ខេត្តក្រចេះ ៖ អ្នកភូមិកោះទ្រង់ដែលនិយមការដាំដំណាំក្រូចថ្លុងនិយាយថា ទឹកជំនន់ឆ្នាំនេះដែលមាន
សន្ឋឹកជន់ឡើងខ្លាំង បណ្តាលឱ្យដីកោះជួបការលិចលង់ធ្ងន់ធ្ងរ ក្នុងនោះបង្កឲ្យដំណាំក្រូចដែលទើបតែបានដាំដុះរបស់អ្នកភូមិប្រមាណជាង២ពាន់ដើមត្រូវបានស្វិតរលួយ ។
តំណាងពលរដ្ឋនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ និងជាប្រធានសហគមន៍ទេសចរណ៍ លោកប៊ុត បាន បានឲ្យដឹងនៅថ្ងៃទី២២ តុលា នេះ ដោយលោកចាត់ទុកថា ទឹកជំនន់ឆ្នាំនេះ ជាមហន្តរាយធ្ងន់ធ្ងរមួយដល់ពលរដ្ឋនៅក្នុងសហគមន៍របស់លោក ដែលរកចំណូលប្រចាំថ្ងៃពីដំណាំក្រូចថ្លុងមានចំនួន៤២៦គ្រួសារ ។ ដំណាំក្រូចចំនួនជាង២ពាន់ដើម ដែលរងការជន់លិចពីទឹកជំនន់ និងត្រូវស្វិតរលួយឬសងាប់ទាំងនេះ ជាការដាំដុះរបស់ពលរដ្ឋទាំង២ ភូមិក្នុងសង្កាត់ មានភូមិក្បាលកោះ និងភូមិចុងកោះ ដែលត្រូវបានពួកគាត់ចាប់ផ្តើមការដាំដុះកាលពីរដូវប្រាំងដើមឆ្នាំ។
ពលរដ្ឋថា ពួកគាត់កំពុងតែរកលទ្ធភាពស្តារឡើងវិញនូវដំណាំក្រូចថ្លុងទាំងនេះនិងអំពាវ អំពាវនាវឲ្យអាជ្ញាធរជួយគាំទ្រ ដូចជាផ្តល់ជី និងថ្នាំវ៉ាក់សាំង។ លោក ប៊ុត បាន បានប្រៀបធៀបថា កាលពីឆ្នាំមុនការជន់លិចទឹកជំនន់មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណាំក្រូចថ្លុងដូចឆ្នាំនេះនោះទេ ។ ក្រោយពីការជន់លិចបង្កជាមហន្តរាយដល់ដំណាំក្រូច បន្ទាប់ពីទឹកបានស្រក ពលរដ្ឋនៅលើកោះដែលប្រកបរបរធ្វើចម្ការក៏កំពុងតែមាន ការព្រួយបារម្ភពីជំងឺដង្កូវពីក្នុងដី ដែលកំពុងតែបំផ្លាញដំណាំរួមផ្សំរបស់ពួកគាត់។
បើតាមលោក ប៊ុត បាន ប្រធានសហគមទេសចរណ៍កោះទ្រង់រូបនេះបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋនៅកោះទ្រង់ ដែលនិយមដាំដំណាំក្រូចថ្លុង អាចរកកំរៃបានពីការលក់ផ្លែក្រូច ក្នុងក្រូច១ដើមអាចផ្តល់កម្រៃឲ្យពួកគាត់ក្នុងចន្លោះពី៥០ម៉ឺន ទៅ១លានរៀលក្នុង១ឆ្នាំ ។ កោះទ្រង់ ជាកោះមួយមានទីតាំងនៅកណ្តាលទន្លេមេគង្គ ទល់មុខក្រុងក្រចេះ ។
កោះនេះ ត្រូវបានកាត់ចូលជាសង្កាត់ ក្នុងក្រុងក្រចេះ និងបានចែកចេញជា២ភូមិ គឺភូមិចុងកោះនិងភូមិ ក្បាលកោះ ។ អត្រាពលរដ្ឋរស់នៅលើដីកោះ មានចំនួន៤២៦គ្រួសារ ស្មើនិង១៨៨៣នាក់ ។
មិនត្រឹមតែបានផ្តល់នូវសក្តានុពលអេកូទេសចរណ៍ដ៏សម្បូរបែបនោះទេ នៅលើដីកោះដ៏តូចមួយនេះ ក៏មានដីដែលសម្បូរទៅដោយជីជាតិ សម្រាប់បង្កបង្កើនផលដំណាំកសិកម្មគ្រប់ប្រភេទលើផ្ទៃដីទំហំជាង២២៣ហិកតាដូចជាបន្លែធម្មជាតិ ពិសេសនោះ គឺដំណាំក្រូចថ្លុង ដែលកំពុងតែមានឈ្មោះបោះសំឡេងជាខ្លាំង ធ្វើឲ្យមានការទាក់ទាញលើរសជាតិ និងក៏មានតម្លៃថ្លៃគួរសមផងដែរ ។
ចែករំលែកព័តមាននេះ