អាកាសធាតុក្តៅធ្វើឱ្យតម្រូវការម៉ាស៊ីនត្រជាក់កើនឡើងមិនថាតែនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាដែលប្រជាជនមានជីវភាពធូរធាបំពាក់តាមគេហដ្ឋាន ឬកន្លែងនានា ។ តម្រូវការនេះក៏ផ្តល់ការងារដល់មនុស្សជាច្រើនដែលធ្វើការងារជាជាងជួសជុលម៉ាស៊ីនត្រជាក់ ។
ការជួសជុលលាងសម្អាត និងតម្លើងបានក្លាយជាការងារដែលអាចផ្តល់កម្រៃគ្រប់គ្រាន់បើទោះបីជាមានការលំបាកខ្លះក្តី ។ អ្នកប្រកបរបរលក់ និងជួសជុលម៉ាស៊ីនត្រជាក់បានឱ្យដឹងថា ការងារគឺមានសឹងរាល់ថ្ងៃគ្មានលស់ថ្ងៃទេដោយជាមធ្យមអាចរកបានពី៥០ទៅ១០០ដុល្លារក្នុងមួយថ្ងៃ ។
ជាមួយនឹងដៃកាន់ទុលឺវ៉េសលោក ប៉ូវ៉ាន់ដា អាយុ៤០ឆ្នាំ ដែលជួសជុលម៉ាស៊ីនត្រជាក់ជាង១០ឆ្នាំមកហើយបាននិយាយថា ភាគច្រើនភ្ញៀវហៅលោកទៅលាងម៉ាស៊ីនត្រជាក់ និងជួសជុលដល់គេហដ្ឋានផ្ទាល់តែម្តង ហើយចំពោះការតម្កើងគឺពិបាកបន្តិចព្រោះត្រូវចំណាយកម្លាំងមនុស្ស២ទៅ៣នាក់តាមស្ថានភាពជាក់ស្តែងដោយសារកន្លែងខ្លះពិបាកដូចជានៅកន្លែងខ្ពស់ៗ ។ លោកនិយាយថា តម្លៃលាងសម្អាត និងតម្លើង គឺពី១០ទៅ១៥ដុល្លារដោយអាស្រ័យតាមទីតាំង និងកន្លែង ។
ចំណែកលោក ហ្វីឡុង ស្រេង អ្នកលក់ និងជាអ្នកជួសជុលម៉ាស៊ីនត្រជាក់បានឲ្យដឹងថា មួយថ្ងៃៗលោកសឹងតែគ្មានពេលវេលាហូបបាយទេដោយសារតែរវល់នឹងការងារមួយនេះ ព្រោះលោកត្រូវទទួលតម្លើងម៉ាស៊ីនត្រជាក់ឲ្យគេជាច្រើនកន្លែងជាពិសេសគឺអគារធំៗ ។
ពាក់ព័ន្ធនឹងផលលំបាកនៃការជួសជុលលាងសម្អាត និងតម្លើងម៉ាស៊ីនត្រជាក់លោក ហ្វីឡុង ស្រេង បានបញ្ជាក់ថា អ្នកខ្លះគេតែងនិយាយថា គ្រាន់តែតម្លើងគ្មានអីពិបាកទេហើយលាងសម្អាតវិញក៏គ្មានអ្វីពិបាកដែរប៉ុន្តែទាល់តែដែលជាអ្នកធ្វើទើបពិបាកព្រោះទីតាំងខ្លះមានកន្លែងខ្ពស់សូម្បីដាក់ជណ្តើរឡើងក៏មិនដល់ផង ។ លោកនិយាយថា ដូច្នេះលោកត្រូវប្រើប្រាស់ខ្សែក្រវ៉ាត់ដើម្បីចៀសវាងហានិភ័យកើតឡើងជាយហេតុ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ