ក្រុងហុងកុង ៖ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី កាលពីថ្ងៃទី២១តុលា បានបរិហារអំពើហិង្សារបស់ពួកបាតុករហុងកុងដោយវាយតម្លៃថា អំពើហិង្សាបែបនោះជាការលើកទឹកចិត្តដោយបណ្ដាកងកម្លាំងបរទេស។
ក្នុងបទសម្ភាសន៍មួយជាមួយAFPនៅក្រុងប៉ារីស លោកវ៉ាងយីថ្លែងថាអ្វីដែលកើតមាននាពេលនេះនៅហុងកុង ដាច់ខាតពុំមែនជាបាតុកម្មដោយសន្តិវិធីឡើយ។ នោះជាការបង្កអំពើហិង្សាសុទ្ធសាធ។ ជាអំពើមិនអាចទទួលយកបានទោះជាក្នុងប្រទេសណាក្ដី។ លោកលើកពីពួកជនដែលវាយប្រហារសូម្បីតែបណ្ដាអ្នកដើរនិងប៉ូលិស ហើយបង្កការអុកឡុកធ្វើឲ្យស្ទះដល់ការដឹកជញ្ជូន។
មានកងកម្លាំងបរទេសដែលលើកទឹកចិត្តឲ្យមានអំពើហិង្សាបែបនេះនៅតាមបណ្ដាដងវិថី ក្នុងគោលបំណងបង្កអស្ថេរភាពនៅហុងកុង សាបព្រោះភាពចលាចល បំផ្លាញការរីកចម្រើនជាប្រវត្តិសាស្ត្រដែលក្រុងនោះ ទទួលបាន ចាប់តាំងពីការអនុវត្តនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំ២មក។ ខ្ញុំអាចនិយាយថាកាយវិការយ៉ាងនេះដាច់់ខាតមិនសម្រេចទិសដៅឡើយ។
ប្រមុខការទូតចិនក៏និយាយដែរថា រដា្ឋភិបាលហុងកុងនឹងអាចស្ដារឡើងវិញរបៀបរៀបរយសង្គម ធ្វើឲ្យមានការគោរពនីតិរដ្ឋឡើងវិញស្របទៅតាមច្បាប់ ហើយជាមួយការគាំទ្ររបស់ក្រុងប៉េកាំង ហុងកុងនឹងបន្តអនុវត្តនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំ២។ លោកថាបច្ចុប្បន្នចាំបាច់បំផុតគឺបញ្ចប់អំពើហិង្សា ស្ដារឡើងវិញរបៀបរៀបរយសេដ្ឋកិច្ច និងគ្រប់គ្រងបណ្ដាបញ្ហាដែលទាក់ទិន ក្នុងក្របខណ្ឌនីតិរដ្ឋ។ គ្មានការមិនសប្បាយចិត្តណាមួយយកធ្វើជាលេសដើម្បីបង្កអំពើហិង្សានោះទេ។
ចំណែកប៉ូលិសហុងកុងវិញកាលពីថ្ងៃទី២១តុលាបានធ្វើការសុំទោសជាផ្លូវការ ជាលើកដំបូងចាប់តាំងពីដើមខែមិថុនាដែលកើតមានចលនាតវ៉ាមក ក្រោយការបាញ់ទឹកពណ៌ខៀវទៅលើព្រះវិហារអ៊ិស្លាមមួយនាពេលមុននេះ ក្នុងប្រតិបត្តិការបំបែកពួកបាតុករ។ នៅមុខសារព័ត៌មានលោកCHEUK HAUYIP មេបញ្ជាការតំបន់នៃកងកម្លាំងប៉ូលិសស្រុកKOWLOONខាងលិចថ្លែងថា ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនោះ បណ្ដាតំណាងរបស់ប៉ូលិសបានសុំទោសដោយស្មោះស្ម័គ្រ ចំពោះអ៊ីម៉ាមសំខាន់របស់ហុងកុង និងចំពោះបណ្ដាមេដឹកនានៃសហគមន៍អ៊ិស្លាម។ បណ្ដាអ្នកទទួលខុសត្រូវរបស់ព្រះវិហារអ៊ិស្លាមនោះ អះអាងប្រាប់សារព័ត៌មានថា ពួកគេទទួលយកការសុំទោសនោះ ដែលប្រមុខប្រតិបត្តិក្រុងហុងកុងលោកស្រីការីឡាមក៏បានសុំទោសដែរ។
កាលពីថ្ងៃទី២០តុលាក្រុងហុងកុងជួបប្រទះនឹងបាតុកម្មថ្មី ដែលផ្ទុះអំពើហិង្សាសម្រាប់ចុងសប្ដាហ៍ទី២០ជាប់ៗគ្នា។ មនុស្សច្រើនពាន់នាក់ បានចូលរួមក្នុងបាតុកម្មពុំមានការអនុញ្ញាតនេះ ដែលប្រែក្លាយទៅជាផ្ទុះហិង្សា ពេលពួកបាតុកររ៉ាឌីកាល់បានគប់ដបសាំងដុតនិងដុំថ្មមកលើប៉ូលិស បណ្ដាក្រុមហ៊ុនចិននិងស្ថានីយមេត្រូ។ ប៉ូ៉ូលិសបានតបដោយប្រើកាណុងបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូ។ ការប៉ះទង្គិចគ្នាមានពេញមួយយប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ