ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ មេព្រៃ​ចាប់​ឈើ​ក្នុង​វត្ត«​វង្វេង​ថា​ព្រៃ»បាន​ប្រគេន​ជូន​​វត្ត​វិញ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​សម្រេច​យក​ឈើដែល​រឹបអូស​ទាំង​កណ្ដាលអធ្រាត្រ​ប្រគេន​ជូន​វត្ត​ប្រាសាទ​អធ្វារ​វិញ បន្ទាប់​ពី​មានការ​រិះគន់​តាម​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​មួយ​ចំនួន​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ លោក ទា គឹ​ម​សុទ្ធ…

ខេត្តសៀមរាប ៖ ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​សម្រេច​យក​ឈើដែល​រឹបអូស​ទាំង​កណ្ដាលអធ្រាត្រ​ប្រគេន​ជូន​វត្ត​ប្រាសាទ​អធ្វារ​វិញ បន្ទាប់​ពី​មានការ​រិះគន់​តាម​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​មួយ​ចំនួន​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា បាន​ដឹកនាំ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើនាំ​យក​ឈើ​ ដែល​បាន​រឹបអូស​កាលពី​យប់​ថ្ងៃមុន ទៅ​ប្រគេន​ព្រះសង្ឃ​វត្ត​ប្រា​សាទ​អធ្វារ​វិញ និង​បាន​ចូលរួម​បច្ច័យ​ជា​ថវិកា​ចំនួន​១​លាន​រៀល ដើម្បី​រួមចំណែក​កសាង​វត្ត​ផង​ដែរ ។ លោក ទា គឹ​ម​សុទ្ធ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​វត្ត​ប្រាសាទ​អធ្វា​រថា ការ​ប្រគេន​ឈើដល់​ព្រះសង្ឃ​វិញ​នេះ គឺ​ធ្វើ​តាម​អនុសាសន៍​ណែនាំ​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​អភិបាល​ខេត្ត ។

លោក ទា គឹ​ម​សុទ្ធ បញ្ជាក់​ថា ដោយ​មានសេ​ក្ដី​រាយការណ៍​ពី​ករណី​កាប់​ដើមឈើ​នៅ​វត្ត​ប្រាសាទ​អធ្វារ ទើប​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​ប្រទះ​ឃើញ​ឈើ​អារ​រួច​ជា​ប្រភេទ​ឈើទាល​ចំនួន​៤៦​សន្លឹក និង​ឈើមូល​ចំនួន​២​កំណាត់ ។

លោក ទា គឹ​ម​សុទ្ធ បញ្ជាក់​ថា ដោយពេល​វេលា​យប់​ជ្រៅ និង​ទីតាំង​កើត​ហេតុ​ក្រៅ​បរិវេណវត្ត​ពុំ​មាន​អ្នក​ទទួលខុសត្រូវ ទើប​សមត្ថកិច្ច​សម្រេចដឹក​ជញ្ជូន​វត្ថុ​តាង​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ។

លោក​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រីនៅ​ទីតាំង​ជាក់ស្តែង ព្រះសង្ឃ​នាម ភ្លឿ​ន រ័​ត្នគ្រូសូត្រស្តាំ តំណាង​ព្រះ​ចៅអធិការ​វត្ត មាន​ថេរដីកា​ថា ការ​កាប់​ដើមឈើ​ទាល​មួយ​ដើម​នេះ ដោយសារ​ដើមឈើ​នេះ​ត្រូវ​រន្ទះបាញ់​ចាប់ផ្តើម​ងាប់ និង​មាន​មែកឈើ​មួយ​ចំនួន​បាក់​ធ្លាក់​មក​ដី អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ។ ប៉ុន្តែ​គណៈកម្ម​ការ​អាចារ្យវត្ត ពុំ​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ទេ ។

លោក​បញ្ជាក់​បន្ថែម​ថា ដោយ​ពិនិត្យ​ឃើញ​ថា ​វត្ត​កំពុង​សាងសង់​កុដិ និង​ដោយ​មានការ​ស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យវត្ត ទើប​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សម្រេច​ប្រគេ​ន​ឈើ​ទៅ​ព្រះសង្ឃ​វិញ និង​បាន​ចូល​បច្ច័យ​សាងសង់​កុដិ​ចំនួន​១​លាន​រៀល​ថែម​ទៀត​ផង ។

សូមរំលឹកថា ហេតុការណ៍​ក្រុម​មន្ត្រី​ចុះ​រឹបអូស​ឈើ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១០​និង​២៦​នាទី​យប់ ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ៕​

អត្ថបទសរសេរ ដោយ