ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការគ្នាល្អរវាងវិទ្យាស្ថានប៉ាស្ទ័រ និងក្រសួងសុខាភិបាល បានបង្កើតទីកន្លែងសម្រាប់ចាក់វាក់សាំងបង្ការជំងឺឆ្កែឆ្កួត នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋកាត់បន្ថយក្នុងការចំណាយថវិការច្រើន ទៅកាន់រាជធានីភ្នំពេញនោះ ។ រហូតមកទល់នឹងល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ អ្នកដែលមកទទួលសេវាចាក់វាក់សាំងបង្ការ មានចំនួន៨.៦៨៣នាក់ហើយក៏មិនទាន់មានអ្នកស្លាប់ដែរ ព្រោះតែពលរដ្ឋមានការយល់ដឹងច្រើនឡើងៗ ។
លោក កាន់ សុផល វ័យ៥៧ឆ្នាំ នៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា ថ្មីៗកន្លងទៅគាត់បានដើរជាន់ឆ្កែនៅបរិវេណផ្ទះរបស់ខ្លួន ដោយឆ្កែភ្ញាក់បានខាំត្រូវជើងឆ្វេងបណ្តាលឲ្យចេញឈាម ហើយខ្លាចមានបញ្ហាគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិត ព្រោះបានឃើញគេបង្ហោះតាមបណ្តាញសង្គម Facebook មានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនត្រូវបានឆ្កែឬឆ្មារខាំលើខ្លួនប្រាណ ដោយមានការធ្វេសប្រហែសមិនបានមកចាក់ វាក់សាំងជំងឺឆ្កែឆ្កួតឃើញមានស្លាប់បន្តបន្ទាប់គួរឲ្យព្រួយបារម្ភ ។
លោក កាន់ សុផល បន្តថា កត្តានេះហើយទើបគាត់ប្រញាប់ធ្វើដំណើរតាមមធ្យោបាយម៉ូតូមកចាក់វាក់សាំងនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតមកដល់ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ចាក់សរុបបានចំនួន៣លើកដូច្នេះគាត់លែងព្រួយបារម្ភពីជំងឺឆ្កែឆ្កួត យាយីលើរាងកាយរបស់គាត់ ។ ប្រសិនណាបើមានសមាជិកក្រុមគ្រួសារឬសាច់ញាតិនៅក្នុងភូមិ រងគ្រោះដោយឆ្កែឬឆ្មារខាំត្រូវតែប្រាប់ឲ្យប្រញាប់ ដឹកទៅចាក់ថ្នាំវាក់សាំងការពារដើម្បីកុំឲ្យរងគ្រោះប៉ះពាល់ដល់អាយុជីវិត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ