ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​សប្បុរសធម៌​បែប​ទំនើប «​អ្នកជា​វីរបុរស​» របស់ វី​តា​ល់ បាន​ត្រឡប់​មក​វិញ​​ជា​ថ្មី​ម្ដងទៀត !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង​លើ​គម្រោង «​អ្នកជា​វីរបុរស​» កាលពី​ខែមេសា​កន្លង​ទៅ​នេះ ដោយ​បាន​រៃ​អង្គាស​ថវិកា​បាន​ចំនួន ៨,៦៥០​ដុ​លា្ល​រ បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​​កុមារ​អង្គរ ខេត្តសៀមរាប វី​តា​ល់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង​លើ​គម្រោង «​អ្នកជា​វីរបុរស​» កាលពី​ខែមេសា​កន្លង​ទៅ​នេះ ដោយ​បាន​រៃ​អង្គាស​ថវិកា​បាន​ចំនួន ៨,៦៥០​ដុ​លា្ល​រ បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​​កុមារ​អង្គរ ខេត្តសៀមរាប វី​តា​ល់ បាន​សម្រេច​បន្ត​គម្រោង​សប្បុរសធម៌ «​អ្នកជា​វីរបុរស​» ជា​លើក​ទី​២​ទៀត ដោយ​មានការ​សំណូមពរ​ជា​ច្រើន​ពី​អតិថិជន ក៏​ដូច​ជា​ប្រិ​យ​មិត្ត​នៅ​តាម​បណ្ដាញ​សង្គម ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែតុលា ឆ្នាំ​២០១៩ នេះ​នៅ​ផ្សារ​ទំនើប​អ៊ី​ដេ​ន​ហ្គា​ដិ​ន ។

«​អ្នកជា​វីរ​បុ​រ​» គឺជា​គម្រោង​សប្បុរសធម៌​មួយ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​រួមចំណែក​ក្នុង​ការ​បរិច្ចាគ​ជា​ថវិកា​ជា​លក្ខណៈ​បុគ្គល​ចូល​ក្នុង​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដោយ​គ្រាន់​ជាវ​ទឹក វី​តា​ល់ តាម​ទូ​លក់​ភេសជ្ជៈ​ស្វ័យប្រវត្តិ​ទាំង ១៨​ទូ នៅ​ទូ​ទាំង​រាជធានី ។ គម្រោង​លើក​ទី​២​នេះ មាន​រយៈ​ពេល ១​ឆ្នាំ​ពេញ​ដោយ​យើង​រំពឹង​ថា នឹង​ទទួល​បាន​ថវិកា​កាន់តែ​ច្រើន​ជាង​មុន ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​ការ​ប្រើប្រាស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ការ​បង្កើត​គម្រោង​នេះ​ឡើង​គឺ​ផ្អែក​លើ​គោល​បំណង​ធំ​ៗ ៣​គឺ ៖

១- ដើម្បី​ពង្រឹង​វប្បធម៌​ចែករំលែក​ជា​លក្ខណៈ​បុគ្គល
២- ផ្សា​ភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយនឹង​ម៉ាស៊ីន​បែប​ទំនើប
៣- ប្រមូល​ថវិកា​តាម​រយៈ​ការ​លក់​ទឹក ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ជាមួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន «​វី​តា​ល់​» បាន​មាន​ប្រសាសន៍​​ថា ផ្អែក​លើ​មូលនិធិ ២៥៛ វី​តា​ល់ បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​បែប​ទំនើប​នេះ​ជា​លើក​ទី ២ ហើយ​លោក​ជំទាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មានការ​ចូលរួម​ពី​អ្នកគាំទ្រ​គ្រប់​ទិស​ទី​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​មុន ។

លើស​ពី​នេះ លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន វី​តា​ល់ ដែល​តែងតែ​ចូលរួម​ចំណែក​​នៃ​គ្រប់​ការងារ​មនុស្សធម៌ និង​ស្នើ​សុំ​ឱ្យ​មានការ​ចូលរួម​គាំទ្រ​គម្រោង​មួយ​នេះ ដើម្បី​អាច​អោយ វី​តា​ល់ ប្រមូល​បាន​ថវិកា​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់ មូលនិធិ​គន្ធ​បុប្ផា ក្នុង​កិច្ច​ការងារ​គាំពារ និង​ព្យាបាល​កុមារ​កម្ពុជា​ឱ្យ​បាន​ប្រសើរ ។

លោក​ជំទាវ ងួ​ន សុខា នាយិកា​ប្រតិបត្តិ មូលនិធិ​គន្ធ​បុប្ផា បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ដោយ​មោទនភាព​ចំពោះ​ការ​សហការ​ជាមួយ វី​តា​ល់ សម្រាប់​គម្រោង​កម្មវិធី «​អ្នកជា​វីរបុរស​» លើក​ទី​២ ។ លោក​ជំទាវ​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ អំពី មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ផ្តល់​ឱកាស​ដល់​សាធារណជន​ចូល​រូ​ម​ក្នុង​ការ​បរិច្ចាគ​ចូល​ក្នុង​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ ថែម​ទៀត​ផង ។

លោក​ជំទាវ ក៏​បាន​ស្ងើចសរសើរ​ដល់​ក្រុមហ៊ុន វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​គម្រូ​យក​ចិត្តទុកដាក់​ចំពោះ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ជា​ពិសេស​ជាមួយ​មូលនិធិ​គន្ធ​បុប្ផា ។ ហើយ​ចំពោះ​ថវិកា​ដែល​បាន​បរិច្ចាគ​លើក​នេះ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា នឹង​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បំផុត​សម្រាប់​កុមារ​កម្ពុជា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​គម្រោង​ថ្មី​មួយ​របស់​វី​តា​ល់ ដើម្បី​រៃ​អង្គាស​ថវិកា ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា បន្តបន្ទាប់​គម្រោង​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​កន្លង​មក​ដូច​ជា ការ​ជិះ​កង់​ប្រចាំឆ្នាំ​នៅ​ខេត្តសៀមរាប ការ​ចុះ​ឈ្មោះ​បុគ្គលិក​ទាំងអស់​របស់​វី​តា​ល់ ចំនួន ៨០៨ នាក់​ជា​សមាជិក​ប្រចាំឆ្នាំ រួម​នឹង​សកម្មភាព​ដទៃ​ជា​ច្រើន​ទៀត ។

ផ្អែក​លើ​កញ្ចប់​ថវិការ ២៥៛ វី​តា​ល់ ប្តេជ្ញា​ថា​នឹង​បន្ត​ចូលរួម​បន្ថែម​ទៀត​រាល់​សកម្ម​ភាពល្អ​ៗ ក្នុង​សង្គម​ដើម្បី​ជា​សក្ខីភាព​នៃ ការ​ចូលរួម​របស់​អតិថិជន វី​តា​ល់ ។ អតិថិជន​គ្រាន់តែ​ជាវ​ទឹក​ពិសា វី​តា​ល់ មាន​ន័យ​ថា អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូលរួម​ចំណែក​នៃ​ការ​ជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន ។ «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»៕​ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ