រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េដឹកដូងមួយគ្រឿងម៉ាកទីតាន់បុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា បណ្ដាលឲ្យរថយន្តម៉ាកតាកូម៉ាខ្ទាតធ្លាក់ចូលទឹកបឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកើតហេតុរថយន្តម៉ាកទីតាន់បើកគេចបានចម្ងាយ១០០ម៉ែត្រក៏បែកធុងទឹកទៅមុខលែងរួច។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវិថីឈ្នះឈ្នះហៅទំនប់កប់ស្រូវ ភូមិត្រពាំងធ្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងរថយន្តកូរ៉េមួយគ្រឿងមានដឹកដូង ម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ កំពុងស្ពឺ២A-២៧២៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខារថយន្តមួយគ្រឿងទៀតជិះគ្នា២នាក់ម៉ាកតាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២K-២៧៥៦ អ្នកបើកបរ និងអ្នករួមដំណើរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តគ្រឿងម៉ាកតាកូម៉ាបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងបត់ឆ្លងផ្លូវពីកើតទៅលិច ហើយបត់ឆ្វេងជាន់ហ្វ្រាំងឈប់ ស្រាប់តែរថយន្តកូរ៉េមួយគ្រឿងមានដឹកដូងម៉ាកទីតាន់ បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របគ្នាក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនជាប់ក៏បុករថយន្តម៉ាកតាកូម៉ាពីខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទាតធ្លាក់ចូលទៅក្នុងទឹកបឹងឈូករងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំណែករថយន្តបង្កព្យាយាមបើកគេចបានចម្ងាយ១០០ម៉ែត្រក៏បែកធុងទឹកទៅមុខលែងរួច បន្ទាប់មកអ្នកបើកបររត់គេចខ្លួនចោលរថយន្តតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សហការជាមួយកំលាំងនគរបាលជំនាញចរាចរណ៍ខណ្ឌយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅថ្ងៃក្រោយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ