ខេត្តព្រៃវែង ៖ ទំនិញខូចគុណភាពចំនួន១៨៣.៣គីឡូក្រាម ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រៃវែងរកឃើញនិងដកហូតយកទៅបំផ្លាញចោល ក្នុងពេលចុះទៅត្រួតពិនិត្យផលិតផលម្ហូបអាហារនៅក្នុងផ្សារពាមរក៍ កាលពីព្រឹកថ្ងៃទី២២ តុលា។
ក្នុងការចុះត្រួតពិនិត្យទំនិញក្នុងផ្សារនេះដែរ មន្ត្រីជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការវិភាគបឋមទៅលើផលិតផលចំណីអាហារ និងភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខ ហើយជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ ប៉ុន្តែបានរកឃើញទំនិញខូចគុណភាពហួសថ្ងៃកំណត់ប្រើប្រាស់ជាច្រើនមុខសរុបចំនួន១៨៣.៣គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារដែលហួសថ្ងៃកំណត់ប្រើប្រាស់ជាបន្តទៀត និងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅកម្ទេចចោលផងដែរ។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ព្រមទាំងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ