចំនួន​មួយ​សម​ស្រប ។ ទាំង​កីឡាករ​និង​មន្ត្រី​ពាក់ព័ន្ធ សុទ្ធតែ​ចង់​ឲ្យ​កីឡា​មួយ​នេះ​បាន​ដាក់​បញ្ចូល​ជា​កីឡា​អូ​ឡាំ​ពិ​ក…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាឡើង​ភ្នំ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​បោះ​ជំហាន​រីក ចម្រើន បន្ទាប់​ពី​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក ហើយ​រក​ឃើញ​កីឡាករ​ឆ្នើម​ៗ​ប្រចាំ​សហព័ន្ធ​ក្នុង​ចំនួន​មួយ​សម​ស្រប ។ ទាំង​កីឡាករ​និង​មន្ត្រី​ពាក់ព័ន្ធ សុទ្ធតែ​ចង់​ឲ្យ​កីឡា​មួយ​នេះ​បាន​ដាក់​បញ្ចូល​ជា​កីឡា​អូ​ឡាំ​ពិ​ក និង​មានឈ្មោះ​ឲ្យ​ប្រកួតនៅ​លើ​ឆាក​អន្តរជាតិ ។

ស៊ឹ​ម រុន ដែល​ជា​កីឡាករ​ប្រចាំ​សហព័ន្ធ និយាយ រូបគេ​ចូល​ហ្វឹកហាត់​កីឡា​ឡើង​ភ្នំ​នៅ ខេត្ត​សៀមរាប តាំងពី​ឆ្នាំ​២០០៦ ។ កីឡា​នេះ មិនសូវ​មានការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​យុវ ជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ស្គាល់​និង​ចូល​លេង​បាន​ច្រើន​ទេ ទើប​រូបគេ​សម្រេចចិត្ត​តស៊ូ រហូត​មិន​ត្រឹមតែ​ក្លាយជា​កីឡាករ​ស្ទាត់ជំនាញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ជា​អ្នក​បំផុស​ឲ្យ​មានការ​លេង ច្រើន​តាម​រយៈ​ការ​រៀបចំ​ការ​ប្រកួត ដោយ​បំផុស​ឲ្យ​ខ្មែរ​និង​បរទេស បាន​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​ផង ។

ស៊ឹ​ម រុន និយាយ​ថា នេះ​ជា​កីឡា​ដែល​គេ​មិនសូវ​ស្គាល់ តែ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូបគេ​ចង់​តស៊ូ​ទៅ​វិញ បើ​ទោះជា​ក្នុង​ពេល​នេះ​រូបគេ​មាន​អាយុ​៣៧​ឆ្នាំ​ហើយ​ក្តី ។ រូបគេ​ប្រកាន់​ជំហរ​ថា នឹង​បន្ត​ការ​ប្រកួត​និង​តស៊ូ​រហូត​ទាល់តែ​មាន​ឈ្មោះ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​ផង ។

មក​ទល់​ពេល​នេះ កីឡា​ឡើង​ភ្នំ​នៅ​មិន​ទាន់​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ស៊ី​ហ្គេ​ម ឬ​ការ​ប្រកួត​អន្តរជាតិ​ណាមួយ​នោះ​ទេ ប៉ុន្តែ​រូបគេ​រំពឹង​ថា កីឡា​ប្រភេទ​នេះ​នឹង​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បើ​ទោះជា​ខ្វះ​សម្ភារ​ហ្វឹកហាត់ និង​ការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ គឺជា​កត្តា​រាំងស្ទះ​ក្នុង​ការ​អភិ​វឌ្ឍកី​ឡា​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ កីឡា​ឡើង​ភ្នំ​បាន​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​នៅ​ខេត្ត ​សៀម​រាប ដោយ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​សរុប​៧២​នាក់ មក​ពី​៩​ក្លិប ។ វិញ្ញាសា​សំខាន់​ៗ នៅ​ក្នុង​ការ​ប្រកួត​នេះ​រួម​មាន វិញ្ញាសា​Speed បុរស​-​នារី​អាយុ​ក្រោម​១៥​ឆ្នាំ វិញ្ញាសា​Speed បុរស​-​នារី​អាយុ​១៥​ឆ្នាំ​ឡើង វិញ្ញាសា​Lead បុរស​-​នារី​អាយុ​ក្រោម​១៥​ឆ្នាំ វិញ្ញាសា​Lead បុរស​-​នារី​អាយុ​១៥​ឆ្នាំ​ឡើង វិញ្ញាសា​Bouldering បុរស​-​នារី​អាយុ​ក្រោម​១៥​ឆ្នាំ វិញ្ញាសា Bouldering បុរស​-​នារី​អាយុ​១៥​ឆ្នាំ​ឡើង ។

មក​ទល់​នឹង​ឆ្នាំ​២០១៩​នេះ សហព័ន្ធ​កីឡា​នេះ​ប្រកាស​ថា បាន​ខិតខំ​ប្រឹងប្រែង​បំផុស និង​បណ្តុះបណ្តាល​ថ្នាល​តាម​លំដាប់​ឱ្យ​បាន​ទូលំទូលាយ ជំរុញ​និង​អភិវឌ្ឍ​មន្ត្រី​បច្ចេកទេស ចៅក្រម គ្រូបង្វឹក ឱ្យ​ដល់​កម្រិត​អន្តរជាតិ ពង្រឹង​ការ​ហ្វឹកហាត់​គ្រប់​លំដាប់ថ្នាក់ ពង្រឹង​ការ​រៀបចំ​ការ​ប្រកួត កែ​លម្អ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​មាន​លក្ខណៈ​ស្តង់ដា ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​សហព័ន្ធ ក្លិប សមាគម និង​ប្រឹងប្រែង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ។

លោក អ៊ុ​ង សិរី​ន​ឌី ប្រធាន​សហព័ន្ធ​កីឡា ឡើង​ភ្នំ​កម្ពុជា​មាន​ជំនឿ​ថា កីឡា​ឡើង​ភ្នំ​មាន ​សមត្ថ​ភាព​និង​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃ បើសិន​បាន ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ទោះ​បច្ចុប្បន្ន​កីឡា​នេះ​គ្មាន​សកម្មភាព​រៀបចំ និង
ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​លើ​ឆាក អន្តរជាតិ​ក៏​ដោយ ។

លោក​បន្ត​ថា កីឡា​ឡើង​ភ្នំ​មាន​២​ប្រភេទ គឺ​ឡើង​ភ្នំ​ធម្មជាតិ និង​ឡើង​ភ្នំ​សិប្ប​និ​មិ្ម​ត ។ សម្រាប់​ការ​ឡើង​ភ្នំ​ត្រូវ​មាន​ដៃគូ ដោយ​ដៃគូ​ម្នាក់​ឡើង​ភ្នំ​ដែល​វិញ្ញាសា​បាន​កំណត់ ហើយ​ម្នាក់​ទៀត​ជា​អ្នក​រូត​ខ្សែ​និង​ទប់​ខ្សែ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ចែក​គ្នា​ទប់​ខ្សែ និង​ឡើង​ភ្នំ​ម្ដងម្នាក់ ។ កីឡា​នេះ​គេ​ច្រើន​ប្រើ​ពូក​ទ្រ​ពីក្រោម ដើម្បី​ពេល​ធ្លាក់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ។ សម្រាប់​របៀប​ឡើង​ពេល​ខ្លះ​គឺ​តោង​ឡើង និង​ពេល​ខ្លះ​ត្រូវ​កាន់​ខ្សែ​ឡើង ។

កីឡា​នេះ​មិន​មានការ​កំណត់​អាយុ​ទេ តែ​អ្នកមាន​កាយសម្បទា​ល្អ ទើប​អាច​លេង​បាន ។ សុខ​ភាព​ក៏​ជា​រឿង​ចាំបាច់​ផង​ដែរ ទើប​កីឡា​ប្រ​ភេទ​នេះ​មិនសូវ​មាន​អ្នក​ចង់​លេង ។ កីឡា​ឡើង ភ្នំ ក៏​មាន​កីឡាករ​អាជីព​មក​ហាត់​ទៀងទាត់​ចំនួន​២៥​នាក់​ដែរ​នា​ពេល​ចុង​ក្រោយ​នេះ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ