សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងតែធ្វើការពិចារណាក្នុងការដកអត្ថប្រយោជន៍សេដ្ឋកិច្ចចេញពីប្រទេសកម្ពុជា បន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងកាលពីឆ្នាំមុន។ គណបក្សកាន់អំណាចទទួលបានអាសនៈសភាទាំងអស់ ពីព្រោះតែគណបក្សប្រឆាំងមិនអាចដំណើការបាន។ មេដឹកនាំបក្សប្រឆាំងត្រូវបានគេដកសិទ្ធិក្នុងការធ្វើនយោបាយ ហើយគណបក្សរបស់ពួកគេទៀតសោតត្រូវបានរំលាយ។
តាមរយៈស្តង់ដារបស់លោកខាងលិច ការបោះឆ្នោតនៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា មានស្តង់ដាប្រជាធិបតេយ្យតិច ខណៈដែលលទ្ធផលគឺមានភាពអយុត្តិធម៌។ ទោះយ៉ាងណា គ្មានការតវ៉ាណាមួយកើតឡើងផងដែរ។ ផ្ទុយទៅវិញ វាបែរជាមានអារម្មណ៍ធូរស្បើយពីសំណាក់ប្រជាជនទៅវិញ នៅពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់។
ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ បាននិងកំពុងកើនឡើងជាលំដាប់ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ ដែលធ្វើអោយប្រទេសនេះក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក។ រាជធានីភ្នំពេញ កាន់តែដើរតាមទីក្រុងអាស៊ីដ៏ទំនើប ដែលមានសណ្ឋាគារលំដាប់ផ្កាយ ៥ អគារខ្ពស់ៗ និងភោជនីយដ្ឋានប្រណីតជាច្រើន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការគ្មានភាពក្រីក្រធ្ងន់ធ្ងរ ខណៈដែលករណីនេះត្រូវបានគេមើលឃើញញឹកញាប់នៅតាមទីក្រុងធំៗនៅលើពិភពលោក។
ខេត្តសៀមរាប ដែលមានបឹងទន្លេសាបបានជម្រុញវិស័យទេសចរណ៍អន្តរជាតិឲ្យទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ ចំណែកឯក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងឈូងសមុទ្រថៃវិញ កំពុងតែមានការរីកលូតលាស់ជាមួយនឹងវិស័យកំពង់ផែក្នុងការបង្កើនចំនួនកុងតឺន័រដែលផ្ទុកទៅដោយសម្លៀកបំពាក់ កង់ និងផលិតផលផ្សេងៗទៀត សម្រាប់ទីផ្សារពិភពលោក។ ការវិនិយោគរបស់ប្រទេសចិន និងជប៉ុន កំពុងតែហូរចូលមក ដែលវាហាក់ដូចជាមានការប្រកួតប្រជែងរវាងគ្នានឹងគ្នា។
ខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីនៅឆ្នាំ១៩៩៩។ នៅតាមដងផ្លូវទៅកាន់ប្រាសាទអង្គរវត្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចម ប្រសិទ្ធ បានធ្វើការលើកឡើងពីចំណុចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួចផុតពីការវាយប្រហារមួយកាលពីពីរសប្តាហ៍មុន។ ប្រទេសកម្ពុជានៅពេលនោះ មិនមែនជាប្រទេសដែលមានសុវត្ថិភាពខ្លាំងនោះទេ ខណៈដែលអាវុធមាននៅគ្រប់ទីកន្លែងទាំងអស់។
ស្ត្រីអ្នកគ្រប់គ្រងសណ្ឋាគារផ្នែកធនធានមនុស្សសញ្ជាតិសិង្ហបូរីមួយរូប ត្រូវប្រឈមមុខជាមួយនឹងបុគ្គលិកម្នាក់ដែលមានគ្រាប់បែកនៅក្នុងដៃ។ នៅពេលនោះស្ត្រីរូបនោះ ត្រូវចំណាយរយៈពេលជាងមួយម៉ោងដើម្បីបញ្ចុះបញ្ចូលឱ្យបុគ្គលិកម្នាក់នោះបញ្ឈប់ការប្រើប្រាស់គ្រាប់បែក។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំបានសួរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការប៉ុនប៉ងឆក់យកជីវិតរបស់លោក។ លោកបានឆ្លើយប្រាប់ខ្ញុំថា លោកដឹងច្បាស់ថា អ្នកណាបញ្ជាលើករណីនេះ ប៉ុន្តែលោកមិនបានតបតវិញនោះទេ ក៏ព្រោះតែគោលបំណងសំខាន់របស់លោក គឺដើម្បីទទួលបានសន្តិភាព។
បើគ្មានស្ថេរភាពនយោបាយនោះទេ ប្រទេសកម្ពុជាមិនអាចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចទេ។ មានប្រទេសតិចណាស់ ដែលបានឆ្លងកាត់រឿងដ៏សែនអាក្រក់ដូចដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧០ តាមរយៈការគាំទ្រដោយសហរដ្ឋអាមេរិក ឧត្តមសេនីយ៍ឯក លន់ នល់ បានដឹកនាំរដ្ឋប្រហារប្រឆាំងនឹងសម្តេចសីហនុ ខណៈដែលសហរដ្ឋអាមេរិកយល់ថា វាជាកិច្ចការរារាំងការប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តវៀតណាម។ បើគ្មានសកម្មភាពពីព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដើម្បីឱ្យមានតុល្យភាពទេ ប្រទេសមួយនេះ ប្រាកដជារលាយទៅជាសង្គ្រាមស៊ីវិលយ៉ាងឆាប់រហ័សបាត់ទៅហើយ។
ខ្មែរក្រហមកុម្មុយនិស្តប្រឆាំងនឹងវៀតណាម ទទួលបានជ័យជំនះ និងបានកាន់កាប់ទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ មុនពេលដែលទីក្រុងហាណូយ ដណ្តើមកាន់កាប់សៃហ្គ ននៅខែបន្ទាប់។ កងកម្លាំងសហរដ្ឋអាមេរិកបានចាកចេញពីប្រទេសវៀតណាមខាងត្បូង កាលពីពីរឆ្នាំកន្លងទៅ។
ស្ថិតនៅក្នុងការគ្រប់គ្រងមនោគមន៍វិជ្ជាក្នុងការបង្កើតសង្គមកម្ពុជាឡើងវិញ ហើយមួយផ្នែកទៀតដោយការភ័យខ្លាចថា ប្រទេសវៀតណាមនឹងដាក់សម្ពាធមកលើប្រទេសកម្ពុជា ពួកខ្មែរក្រហមបានជម្លៀសចេញពីភ្នំពេញយ៉ាងឆាប់រហ័ស ហើយបានអនុវត្តរបបប្រល័យពូជសាសន៍ក្នុងសង្គម។ ពេលនោះគឺជាឆ្នាំដែលប្រទេសជាតិធ្លាក់ទៅក្នុងកម្រិតសូន្យ ខណៈដែលគ្មានរដ្ឋមន្ត្រី មន្ត្រី មន្ត្រីជាន់ខ្ពស់កងទ័ព មេដឹកនាំជំនួញ ប្រជាជនវណ្ណៈកណ្តាល មិនមានសមាជិកគ្រួសារ ហើយសាច់ញាតិត្រូវរងទារុណកម្ម និងត្រូវបានសម្លាប់ក្នុងកំឡុងពេលនោះ។
រហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទូចឱ្យប្រទេសកម្ពុជាសងប្រាក់កម្ចីចំនួន ១៥០ លានដុល្លារ ដែលរដ្ឋាភិបាលរបស់លោក លន់ នល់ បានយកទៅទិញស្បៀងអាហារ និងអាវុធមុនពេលអនុញ្ញាតឱ្យធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
ជាគោលការណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុខចិត្តលះបង់ប្រាក់កម្ចីទាំងនេះទៅកាន់រដ្ឋាភិបាលអាមេរិកចំពោះប្រាក់កម្ចីដែលយកដោយ ជនក្បត់ដែលបានបំផ្លាញប្រទេស។ ជាការពិតរដ្ឋាភិបាលសហរដ្ឋអាមេ រិកមានទស្សនៈខុសគ្នាខ្លាំង។
ទោះបីជាមានការសម្លាប់ប្រជាជនស្ទើរតែទាំងស្រុង ដោយខ្មែរក្រហមកាលពីប៉ុន្មានទសវត្សរ៍មុនក៏ដោយ សង្គមកម្ពុជាកំពុងតែមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ វាគឺជាការងើបឡើងវិញដែលមិនគួរឱ្យជឿ ដែលវាហាក់បីដូចជាដើមឈើមួយដែលនៅសល់តែគល់ ហើយបែជារីកលូតលាស់ជាពន្លកថ្មីមកវិញ។
មូលហេតុ គឺត្រូវបានរកឃើញនៅក្នុងឫសគល់នៃសង្គមខ្មែរ។ ចក្រភពខ្មែរមានប្រវត្ដិសាស្ដ្រដ៏យូរលង់ណាស់ចាប់តាំងពីសហវត្សដំបូងមកម្ល៉េះ។ ផ្ទៃដីមានទំហំធំជាងប្រទេសកម្ពុជា បច្ចុប្បន្ន ដែលសព្វថ្ងៃលាតសន្ធឹងដល់ប្រទេសថៃ ឡាវ និងវៀតណាម។
វាត្រូវបានផ្អែកលើប្រព័ន្ធស្មុគស្មាញនៃការគ្រប់គ្រងទឹកនៅក្នុងតំបន់ទន្លេសាប និងដីសណ្តរទន្លេមេគង្គ។ បឹងទន្លេសាបគឺជាធនធានទឹកដ៏ធំមួយដែលលាតសន្ធឹងនៅពេលដែលទន្លេមេគង្គស្ថិតក្នុងស្ថានភាពទឹកជំនន់ហើយរួមតូចក្នុងកំឡុងខែដែលរាំងស្ងួត។ ក្រោមលក្ខខណ្ឌនៃសន្តិភាព សណ្ឋានដី គឺមានសភាពគ្រប់គ្រាន់ដែលអាចជួយឱ្យអារ្យធម៌ខ្មែរដ៏អស្ចារ្យមួយមានការរីកចម្រើន។
ប្រាសាទអង្គរវត្តមានភាពល្បីល្បាញ។ អ្វីដែលគេមិនសូវបានដឹងគឺការរកឃើញនៅភ្នំគូលែនដែលជាទីក្រុងមួយដែលមានទំហំប៉ុនភ្នំពេញសព្វថ្ងៃ។ តាមរយៈរូបភាពផ្កាយរណបបង្ហាញថា អង្គរមានតំបន់ទីក្រុងឧស្សាហកម្មដ៏ធំបំផុតនៅលើពិភពលោកក្នុងអំឡុងសតវត្សទី ១១ ដល់ ១៣។
អរិយធម៌ខ្មែរបានផ្តល់ឱ្យប្រទេសថៃនូវវប្បធម៌ដ៏ខ្ពង់ខ្ពស់ ដែលជាការបង្ហាញដ៏អស្ចារ្យមួយដែលត្រូវបានគេមើលឃើញកំឡុងពេលគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីខែឧសភា នៅពេលដែលព្រះមហាក្សត្របានកាន់ដាវចាស់របស់ខ្មែរដែលជាផ្នែកមួយនៃរាជវង្ស។ នៅសតវត្សរ៍ទី១៣ អធិរាជម៉ុងហ្គោល Yuan Dynasty បានបញ្ជូនបេសកជនជាន់ខ្ពស់ដែលមានឈ្មោះថា Zhou Daguan មកកាន់អង្គរ។ លោកបានស្នាក់នៅ ៣ខែនៅទីនោះហើយបានសរសេររៀបរាប់យ៉ាងលំអិតអំពីភាពរុងរឿងរបស់អង្គរ។
នេះគឺជាអត្ថន័យនៃភាពអស្ចារ្យជាប្រវត្តិសាស្ត្រដែលពន្យល់អំពីការកើតឡើងវិញនៃប្រទេសកម្ពុជា។ បញ្ញវន្តខ្មែរ ដែលបានរួចផុតពីឆ្នាំដែលប្រទេសជាតិត្រូវបានបំផ្លាញ ហើយក្លាយជាជនភៀសខ្លួននៅក្នុងទឹកដីបរទេស មិនដែលភ្លេចថា ពួកគេជានរណានោះទេ ខណៈដែលមនុស្សមួយចំនួនបដិសេធមិនទទួលយកសញ្ជាតិបរទេស។
តាំងពីពេលនោះ មកមនុស្សជាច្រើនបានត្រឡប់មកកាន់ប្រទេសកំណើតវិញ។ ព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីបានចាកចេញដោយស្ទាក់ស្ទើរពីទីក្រុងប៉ារីស ជាកន្លែងដែលព្រះអង្គជាអ្នករបាំដ៏សប្បាយរីករាយ ក្នុងការវិលត្រឡប់ចូលមកកាន់ប្រទេសជាតិវិញ ដើម្បីគ្រងរាជ្យជាព្រះមហាក្សត្រក្នុងការស្ដាររបបរាជានិយម។ ដូចគ្នាទៅនឹងជនរួមជាតិរបស់ព្រះអង្គជាច្រើន ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ជ្រាបពីកាតព្វកិច្ចដ៏ជ្រាលជ្រៅចំពោះប្រជាជនរបស់ព្រះអង្គ។
គ្មានអ្វីដែលចម្លែកនោះទេ ដែលពួកអាណានិគមបារាំងមានការគោរពយ៉ាងខ្លាំងចំពោះអរិយធម៌ខ្មែរ។ នៅឯសារមន្ទីរ Guimet Museum of Paris នៃទីក្រុងប៉ារីស អរិយធម៌ខ្មែរត្រូវបានលើកឡើងជាការគោរពយ៉ាងអស្ចារ្យ។ លោក Jacques Chirac អតីតប្រធានាធិបតីបារាំង បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិល្បៈមួយនេះ ហើយបានបង្ហាញចំណេះដឹងគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលលោកបានឃើញរូបចម្លាក់ខ្មែរដែលត្រូវបានដាក់តាំងបង្ហាញនៅប្រទេសសិង្ហបុរី នៅពេលដែលលោកជារដ្ឋមន្ត្រីក្រសួងការបរទេស។
នៅពេលដែលប្រទេសវៀតណាមមានការបែងចែក ដោយមានការគាំទ្រពីសហភាពសូវៀត ហើយបានឆ្លងចូលប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៨ ដើម្បីកម្ចាត់របបខ្មែរក្រហម មនុស្សជាច្រើនបូករួមទាំងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ ផងដែរបានគិតថា ប្រទេសវៀតណាមដែលគាំទ្រដោយសូវៀតនឹងក្លាយជាម្ចាស់អាណានិគមថ្មីរបស់កម្ពុជាដែលទទួលបានពីបារាំងឥណ្ឌូចិន។
បន្ទាប់ពីរយៈពេល ១០ឆ្នាំ ស្ថិតក្រោមការសម្របសម្រួលសម្ពាធពីប្រទេសចិន សហរដ្ឋអាមេរិក និងអាស៊ាន ប្រទេសវៀតណាមបានដកថយ។ ប៉ុន្មានឆ្នាំក្រោយមកតាមរយៈការតវ៉ាទាមទារប្រាសាទព្រះវិហារ ប្រទេសថៃ និងកម្ពុជា បានឈានដល់សង្គ្រាមនៅឆ្នាំ២០០៨។
ក្នុងសមរភូមិ ទាហានខ្មែរក្រហមដ៏ខ្លាំងក្លានៅខាងកម្ពុជាអាចនឹងក្លាយជាកម្លាំងដែលសំខាន់សម្រាប់តទល់នឹងកម្លាំងថៃ។ តាមរយៈការទទួលខុសត្រូវល្អៗរបស់អាស៊ាន ការយល់ដឹងនិងសន្តិភាពត្រូវបានរក្សា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាបស្ចឹមប្រទេសសម្ដែងការព្រួយបារម្ភថា ប្រទេសកម្ពុជាកំពុងតែមានការជិតស្និតនឹងប្រទេសចិនដែលរីកលូតលាស់ខាងសេដ្ឋកិច្ច។
នៅពេលដែលប្រទេសកម្ពុជា រារាំងបញ្ហានៃសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០១២ និង ២០១៦ មនុស្សជាច្រើនយល់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីផ្គាប់ចិត្តប្រទេសចិន។
ស្របពេលដែលប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ដែលកើតឡើងពីទំនាក់ទំនងល្អជាមួយប្រទេសចិននិងលើកទឹកចិត្តដល់ការវិនិយោគរបស់ចិនលើហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្ម ប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលជំនួសដោយចិនលើសពីការអនុញ្ញាតឱ្យមានអំណាចក្នុងតំបន់ឬអន្តរជាតិណាមួយឡើយ។
សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា កំពង់ផែ និងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីក្នុងក្រុងព្រះសីហនុដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិននឹងប្រែក្លាយទៅជាមូលដ្ឋានយោធាចិន។ តាមរយៈការស្វាគមន៍ការត្រួតពិនិត្យទីតាំងដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅតាមទីតាំងនានា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា វាគ្មានអ្វីដែលត្រូវលាក់បាំងទេ។
នៅពេលដែលទន្លេមេគង្គ គឺជាបន្ទាត់បែងចែករវាងពិភពលោកពីរក្នុងកំឡុងពេលសង្គ្រាមត្រជាក់ប្រទេសកម្ពុជា គឺជាកន្លែងមួយដែលត្រូវបានដណ្ដើមយកកាន់កាប់ដោយប្រទេសមហាអំណាច។ ដោយហេតុថាស្ថានភាពផ្ទៃដីភាគច្រើនរាបស្មើពីទីក្រុងហូជីមិញ ទៅទីក្រុងបាងកក រាល់ប្រទេសទាំងឡាយណាដែលគ្រប់គ្រងប្រទេសកម្ពុជា បានគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួន។ វាបានក្លាយជាវាលពិឃាតក្នុងរបបប្រល័យពូជសាសន៍អស់រយៈពេលជាច្រើនឆ្នាំ។
ដោយមានសន្តិភាព និងការពង្រីកអាស៊ានក្នុងការរួមបញ្ចូលតំបន់ឥណ្ឌូចិនទាំងអស់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែទទួលបានអត្ថប្រយោជន៍ពីកំណើនទេសចរណ៍ ផលិតកម្ម និងកសិកម្ម។ ប្រទេសនេះក៏កំពុងតែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ចូនដែលតភ្ជាប់ប្រទេសវៀតណាមទៅប្រទេសថៃ និងប្រទេសឡាវទៅកាន់សមុទ្រផងដែរ។ គ្មានប្រទេសអាស៊ានណាមួយចង់ឲ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាតំបន់ដែលត្រូវបានបែងចែកទៀតទេ ជាពិសេសប្រទេសកម្ពុជា។
ប្រឆាំងនឹងស្ថានភាពប្រវត្តិសាស្ត្រនេះ វានឹងក្លាយជាកំហុសមួយដែលអាមេរិក និងអឺរ៉ុបត្រូវចាត់វិធានការធ្ងន់ធ្ងរប្រឆាំងនឹងកម្ពុជា។ រួមជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត សហរដ្ឋអាមេរិក និងអឺរ៉ុបបានចូលរួមចំណែកក្នុងការធ្លាក់ចុះនៃប្រទេសជាតិដល់កម្រិតសូន្យ។
ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងអឺរ៉ុបបានផ្តល់ជំនួយនយោបាយ និងសេដ្ឋកិច្ចយ៉ាងសំខាន់ដែលធ្វើឱ្យប្រទេសកម្ពុជា អាចមានលទ្ធភាពដូចដែលយើងបានឃើញសព្វថ្ងៃនេះ។
ជំនួយរបស់សហរដ្ឋអាមេរិកក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅផ្នែកពាណិជ្ជកម្ម GSP និងជំនួយរបស់អឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) នឹងត្រូវបានលុបចោលនៅពេលដែលប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ការដែលប្រព័ន្ធទាំងនេះត្រូវបានបញ្ចប់មុនពេលកំណត់ វាអាចបង្កជាគ្រោះថ្នាក់ដល់ប្រទេសកម្ពុជានិងបណ្តាលឱ្យសហរដ្ឋអាមេរិកនិងអឺរ៉ុបបាត់បង់សុច្ឆន្ទៈ។
ស្របពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួនលើការវិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ពួកគេមិនគួរវិនិច្ឆ័យប្រទេសដោយឈរលើរូបភាពមួយចំនួនដែលកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេត្រូវមើលឲ្យកាន់តែទូលំទូលាយអំពីអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីយុទ្ធនាការវាយលុកបុណ្យចូលឆ្នាំនៅវៀតណាមខាងត្បូងក្នុងឆ្នាំ១៩៦៩ នៅពេលដែលប្រទេសចិនបានដាក់ទណ្ឌកម្មលើប្រទេសវៀតណាម ចំពោះការលុកលុយប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៩ នៅពេលដែលវៀតណាមដកខ្លួនចេញក្នុងឆ្នាំ១៩៨៩ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួចផុតពីការធ្វើឃាតក្នុងឆ្នាំ១៩៩៩ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានរួចផុតពីវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៩ និងអ្វីដែលប្រទេសកម្ពុជាមានសព្វថ្ងៃ។
ទោះបីជាការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ គឺជាព្រឹត្តិការណ៍សំខាន់មួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាក៏ដោយ ក្រុមដ៏ទៃផ្សេងៗបានបន្តប្រយុទ្ធប្រឆាំងនឹងគ្នាទៅវិញទៅមក។
វាជាការលើកលែងទោសដោយផ្អែកលើគោលនយោបាយឈ្នះឈ្នះដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើការដែលលោកបានគ្រប់គ្រងក្នុងការមិនធ្វើសកម្មភាពប្រឆាំងនឹងបុគ្គលដែលមានបំណងចង់សម្លាប់រូបលោក ដែលទីបំផុតបានបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៩៩ និងធ្វើឱ្យប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា អ្វីដែលប្រទេសកម្ពុជាសម្រេចបានក្នុងរយៈពេល២០ ឆ្នាំចុងក្រោយបន្ទាប់ពី សង្គ្រាមអស់រយៈពេលជាច្រើនទសវត្សនេះ គឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាមិត្តទាំងឡាយរបស់កម្ពុជាគួរតែចងចាំថា ប្រទេសនេះនៅតែស្ថិតនៅក្នុងដំណាក់កាលមួយដែលផុយស្រួយ។ យើងគួរតែជួយប្រទេសជាតិឱ្យមានការរីកចម្រើនក្នុងទិសដៅត្រឹមត្រូវ មិនមែនធ្វើឱ្យមានដំណើការរីកចំរើនកាន់តែមានភាពពិបាកនោះទេ។
តាមទស្សនវិស័យរបស់បស្ចិមប្រទេស ប្រទេសជាច្រើនក្នុងអាស៊ានមិនមានភាពល្អគ្រប់គ្រាន់ទៅនឹងស្តង់ដារបស់ប្រទេសខ្លួននោះទេ ប៉ុន្តែវានឹងក្លាយជារឿងដែលខុសដើម្បីធ្វើឱ្យប្រទេសទាំងនេះចុះខ្សោយ។ ជាការពិតណាស់ វាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសលោកខាងលិចក្នុងការគាំទ្រដល់អាស៊ានដែលមិនមែនជាសម្ព័ន្ធដែលពឹងផ្អែកលើប្រទេសមហាអំណាចជាមួយនិងសេដ្ឋកិច្ចរស់រវើក។
គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក George Yeo គឺជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរីចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០០៤ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចាប់ពីឆ្នាំ ២០០៤ ដល់ ២០១១ ។
ប្រភព ៖ កាសែតខ្មែរថាមស៍
បកប្រែដោយ ៖ ភុន ច័ន្ទឧសភា
ដោយសយហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ