រាជធានីភ្នំពេញ ៖ កម្ពុជា និងមហាមិត្តចិនបានចុះអនុស្សរណៈយោគយល់ធ្វើកិច្ចព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកងទ័ព ។ នេះបើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ។
លោក ឈុំ សុជាត បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២២ តុលា នេះយ៉ាងដូច្នះថា អំឡុងទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ចិន ។
លោកបន្តថា មិត្តភាពរវាងប្រទេសទាំងពីរប្រៀបដូចដែកថែបក្នុងដំណាក់កាលនៃការដឹកនាំរបស់របស់លោកប្រធានាធិបតី ស៊ី ជីនពីង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានលក្ខណៈគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ហើយស្ថិតក្នុងកម្រិតខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ ។
លោកបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរបានក្លាយទៅជាយន្តការមួយដែលបានជួយជំរុញដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងចិន»។
លោកបានសរសេទៀតថា នៅក្នុងឱកាសជំនួបជាមួយលោក វ៉េ ហ្វ៊ុងហឺ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញថា ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានចាប់ផ្តើមដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានពង្រឹង និងពង្រីកថែមទៀតយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
សម្តេចពិជ័យសេនាបានវាយតម្លៃខ្ពស់ និងមានជំនឿជឿជាក់ជាមួយតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសចិន ជាពិសេសតួនាទីរបស់កងទ័ពរំដោះប្រជាជនចិនដែលបានចូលរួមយ៉ាងស្វាហាប់ និងយ៉ាងមោះមុតក្នុងការកសាង និងអភិវឌ្ឍ ចំពោះសន្តិភាព និង ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងផ្តល់ការជួយ ឧបត្ថម្ភក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនកម្រិតនៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើនប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និង អន្តរជាតិផងដែរ ដែលបានធ្វើឱ្យទំនាក់ទំនងកងទ័ពទាំងពីរកាន់តែរឹងមាំ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ