ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺ​សម្បុរ​គ្រប់​គ្នា​! ផ្អើល​វិញ្ញាណ​សព​ចូល​សណ្ឋិត​ក្នុងខ្លួនបង​ស្រី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន LIMLONG ។ បន្ទាប់​ពី​កើតហេតុ​ក៏​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ផង​ដែរ ដោយសារតែ​​មាន​គេ​អះអាង​ថា វិញ្ញាណ​សព​បុរស​រង​គ្រោះ​មិន​អស់ចិត្ត ទើប​ចូល​សណ្ឋិត​ក្នុង​ខ្លួន​បងស្រី​រួច​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន LIMLONG ។ បន្ទាប់​ពី​កើតហេតុ​ក៏​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ផង​ដែរ ដោយសារតែ​​មាន​គេ​អះអាង​ថា វិញ្ញាណ​សព​បុរស​រង​គ្រោះ​មិន​អស់ចិត្ត ទើប​ចូល​សណ្ឋិត​ក្នុង​ខ្លួន​បងស្រី​រួច​និយាយ​ថា រថយន្ត​បើក​វ៉ា​មក​បុក​ម៉ូតូ​ខ្លួន ទើប​បណ្តាល​ឲ្យ​ខ្លួន​ស្លាប់​បែកបាក់​ក្រុម​គ្រួសារ​ម្តាយ​ឪពុក ប្រពន្ធ​កូន​ជាទី​ស្រឡាញ់ ព្រមទាំង​ចង់​ជួប​អ្នកបើកបរ​រថយន្ត​ដែល​បុក​ខ្លួន​ស្លាប់​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រា​ត្រ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លឹ​ម ចាន់​ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​បើក​គ្រឿងចក្រ​អេ​ស្កា ស្នាក់​ផ្ទះ​ជួល​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ប្រណាក សង្កាត់​ព្រែក​ឯក ខណ្ឌ​ច្បារ​អំពៅ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក QBX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HT-៣២៦០ ។ ចំណែក​ភាគី​ខាង​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ខាងលើ​ជា​របស់​ក្រុមហ៊ុន LIMLONG ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-០៥៨២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ដោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន LIMLONG កំពុង​ឈប់​ចត​នៅ​តាម​ផ្លូវ ដោយសារ​អ្នកបើកបរ​ចុះ​បត់ជើងតូច បន្ទាប់​មក​រថយន្ត​ដឹក​ប្រេង​បើក​ចេញ​ទៅ​បាន​បន្តិច ស្រាប់តែ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ដឹក​ប្រេង​យ៉ាង​ពេញទំហឹង​ចំ​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈនោះ រថយន្ត​ដឹក​ប្រេង​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​បាន​ជាង​១០០​ម៉ែត្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញ​មក​ពី​កន្លែងធ្វើការ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ចំណែក​អ្នក​រួមការ​ងារ​ចំនួន​២​នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយសារ​តែ​ជន​រង​គ្រោះ​ប្រញាប់​មក​ផ្ទះ​មុន​ពេក​ក៏​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​មុន ចំណែក​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​ជិះ​ម៉ូតូ​មក​តាម​ក្រោយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ប្រេង​ខាងលើ​ចត​អែប​ចិញ្ចើម​ផ្លូវ ហើយ​ម៉ូតូ​ជន​រង​គ្រោះ​បំរុង​បើក​វ៉ា ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​បាន​បើក​វ៉ា​រថយន្ត​ដឹក​ប្រេង​ដែល​កំពុង​ឈប់​ចត​នោះ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គេច​មក​ខាងស្តាំ​វិញ ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បាន​បុក​រថយន្ត​ដឹក​ប្រេង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ រួម​មាន​ម្តាយ បងស្រី និង​ប្រពន្ធ​បាន​មក​ដល់​កន្លែង​កើតហេតុ​នាំ​គ្នា​យំ​ស្រែក​បោក​ខ្លួន​គួរ​ឲ្យ​សង្វេគ លុះ​បាន​បន្តិច​ក្រោយមក​ស្រាប់តែ​ស្ត្រី​ម្នាក់​ដែល​ជា​បងស្រី​បង្កើត​របស់​បុរស​រង​គ្រោះ​ត្រូវ​បាន​វិញ្ញាណ​របស់​សព​ជន​រង​គ្រោះ​ចូល​សណ្ឋិត ហើយ​ស្រែកយំ​ទាំង​បិទ​ភ្នែក​រួច​និយាយ​ថា រថយន្ត​បើក​វ៉ា​មក​បុក​ម៉ូតូ​គាត់ បណ្តាល​ឲ្យ​គាត់​ស្លាប់​បែកបាក់​ក្រុម​គ្រួសារ​ម្តាយ​ឪពុក ប្រពន្ធ​កូន​ជាទី​ស្រឡាញ់ ធ្វើ​ឲ្យ​គាត់​ចង់​ជួប​អ្នកបើកបរ​រថយន្ត​ដែល​បុក​គាត់​ស្លាប់​ផង​ដែរ ។

ពេល​ឃើញ​ហេតុការណ៍​បែប​នេះ ស្ត្រី​ជា​ម្តាយ​របស់​បុរស​រង​គ្រោះ​បាន​អុជ​ធូប​បន់​សុំ​ឲ្យ​វិញ្ញាណ​សព​បុរស​រង​គ្រោះ​ចេញពី​ខ្លួន​បងស្រី​ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​វិញ្ញាណ​ដែល​ចូល​​សណ្ឋិត​នោះ​ប្រាប់​ថា «​ទម្រាំ​តែ​បាន​សុំ​ចូល​រូប​បងស្រី​ដែល​មាន​គ្រូ​កាន់​នេះ​គឺ​ពិបាក​ណាស់ គាត់​មិន​ចង់​ចេញ​ទេ​» តែ​ស្ត្រី​ជា​ម្តាយ​នៅ​តែ​និយាយ​អង្វរ ទើប​វិញ្ញាណ​នោះ​ព្រម​ចេញ​វិញ ។

បន្ទាប់​មក មន្ត្រី​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ព្រមទាំង​នាំ​អ្នកបើកបរ​រថយន្ត និង​រថយន្ត​ដឹក​ប្រេង រួម​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ