ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចចោរ! យកសោថ្ពក់បន្ទប់​ពីក្រៅ​កុំឱ្យ​ម្ចាស់​មកទាន់ អស់៤គ្រឿង​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​​ចំនួន​៤​គ្រឿង ក្នុង​ចំណោម​ម៉ូតូ​ប្រមាណ​១០​គ្រឿង​ ត្រូវ​បាន​ជនសង្ស័យ​មួយ​​ក្រុម​ធ្វើ​សកម្មភាព​គាស់​សោ​​បន្ទប់​មួយកន្លែង​​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ​ដោយឡែក​ម៉ូតូ​​១​គ្រឿង​ទៀត​ត្រូវក្រុមជនសង្ស័យ​អូស​ចេញ​ផុត​ពី​បន្ទប់​ទៅ​ហើយ​ ប៉ុន្តែ​ទុក​ចោល​វិញ ​ដោយសារ​ម៉ូតូមួយគ្រឿងនោះ​​ជាប់​​ច្រវាក់​មានចាក់សោ.យក​ទៅ​មិន​រួច ​តែ​ក្រុមជនសង្ស័យ​ក៏​​បាន​វាយបំបាក់​បូមម៉ូតូផ្នែក​ខាង​ក្រោយ…

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​​ចំនួន​៤​គ្រឿង ក្នុង​ចំណោម​ម៉ូតូ​ប្រមាណ​១០​គ្រឿង​ ត្រូវ​បាន​ជនសង្ស័យ​មួយ​​ក្រុម​ធ្វើ​សកម្មភាព​គាស់​សោ​​បន្ទប់​មួយកន្លែង​​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ​ដោយឡែក​ម៉ូតូ​​១​គ្រឿង​ទៀត​ត្រូវក្រុមជនសង្ស័យ​អូស​ចេញ​ផុត​ពី​បន្ទប់​ទៅ​ហើយ​ ប៉ុន្តែ​ទុក​ចោល​វិញ ​ដោយសារ​ម៉ូតូមួយគ្រឿងនោះ​​ជាប់​​ច្រវាក់​មានចាក់សោ.យក​ទៅ​មិន​រួច ​តែ​ក្រុមជនសង្ស័យ​ក៏​​បាន​វាយបំបាក់​បូមម៉ូតូផ្នែក​ខាង​ក្រោយ បណ្ដាល​ឲ្យ​បាក់​រង​ការ​ខូចខាត ដើម្បី​ដោះ​សោ​​ច្រវាក់​ចេញ​ ​លុះ​ដោះ​មិន​រួច​ទើប​ទុក​ចោល​វិញ​បែប​នេះ​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​៤​ជាន់​ លេខ​២៨៣A ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលំ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្សារ​តាំង​កសាង ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ នេះ​ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ​ ដែល​​ផ្ទះជួល​ខាងលើ​ត្រូវ​​ក្រុមជនសង្ស័យ​​គាស់​លួច​យក​ម៉ូតូ​បែប​នេះ គឺ​កន្លង​មក​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុមជនសង្ស័យ​​គាស់​យក​ម៉ូតូ​បាន​សម្រេច​រួច​មក​​ហើយ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​​ទាំង​៤គ្រឿង​ខាងលើ​​ដែល​ត្រូវ​​ក្រុមជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​​រួម​មាន ១-ម៉ូតូម៉ាកហុង​ដា ​ស៊េរី​ឆ្នាំ​២០១២ ព​ណ៌​​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ៦៤៦៥ (ម្ចាស់មិនចាំស្លាក​លេខ) ​ជា​របស់​យុវជន​ម្នាក់​ឈ្មោះ​ខេ​ង ចាប អាយុ​២១​ឆ្នាំ​ ​ជា​​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​លេខ​១៩​ជាន់​ទី​បួន, ២-ម៉ូតូម៉ាកហងុ​ដា ​ស៊េរី​ឆ្នាំ​២០១៦ ព​ណ៌ក្រហម ពាក់​ស្លាក​លេខ ​បាត់ដំបង ១W-០០៣៨ ជា​របស់​បុរស​ម្នាក់​ឈ្មោះ​ជា ឌី​ណា អាយុ​៣១​ឆ្នាំ​ ​ជា​​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​លេខ​៥​ជាន់​ទី​​ពីរ ។

៣-ម៉ូតូម៉ាកហុង​ដា ​ស៊េរី​ឆ្នាំ​២០១៧ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១BB-៧៦៣២ ជារបស់​បុរស​ម្នាក់​ឈ្មោះ​ផុ​ន សុភាព អាយុ​២៦​ឆ្នាំ​​ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ជាន់​ទី​​បី​ និង​៤-ម៉ូតូម៉ាកហុង​ដា ​ស៊េរី​ឆ្នាំ​២០១៣​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១BO-១៨០៩ ជារបស់​យុវជន​ម្នាក់​ឈ្មោះ​គ្រា ពិសិដ្ឋ អាយុ​២៣​ឆ្នាំ ​ជា​​បុគ្គលិក​សណ្ឋាគារ​វឌ្ឍនៈ ស្នាក់​នៅ​បន្ទប់​លេខ​១៨​ជាន់​ទី​​បី ។ ​ចំណែក​ម៉ូតូ​​មួយគ្រឿង​ដែល​ក្រុមជនសង្ស័យ​​យក​ទៅ​មិន​រួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១DO-៨០១៧ និង​ត្រូវ​​ក្រុមជនសង្ស័យ​​វាយបំបាក់​បូ​ប​ក្រោយ បណ្តាល​ឱ្យរង​ការ​ខូចខាត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា បន្ទប់​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​​គាស់​សោរ​នោះ​គឺជា​កន្លែង​សម្រាប់​ទុក​ម៉ូតូ​របស់​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​នោះ​ទាំងអស់ ប៉ុន្តែ​ម្ចាស់ផ្ទះ​ជួល​មិន​បាន​យក​ថ្លៃ​ឈ្នួល​ដាក់​ម៉ូតូ​នោះ​ឡើយ គឺ​ម្ចាស់​ម៉ូតូ​ជា​អ្នក​ទុកដាក់​និង​ថែរក្សា​ខ្លួនឯង​ ។ ​មិនតែប៉ុណ្ណោះ​ ជា​ទម្លាប់​ គឺ​តែងតែបាន​បិទទ្វារ​បន្ទប់សម្រាប់ដាក់​ម៉ូតូ​​យ៉ាង​យូរ​នៅ​វេលា​ម៉ោង​១០​ ឬ​១០និង​៣០​នាទី​យប់​ជា​រៀងរាល់ថ្ងៃ ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​២១ ខែតុលា ក៏​ដូច​ពេល​កន្លង​ម​ក​ដែរ បន្ទាប់​ពី​រៀបចំ​ទុកដាក់​ម៉ូតូ​រួចរាល់​ហើយ​ ម្ចាស់​​ម៉ូតូ​បាន​ឡើង​ទៅ​ដេក​នៅ​តាម​បន្ទប់​រៀង​ៗ​ខ្លួន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ម្ចាស់ម៉ូតូ​ក៏​បានដេក​​លង់លក់​យ៉ាង​ស្កប់ស្កល់​ ហើយ​មិន​បានដឹង​ថា​ក្រុម​ជនសង្ស័យ​​មាន​គ្នា​ប៉ុន្មាន​នាក់​ និង​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​សោបន្ទប់​​លួច​យក​ម៉ូតូ​តាំងពី​ពេល​ណា​នោះ​ឡើយ​។ រហូត​ដល់​វេលា​ម៉ោង​៦​និង​២០​នាទី​ថ្ងៃ​កើតហេតុ ក្រោយ​ភ្ញាក់ពីដេក​ចុះ​ទៅ​យក​ម៉ូតូ​ដើម្បី​ជិះ​ចេញ​ទៅ​ធ្វើការ ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​របើក​ហើយ​បាត់​ម៉ូតូ​មួយ​ចំនួន ទើប​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែម្តង ។ ​ចំណែក​បន្ទប់​ជួល​ផ្សេង​ទៀត​ត្រូវ​ក្រុមជនសង្ស័យ​​យក​សោ​ទៅ​ថ្ពក់​ពី​ក្រៅ​ដើម្បី​កុំ​ឲ្យ​ម្ចាស់​ចេញ​មក​ទាន់​។

​ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​កា​កាប​២​បាន​ចុះ​ទៅ​ត្រួតពិនិត្យកន្លែងកើតហេតុ​​ជាក់ស្ដែង ​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ក្រុម​​ជនសង្ស័យទាំងនោះ​ ព្រមទាំង​ហៅ​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​​នគរបាល​។ ចំណែក​ម្ចាស់​ម៉ូតូ​ទាំង​៤​នាក់​ដែលរងគ្រោះ​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​កា​កាប​២​ហើយ​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ